គិតចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ក្នុងឆ្នាំ ១៩៩៣ មក រហូតមកដល់បច្ចុប្បន្ននីតិកាលទី៧ នៅពេលដែលគេនិយាយពីវិស័យសារព័ត៌មាននៅកម្ពុជា ជាពិសេសកាសែតបោះពុម្ព គឺគេនឹងលើកពីកាសែត ភ្នំពេញ ប៉ុស្តិ៍ ដោយសារតែកាសែតជាខេមរភាសា (ខ្មែរ-អង់គ្លេស) មួយនេះ ជាស្ថាប័នដែលផ្តល់ជូនអ្នកអានលើសពីការផ្តល់ព័ត៌មានពិត ឯករាជ្យ ជឿទុកចិត្ត និងឥតលម្អៀង។
ភ្នំពេញប៉ុស្តិ៍ត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេសដំបូងគេ នៅកម្ពុជាគឺបោះពុម្ពលេខទី១ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ១៩៩២ ពោលគឺនៅក្រោយពេលដែលភាគីជម្លោះខ្មែរបានចុះកិច្ចព្រមព្រៀងសន្តិភាព (ឈប់ច្បាំងគ្នា) នាទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃទី ២៣ តុលាឆ្នាំ ១៩៩១ ហើយបានរៀបចំឱ្យមានដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ក្រោមការមើលការខុសត្រូវពីអង្គការសហប្រជាជាតិ ហៅកាត់ថា UNTAC។
ជាកាសែតបោះពុម្ពផ្សាយព័ត៌មានជាតិបែបស៊ើបអង្កេតស៊ីជម្រៅ ឯករាជ្យ ឥតលម្អៀង បទវិភាគដែលជាអត្ថបទសម្រង់សម្តីរបស់អ្នកជំនាញលើកយកមកនិយាយពន្យល់ពីព្រឹត្តិការណ៍នយោបាយជាតិ ឬហេតុការណ៍សំខាន់ៗ បទយកការណ៍ដែលបរិយាយពីស្ថានការណ៍នយោបាយ និងសង្គមនានា ប្រវត្តិមនុស្សល្បីៗរួមនឹងបទសម្ភាសន៍ជាមួយមន្ត្រីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សនយោបាយ ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល រួមទាំងអ្នកជំនាញពីគ្រប់វិស័យ ទាំងក្នុងរដ្ឋាភិបាលនិងក្រៅរដ្ឋាភិបាល រួមទាំងព័ត៌មានដ៏សម្បូរបែបផ្សេងៗទៀត ទាក់ទងសេដ្ឋកិច្ច កីឡា ជីវិតកម្សាន្ត បូករួមទាំងអ្នកសារព័ត៌មានបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈទៀតផងនោះ បានធ្វើឱ្យភ្នំពេញប៉ុស្តិ៍ តែងតែស្ថិតនៅក្នុងចិត្តមិត្តអ្នកអានជានិច្ច។
ជាមួយនឹងភាពសកម្មតាមរយៈការធ្វើជាស្ពាន ក្នុងការផ្តល់ព័ត៌មានឯករាជ្យ ឥតលម្អៀង ពីជ្រុងផ្សេងៗរបស់រដ្ឋាភិបាលទៅប្រជាពលរដ្ឋ ទៅអាជ្ញាធរថ្នាក់ក្រោមជាតិ និងពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងពីប្រជាពលរដ្ឋមករដ្ឋាភិបាលវិញ ភ្នំពេញប៉ុស្តិ៍ប្រៀបបីដូចជាផ្ទាំងកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតក្នុងសង្គម និងក៏ប្រៀបដូចជាបណ្ណាល័យដែលជាផ្នែកដ៏សំខាន់ ១ ក្នុងការផ្តល់ព័ត៌មានដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជាហើយក៏ជាផ្នែកដែលរាជរដ្ឋាភិបាលអាចប្រមូលធាតុចូល យកទៅតាក់តែងជាគោលនយោបាយរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការធ្វើការអភិវឌ្ឍសង្គមជាតិបានផងដែរ។
តាមរយៈការផ្សព្វផ្សាយព័ត៌មានដ៏សម្បូរបែបពីកម្ពុជា បូករួមទាំងការផ្សព្វផ្សាយពីព័ត៌មានពីអន្តរជាតិផងនោះក៏ធ្វើឱ្យភ្នំពេញប៉ុស្តិ៍ប្រៀបបីដូចជាទ្វារឬក៏បង្អួច ១ សម្រាប់ពិភពលោកខាងក្រៅ អាចបើកមើលមកកាន់កម្ពុជា ហើយកម្ពុជាក៏អាចបើកមើលទៅកាន់ពិភពលោកខាងក្រៅបានវិញផងដែរ។ ត្រង់ចំណុចនេះទោះតិចឬច្រើន ភ្នំពេញប៉ុស្តិ៍ ក៏បានចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិឱ្យចូលមកកម្សាន្ត ឬចូលមកដាក់ទុនវិនិយោគបង្កើតការងារ បង្កើនកំណើនសេដ្ឋកិច្ចជាតិ នៅក្នុងប្រទេសសមាជិកអាស៊ាន ១ នេះផងដែរ ពីព្រោះអ្នកទេសចរនិងអ្នកវិនិយោគពីបណ្តាប្រទេសនានា ពួកគេប្រាកដជាធ្វើការស្រាវជ្រាវពិនិត្យផ្ទៀងផ្ទាត់មើលព័ត៌មានពីកម្ពុជា មុនពេលដែលពួកគេសម្រេចចិត្តមកលេងកម្សាន្ត ឬមកដាក់ទុនវិនិយោគនៅក្នុងប្រទេសដែលមានភាពសម្បូរបែបនូវតំបន់ទេសចរណ៍វប្បធម៌ មានប្រាសាទបុរាណដ៏ល្បីល្បាញដែលត្រូវបានចុះបញ្ជីទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។
