​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្ដេជ្ញា​បញ្ចប់​នូវ​សកម្មភាព​រ៉ែ​ អនាធិបតេយ្យ​ស្ថិតនៅ​ភូមិសាស្ត្រ​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​ជំរុញឱ្យមាន​ការធ្វើ​អាជីវកម្ម​រ៉ែ ដោយ​ស្របច្បាប់ ដើម្បី​បង្កើតឱ្យមាន​ឱកាស​ការ​ងារ នៅនឹងកន្លែង​ និង​ ប្រយោល​ ជាពិសេស​ ចូលរួមចំណែក​ដល់​ការបង្កើត​ប្រភព​ចំណូល​ថវិកាជាតិ​បន្ថែម និង​ការបំបាត់​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​និង​សង្គម​។​

សេចក្តីប្រកាស​ព័ត៌មាន ពី​យុទ្ធនា​ការបង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​របស់​ក្រសួង​រ៉ែ​និង​ថាមពល កាលពី​ថ្ងៃទី​១ ខែមីនា បានឱ្យដឹងថា រយៈពេល​ ៣ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២៨ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា ក្រសួង​រ៉ែ​និង​ថាមពល ដែលមាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី ជា​សេនាធិការ ដោយមាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ក្រោម​កិច្ចសម្របសម្រួល​របស់​ស្ថាប័ន​អយ្យការ​ខេត្តមណ្ឌលគិរី បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅលើ​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​អ​នា​ធិ​តេ​យ្យ​ស្ថិតនៅក្នុង​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

​សេចក្តីប្រកាស​បាន​បន្ថែ​ម​ថា តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នេះ គឺជា​តំបន់​អាជីវកម្ម​រ៉ែ​មាស​បែប​លក្ខណៈ​គ្រួសារ​តាំងពី​អំឡុង​ឆ្នាំ​១៩៨៧ ដែលមាន​ប្រជាពលរដ្ឋ​ប្រកប​របរ​ជីក និង​រែង​មាស​ដោយ​ដៃ​តាម លក្ខណៈ​គ្រួសារ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មានការ​ប្រែប្រួល​ពី​លក្ខណៈ​គ្រួសារ ដែល​ធ្វើ​ដោយ​ដៃ​និង​ឧបករណ៍​សាមញ្ញ ទៅជា​ប្រើ​គ្រឿងចក្រ រំសេវ​ជាតិ​ផ្ទុះ និង​សារ​ធាតុគីមី ដោយមាន​ការជីក​រូង​ជា​អណ្តូងរ៉ែ ក្រោម​ដី​។​

​សកម្មភាព​អនាធិបតេយ្យ​ដែលមាន​ជា​យូរ​មកហើយ​នេះ ក្រសួង​រ៉ែ​និង​ថាមពល​ធ្លាប់បាន​ចុះបង្ក្រាប​កាលពី​ឆ្នាំ ​២០១៧ និង​មានការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​រួចមកហើយ ប៉ុន្តែ​សកម្មភាព​ទាំងអស់នេះ​នៅ តែ​កើតមាន ទោះបីជា​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមណ្ឌលគិរី​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ចុះ​អប់រំ និង ទប់ស្កាត់​ក៏ដោយ​។

បើតាម​ក្រសួង​រ៉ែ និង​ថាមពល ជាក់ស្តែង​នាពេល​ថ្មីៗ​នេះ សកម្មភាព​ជីក​រ៉ែ​អនាធិបតេយ្យ​នៅក្នុង​តំបន់​នេះ នៅតែ​បន្ត​មាន​កាន់តែ​ធ្ងន់ធ្ងរ​ជាមួយនឹង​ការប្រើប្រាស់​សារធាតុ​គីមី រំសេវ​ជាតិ​ផ្ទុះ​ថ្ម​បំបែក និង​ជីក​រូង​អណ្តូងរ៉ែ​ក្រោម​ដី ដែល​អាច​បង្ក​គ្រោះថ្នាក់​បំផុត​។

ក្រៅពីនេះ​សកម្មភាព​អាជីវកម្ម​អនាធិបតេយ្យ​ទាំងនេះ បន្ត​បង្កឱ្យមាន​ការបាត់បង់​ទ្រព្យសម្បត្តិ​ជាតិ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន បង្ក​ជា​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុវត្ថិភាព របស់​អ្នកធ្វើអាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​ខ្លួនឯង ព្រមទាំង​ប្រជាពលរដ្ឋនៅក្នុង​និង​ក្រៅ​មូលដ្ឋាន​។​

