ភ្នំពេញៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ចេញវិធានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មដែលមានវិសាលភាពអនុវត្តន៍ចំពោះការដាំដុះការផលិតការផ្គត់ផ្គង់ក្នុងស្រុកឬការនាំចេញស្រូវអង្ករពោតសណ្ដែកម្រេចដំឡូងមីគ្រាប់ស្វាយចន្ទីជ័រកៅស៊ូមៀនប៉ៃលិនស្វាយចេកការចិញ្ចឹមសត្វវារីវប្បកម្មនិងផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។
នេះបើយោងតាមប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី២០ខែមីនាឆ្នាំ២០២៤ដែលមាន៦ប្រការបានចែងនៅក្នុងប្រកាសនេះ។
ក្នុងប្រការ៣បានចែងថាផលិតផលកសិកម្មដែលត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះផលិតផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញស្រូវអង្ករពោតសណ្ដែកម្រេចដំឡូងមីគ្រាប់ស្វាយចន្ទីជ័រកៅស៊ូមៀនប៉ៃលិនស្វាយចេកការចិញ្ចឹមសត្វនិងវារីវប្បកម្មក៏ដូចជាការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។
ក្រសួងបញ្ជាក់ថាសហគ្រាសដែលជាអ្នកផ្គត់ផ្គង់ដែលបានរៀបរាប់ខាងលើនេះមិនត្រូវគិតអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់របស់ខ្លួនទេប៉ុន្តែត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូលដែលទាក់ទិននឹងការផ្គត់ផ្គង់។
ចំណែកប្រការ៤បានឱ្យដឹងថាសហគ្រាសដែលធ្វើការដាំដុះផលិតផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញស្រូវអង្ករពោតសណ្ដែកម្រេចដំឡូងមីគ្រាប់ស្វាយចន្ទីជ័រកៅស៊ូមៀនប៉ៃលិនស្វាយចេកការចិញ្ចឹមសត្វវារីវប្បកម្មនិងផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វត្រូវទទួលបានការអនុគ្រោះរហូតដល់ដំណាច់ឆ្នាំ២០២៥។ការអនុគ្រោះនោះរួមមានព្យួរទុកការបង់ពន្ធអប្បបរមាព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស។
បើតាមប្រភពដដែលនេះដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មសហគ្រាសដែលត្រូវបានរៀបរាប់ខាងលើត្រូវបំពេញលក្ខខណ្ឌចាំបាច់មួយចំនួនក្នុងនោះស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋពីអគ្គនាយកដ្ឋានពន្ធដារ, ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬសេវាជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ, កាន់បញ្ជីគណនេយ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននិងដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធប្រចាំខែប្រចាំឆ្នាំទៅតាមទម្រង់ពេលវេលានិងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់។
ចំពោះសហគ្រាសដែលធ្វើការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វត្រូវភ្ជាប់បញ្ជីឈ្មោះសហគ្រាសទទួលការផ្គត់ផ្គង់ជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ។ក្នុងប្រកាសបានរំឭកទៀតថា៖«ក្នុងករណីសហគ្រាសមិនបានបំពេញលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងលើនេះការលើកទឹកចិត្តពន្ធដារនឹងត្រូវបានដកហូត»។
លោកលឹមហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដែលតែងតែស្នើដល់រដ្ឋាភិបាលលើកទឹកចិត្តពន្ធដារដល់ផ្នែកវិស័យកសិកម្មបានសម្តែងការរីករាយដោយបន្ថែមថាវិធានការនេះនឹងជួយសម្រួលដល់ការផលិតផលិតផលកសិកម្មដែលមានតម្លៃទាបនិងបង្កើនការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះផងដែរ។
លោកបន្តថាប្រទេសកម្ពុជាមានវត្ថុធាតុដើមច្រើនជាពិសេសផលិតផលកសិកម្មដូច្នេះលោកជឿថារដ្ឋាភិបាលថ្មីដែលបង្កើតឡើងក្រោយការបោះឆ្នោតនឹងបន្តយកចិត្តទុកដាក់តាមយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលមុនដែលបានកំណត់ប៉ូលសេដ្ឋកិច្ចទី៤ដែលផ្អែកលើវិស័យកសិកម្ម។
លោកបានថ្លែងថា៖«ដូច្នេះគួរតែមានការលើកទឹកចិត្តច្រើនដល់វិស័យនេះជាពិសេសការកែច្នៃឱ្យអស់ពីលទ្ធភាពទាក់ទាញការវិនិយោគក្នុងឧស្សាហកម្មកែច្នៃផលិតដែលជាផលិតផលនិងវត្ថុធាតុដើមក្នុងស្រុក។ដូច្នេះអ្វីដែលយើងអាចកាត់បន្ថយថ្លៃដើមបាននោះមានតែការលើកទឹកចិត្តផ្នែកពន្ធដារលើវិស័យកសិកម្មនេះឯងដើម្បីឱ្យមានភាពងាយស្រួលក្នុងការផលិតដែលមានតម្លៃដើមទាបដើម្បីធ្វើការនាំចេញតាមរយៈការប្រកួតប្រជែងនៅក្នុងទីផ្សារសេរីជាពិសេសទីផ្សារអន្តរជាតិជាមួយបណ្តាប្រទេសជិតខាង»៕