បន្ថែមពីនេះ ដោយសារតែគុណភាពព័ត៌មាន មានការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ ទើបក្នុងរយៈពេល ៣២ ឆ្នាំកន្លងមកនេះ ភ្នំពេញប៉ុស្តិ៍បានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោកយ៉ាងច្រើន ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានបែបស៊ើបអង្កេតស៊ីជម្រៅ ក្នុងនោះមួយចំនួនក៏មានព័ត៌មានទាក់ទងទៅនឹងការចូលរួមអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃកម្រៗ ដែលជិតផុតពូជនៅលើពិភពលោកប៉ុន្តែនៅមានវត្តមាននៅកម្ពុជាផងដែរ។
លើសពីនេះទៀតដោយសារតែមានការជឿជាក់ទាំងទៅលើគុណភាពនៃព័ត៌មាន និងភាពត្រឹមត្រូវនៃអក្ខរាវិរុទ្ធ អក្សរសាស្ត្រទាំងភាសាខ្មែរ និងអង់គ្លេស កាសែត ភ្នំពេញ ប៉ុស្តិ៍ តែងតែត្រូវបានគេយកទៅធ្វើជាអំណះអំណាង (ឯកសារយោង) នៅក្នុងរឿងក្តីក្តាំនៅតុលាការ ការធ្វើបទបង្ហាញផ្សេងៗការសិក្សាស្រាវជ្រាវ និងថែមទាំងត្រូវបានគេយកទៅបង្រៀន (បង្រៀនបកប្រែភាសា) ទៀតផង។
ក្រៅពីបំពេញការងារជាអ្នកសារព័ត៌មានអាជីពប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ អ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ក៏បានចូលរួមបង្ហាត់បង្រៀនចែករំលែកបទពិសោធន៍ការងារនិងចំណេះដឹងផ្នែកសារព័ត៌មាន ដល់អ្នកជំនាន់ក្រោយជាច្រើននៅក្នុងសហគមន៍មូលដ្ឋាននិស្សិតនៅសាកលវិទ្យាល័យ បុគ្គលិកអង្គការសង្គមស៊ីវិល និងជាពិសេសគឺមន្ត្រីទទួលបន្ទុកព័ត៌មាននៅតាមបណ្តាក្រសួងមួយចំនួនផងដែរ។
ត្រង់ចំណុចនេះហើយ ដែលជាគុណតម្លៃអាចបញ្ជាក់បានថា ភ្នំពេញ ប៉ុស្តិ៍ បានបំពេញការងាររបស់ខ្លួនលើសពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលគ្រាន់តែផ្តល់ព័ត៌មានឯករាជ្យ ពិត ឥតលម្អៀងដែលអាចជឿទុកចិត្តបាន ថែមទាំងជាស្ថាប័នដែលផ្តល់ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសារព័ត៌មានទៀតផង។
ជារឿយៗ ភ្នំពេញ ប៉ុស្តិ៍ បានទទួលការសុំមកធ្វើទស្សនកិច្ចសិក្សាឬកម្មសិក្សា (ហាត់ការ) រយៈពេលខ្លី-វែង ពីសំណាក់និស្សិតរាប់រយនាក់មកពីតាមសាកលវិទ្យាល័យនានា ឬស្ថាប័នអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការបណ្តុះបណ្តាលអ្នកសារព័ត៌មាន ក្នុងនោះក៏មាននិស្សិតនិងអ្នកហាត់ការបរទេសមួយចំនួនផងដែរ។
សរុបជារួមការផ្សាយព័ត៌មានពិតឯករាជ្យ ឥតលម្អៀងពីគ្រប់ជ្រុង, ជាស្ពាន, ជាស្ថាប័នគំរូក្នុងវិស័យសារព័ត៌មាន, ជាកាសែតខេមរភាសា, អ្នកកាសែតប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ, មានព័ត៌មានបែបស៊ើបអង្កេតស៊ីជម្រៅ គួរឱ្យទុកចិត្ត, អាចយកធ្វើជាអំណះអំណាង (ឯកសារយោង), ត្រូវបានគេយកទៅបង្រៀនបកប្រែភាសា, សរសេរអក្សរបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធទាំងខ្មែរ និងអង់គ្លេស, ជាផ្ទាំងកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម, ថែមទាំងប្រៀបបានដូចជាទ្វារ ឬក៏បង្អួច សម្រាប់អន្តរជាតិអាចមើលមកកម្ពុជា ហើយកម្ពុជាក៏អាចមើលទៅពិភពលោកវិញបានផងនោះ ភ្នំពេញ ប៉ុស្តិ៍ នៅតែមានគុណតម្លៃស្ថិតនៅក្នុងចិត្តមិត្តអ្នកអានជាតិ និងអន្តរជាតិជានិច្ច បើទោះបីជាកាសែតនេះត្រូវបញ្ឈប់ការបោះពុម្ពផ្សាយពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះតទៅហើយក៏ដោយ៕