​ក្រសួង​រ៉ែ​និង​ថាមពល​ប្ដេជ្ញា​បញ្ចប់​នូវ​សកម្មភាព​រ៉ែ​អនាធិបតេយ្យ និង​ជំរុញឱ្យមាន​ការធ្វើ​អាជីវកម្ម​រ៉ែ ដោយ​ស្របច្បាប់​ដែល​នាំមក​នូវ​ផលប្រយោជន៍​ជាតិ​ជាច្រើន​មាន​ជាអាទិ៍ ការបង្កើតឱ្យមាន​ឱកាស​ការងារ នៅនឹងកន្លែង​និង​ប្រយោល ការចូលរួមចំណែក​ដ​ល់​ការបង្កើត​ប្រភព​ចំណូល​ថវិកាជាតិ​បន្ថែម និង​ការបំបាត់​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​និង​សង្គម ព្រមទាំង​ចូលរួមចំណែក​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​ណាមួយ ការធ្វើ​អាជីវកម្ម​រ៉ែ​ប្រកបដោយ​ចីរភាព​។​

​ជាមួយគ្នានេះ ក្រសួង​រ៉ែ​និង​ថាមពល​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ បញ្ឈប់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ ហើយ​ចូលរួម​ទប់ស្កាត់​ដោយ ធ្វើការ​ជូនដំណឹង​អំពី​សកម្មភាព​រ៉ែ​អនាធិបតេយ្យ​មក​ក្រសួង​រ៉ែ​និង​ថាមពល តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​លេខ ០៩៥ ៧២៧ ៧២៧​។​

​អ្នកសារព័ត៌មាន​បាន​ទាក់ទង​តាមរយៈ​លេខ​ទំនាក់ទំនង​នេះ​នៅ​ថ្ងៃទី​៣ ខែមីនា ដោយ​អ្នកទទួល​មិនបាន​ប្រាប់​ឈ្មោះ បាន​ប្រាប់​ឱ្យដឹងថា ក្រុមការងារ​របស់ខ្លួន បានទទួល​ព័ត៌មាន និង​សេចក្តីរាយការណ៍​ពី​ការធ្វើ​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ និង​ខុសច្បាប់​ជា​បន្តបន្ទាប់  ហើយ​សមត្ថកិច្ច​បាន​ចុះទៅ​បង្ក្រាបបាន​ទាន់ពេលវេលា​។

ជាមួយគ្នានេះ លោក​ក៏បាន​ស្នើសុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ រូបលោក​ជា​អ្នកទទួល​ព័ត៌មាន​សកម្មភាព​រ៉ែ​អនាធិបតេយ្យ និង​មិនមែនជា​អ្នកនាំពាក្យ​ទេ​។

​ជុំវិញ​បញ្ហា​នេះ លោក នាង វណ្ណៈ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី បាន​ប្រាប់ថា មកទល់ពេលនេះ លោក​មិនទាន់មាន​របាយការណ៍​ពី​ករណី​បង្ក្រាប និង​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ ស្ថិតនៅ​ភូមិសាស្ត្រ​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នៅឡើយ​ទេ​។  ប៉ុន្តែ ករណីនេះ​កន្លងមក ក្រសួង​រ៉ែ​និង​ថាមពល ដែលមាន​ការចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ កងរាជអាវុធហត្ថ និង​អាជ្ញាធរខេត្ត​បានរៀបចំ​ផែនការ​ទប់ស្កាត់ និង​បង្ក្រាប​រ៉ែ​អានាធិបតេយ្យ​នេះ​ផងដែរ​។​

​លោក នាង វណ្ណៈ បាន​បន្ថែមទៀតថា រដ្ឋបាលខេត្ត​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​សកម្មភាព​រ៉ែ​អនាធិបតេយ្យ​នេះ ដោយបាន​កំណត់​ឱសានវាទ ឱ្យ​រុះ​រើស​សម្ភារ​ផ្សេងៗ ដូចជា​រំសេវ​ផ្ទុះ ឬ​សារ​ធាតុគីមី ចេញពី​តាំង​ខាងលើនេះ​ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​កន្លងទៅនេះ​។​

​លោក នាង វណ្ណៈ បាន​បញ្ជាក់ថា ៖«​ក្រោយ​បញ្ចប់​ឱសានវាទ​នេះ ជា​បន្ត​បន្ទាប់មក ក្រុមការងារ​ចម្រុះ​ហ្នឹង បាន​ចុះ​ធ្វើការ​ជា​បន្តបន្ទាប់ ហើយ​ខ្ញុំ​ក៏​មិនទាន់​ទទួល​របាយការណ៍​ពី​ការឃាត់ខ្លួន ឬ​ចាប់ខ្លួន​បងប្អូន​ដែល​ប្រក​បរបរ​រ៉ែ​អនាធិបតេយ្យ យ៉ាងណា​នោះ ខ្ញុំ​មិនទាន់​ទទួលបាន​ព័ត៌មាន​ទេ​»៕