ខ្ញុំបាទឈ្មោះ រិទ្ធ រស្មីកាណាន់។ ខ្ញុំជាអ្នកហាត់ការ នៅកាសែត ភ្នំពេញ ប៉ុស្តិ៍ នៅផ្នែកព័ត៌មាន និងឌីជីថល។ ខ្ញុំជានិស្សិតឆ្នាំទី១ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំមានអារម្មណ៍រីករាយ និងសូមអរគុណសម្រាប់ការផ្តល់ឱកាសឱ្យខ្ញុំ ធ្វើការហាត់ការនៅស្ថាប័នកាសែត ភ្នំពេញ ប៉ុស្តិ៍។ ខ្ញុំតែងមានក្តីស្រមៃចង់ហាត់ធ្វើការនៅទីនេះ ពីព្រោះកាសែតភ្នំពេញប៉ុស្តិ៍ជាស្ថាប័នព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈត្រឹមត្រូវ ដែលបោះពុម្ពផ្សាយជាភាសាអង់គ្លេសមានវ័យចំណាស់ជាងគេ។ ស្ថាប័ននេះក៏ទទួលបានរង្វាន់ មានការទទួលស្គាល់ជាអន្តរជាតិដោយសារសមិទ្ធផលជាច្រើនរបស់ខ្លួននិងត្រូវបានគេចាត់ទុកថា ជាកាសែតមានកំណត់ត្រាក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីខ្ញុំនៅវ័យកុមារមកគ្រួសាររបស់ខ្ញុំតែងតែអានកាសែតនេះជារៀងរាល់ថ្ងៃ ដូច្នេះខ្ញុំក៏ចាប់ផ្តើមមានទម្លាប់ក្នុងការអានកាសែតផងដែរ។ ខ្ញុំមានការកោតសរសើរចំពោះអត្ថបទព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ដែលប្រកបដោយក្រមសីលធម៌ និងមានភាពត្រឹមត្រូវច្បាស់លាស់ជានិច្ច។
ខ្ញុំក៏ជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិផងដែរ (PPIU) ដោយរៀនជំនាញវិទ្យាសាស្ត្រកំព្យូទ័រ (Computer Science)។ ខ្ញុំពិតជាមានការចាប់អារម្មណ៍លើវិស័យឌីជីថល ពីព្រោះតែខ្ញុំបានកត់សម្គាល់ការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យនេះទូទាំងពិភពលោក។ ខ្ញុំក៏ចាប់យកវិស័យនេះ ជាអាជីពរបស់ខ្ញុំផ្ទាល់។
សិស្សច្បងរបស់ខ្ញុំជាច្រើនដែលរៀននៅ DMC ក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅកាសែត ភ្នំពេញ ប៉ុស្តិ៍ ផងដែរ។ ដូចទៅនឹងពួកគាត់ទាំងអស់ដែរ ខ្ញុំក៏ទទួលបាននូវជំនាញផ្សេងៗ និងការបណ្តុះបណ្តាលជាច្រើនពីបងៗដែលធ្វើការនៅទីនោះដែលពួកគាត់មានវិជ្ជាជីវៈ និងបទពិសោធន៍ជាច្រើនឆ្នាំផ្នែកសារព័ត៌មាន។ ពេលចូលការិយាល័យដំបូង ខ្ញុំក៏មានអារម្មណ៍ភិតភ័យបន្តិចបន្តួច ពីព្រោះនេះជាលើកដំបូងរបស់ខ្ញុំ ក៏ប៉ុន្តែបងៗដែលធ្វើការនៅទីនោះមានការទទួលរាក់ទាក់និងស្វាគមន៍ជាខ្លាំង។
បន្ទាប់ពីទទួលបានការពន្យល់ណែនាំពីពួកគាត់ហើយ ខ្ញុំមានការយល់ដឹងច្រើនអំពីការស្រាវជ្រាវ ការសរសេរអត្ថបទជំនាញឌីជីថល ការយល់ដឹងអំពីអក្ខរកម្មព័ត៌មាន និងបែបបទក្រមសីលធម៌ផ្សេងៗ។ ជំនាញទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ខ្ញុំដែលជានិស្សិត ដើម្បីធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់មុនពេលធ្វើការបោះពុម្ពផ្សាយអ្វីមួយហើយការយល់ដឹងអំពីរបៀបធ្វើការ ស្រាវជ្រាវហ្មត់ចត់ដើម្បីប្រមូលព័ត៌មានពីប្រភពពាក់ព័ន្ធ និងសំខាន់ផ្សេងៗ។ ក្តីរំពឹងទុករបស់ខ្ញុំ មុនពេលចាប់ផ្តើមទទួលការហាត់ការ គឺបានសម្រេចបន្ទាប់ពីខ្ញុំបានចំណាយពេលទទួលការបណ្តុះបណ្តាលពីពួកគាត់។
ក្រៅពីនេះ ខ្ញុំកត់សម្គាល់ថា កាសែត ភ្នំពេញ ប៉ុស្តិ៍ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ព័ត៌មានពិត អព្យាក្រឹត និងជាគំរូនៃស្ថាប័នព័ត៌មានចាប់តាំងពីការបោះពុម្ពផ្សាយដំបូងក្នុងឆ្នាំ ១៩៩២។ កាសែត ភ្នំពេញ ប៉ុស្តិ៍ បានបោះពុម្ពព័ត៌មានស៊ីជម្រៅ បទសម្ភាសន៍ បទយកការណ៍ និងព័ត៌មានទាន់ហេតុការណ៍ជាដើម។ កាសែតភ្នំពេញប៉ុស្តិ៍ក៏ដើរតួនាទីជាកន្លែងផ្តល់ការ បណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានក្នុងប្រទេស និងអន្តរជាតិផងដែរ។
ការបោះពុម្ពផ្សាយអាចត្រូវបានគេយកមកប្រើជាឯកសារយោង ឬជាទឡ្ហីករណ៍ផងដែរ។ ស្ថាប័នព័ត៌មាននេះបោះពុម្ពផ្សាយភាសាខ្មែរ និងអង់គ្លេសដែលត្រូវបានយកជាមូលដ្ឋានសម្រាប់ជាគ្រឿងឧបទេសបង្រៀន។ សំខាន់ជាងនេះទៀតនោះគឺកាសែតភ្នំពេញប៉ុស្តិ៍ក៏ដើរតួនាទីក្នុងការចូលរួមអភិវឌ្ឍសង្គម ការអភិរក្សធនធានជាតិ និងវប្បធម៌ជាដើម។ កាសែតភ្នំពេញប៉ុស្តិ៍អាចត្រូវបានគេចាត់ទុកថាជាភ្នែកច្រមុះឱ្យពិភពលោកមើលឃើញស្ថានភាពពិតរបស់កម្ពុជា ហើយកម្ពុជាមើលឃើញព្រឹត្តិការណ៍វិវឌ្ឍន៍ថ្មីៗរបស់ពិភពលោកមកវិញផងដែរ៕