លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ប្រកាស​ឱ្យ​សហគ្រាស និង​ក្រុមហ៊ុន​ទាំងអស់ ដែល​ប្រកប​អាជីវកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន​ត្រូវ​មក​បង់ថ្លៃ​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​សុំ​ការអនុញ្ញាត​បើក​ជាថ្មី​ក្នុងករណី​មិន​គោរព​តាម នឹងត្រូវ​ផាកពិន័យ និង​បិទ​អាជីវកម្ម​ជាដើម​។​

លោក​បានប្រកាស​ដូចនេះ​តាមរយៈ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​១ ខែមីនា ដោយ​លោក​បាន​លើកឡើងថា ម្ចាស់​ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ សេវាករ ដែល​ប្រកប​អាជីវកម្ម សេវាកម្ម ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​សហគ្រាស គ្រឹះស្ថាន​បោះ​ពុ​ម្ភ​ផ្សាយ និង​រោង​ពុម្ព ធៀប​ការ ក៏ដូចជា​កន្លែង​ជួសជុល​បរិក្ខារ​គ្រប់​ប្រភេទ និង​ហាង​កាហ្វេ​អ៊ីនធឺណិត​ជាដើម ត្រូវ​មក​បំពេញបែបបទ​សុំ​ការអនុញ្ញាត​បើក​ជាថ្មី នៅ​ឆ្នាំ​២០២៤​នេះ​។​

​លោក​បាន​ឱ្យដឹងទៀតថា ដោយឡែក ប្រភេទ​អាជីវកម្ម និង​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​តាមរយៈ​ប៉ាណូ បណ្ណ​ប្រកាស ប៉ាណូ​យីហោ ផ្លាកសញ្ញា ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ​តាម​ទីសាធារណៈ និង​ជាប់​អគារ​ពាណិជ្ជកម្ម ក៏ដូចជា​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តា​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក៏ត្រូវ​តែ​មក​បំពេញបែបបទ​បង់ថ្លៃ​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន​នៅ​ឆ្នាំ​២០២៤​នេះ​ផងដែរ​។​

លោក សោម ពិសិដ្ឋ បាន​បញ្ជាក់ថា​៖ «​ក្នុងករណី​ម្ចាស់​ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ​ទាំងឡាយណា ដែល​មិនបាន​គោរព នឹងត្រូវ​អនុវត្តតាម​នីតិវិធី​រដ្ឋបាល ដោយ​ធ្វើការ​ផាកពិន័យ ឬ​ផ្អាក​ជា​បណ្ដោះអាសន្ន ឫ​បិទ​ការធ្វើ​អាជីវកម្ម​ជា​ស្ដាពរ​»​។ 

​ដោយឡែក ចំពោះ​ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ​ទាំងឡាយណា ដែល​មិន​មក​ស្នើសុំ​បង់ថ្លៃ​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សុំ​ការអនុញ្ញាត​បើក​ថ្មី ឬ​បន្ត​សុពលភាព​លើ​កស​ផ្លាក​យីហោ​នោះទេ រដ្ឋបាលខេត្ត​នឹង​អនុវត្តតាម​នីតិវិធីរ​ដ្ឋ​បាល ដោយ​ចុះ​ធ្វើការ​រុះរើ​នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងនោះ ដោយ​ដាក់បន្ទុក​ចំណាយ និង​រាល់​ការខូចខាត លើ​ម្ចាស់​អាជីវកម្ម​ជា​អ្នកទទួលខុសត្រូវ​។ 

មួយវិញទៀត ក្នុងករណី​ធ្វើឱ្យប៉ះពាល់​ដល់​ទំនៀមទម្លាប់ ប្រពៃណីជាតិ សោភណភាព សិទ្ធិ​បុគ្គល និង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ម្ចាស់​អាជីវកម្ម សេវាកម្ម ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

លោក​បាន​បន្តថា​៖ «​ដូច្នេះ​សូម​អំពាវនាវ​ឱ្យ​អាជីវករ ពាណិជ្ជករ​ទាំងអស់ ដែល​ប្រកប​អាជីវកម្ម​ប្រភេទ​ខាងលើនេះ មក​បំពេញបែបបទ​បង់ថ្លៃ​សេវា​ផ្សព្វផ្សាយ សុំ​ការអនុញ្ញាត​បើក​ថ្មី ឬ​បន្ត​សុពលភាព​សម្រាប់​ឆ្នាំ​២០២៤ នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​សាលាខេត្ត​កែប​»​។​

ដើម្បីឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ងាយស្រួល​ក្នុងការ​គ្រប់គ្រង ម្ចាស់​ក្រុមហ៊ុន អាជីវករ ពាណិជ្ជករ​ទាំងអស់ ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​អនុញ្ញាត​មុននឹង​ដំណើរការ ឬ​សុំ​បន្ត​សុពលភាព​ចាប់​ពីថ្ងៃ​ជូនដំណឹង​ទៅ​ដែលមាន​រយៈពេល​កំណត់ ៦០​ ថ្ងៃ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក សោម ពិសិដ្ឋ​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា ចំពោះ​ការអនុវត្ត​បែបនេះ វា​ស្របទៅនឹង​ច្បាប់​ប្រកប​អាជីវកម្ម ខណៈ​រាល់​ម្ចាស់​អាជីវករ និង​ពាណិជ្ជ​ករ ដែលមាន​ប្រភេទ​អាជីវ​កម្មជាប់​កាតព្វកិច្ច ត្រូវតែ​មក​បំពេញបែបបទ​បង់ថ្លៃ​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន ក៏ដូចជា​សុំ​ការអនុញ្ញាត​បើក​អាជីវកម្ម​ជាដើម​ទៅតាម​ច្បាប់​កំណត់​។​

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា អ្វីៗ​ដែល​អាជ្ញាធរ​ធ្វើ​នេះ ទៅតាម​គោលការណ៍​ច្បាប់ ហើយ​ប្រសិនជា​ការងារ​ទាំងអស់នោះ​មិន​ដើរ​ទៅតាម​គោលការណ៍​ច្បាប់​នោះទេ វា​អាច​នឹង​ពិបាក​គ្រប់គ្រង ហើយ​ពិបាក​ថា នរណា​ជា​ប្រភេទ​អាជីវកម្ម​ជាប់ពន្ធ​»​។ 

​ដូច្នេះ ពាណិជ្ជករ អាជីវករ​ទាំងអស់ ដែល​ប្រកប​អាជីវកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ជាដើម គួរតែ​មក​បំពេញបែបបទ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ពីព្រោះ​ការងារ​នេះ មិនមែនជា​ការសម្រេច​ថ្នាក់​ខេត្ត​នោះទេ ប៉ុន្តែ​វា​ជាការ​អនុវត្ត​តាមច្បាប់​កំណត់​។ នេះ​បើតាម​ការបន្ថែម​របស់​លោក ហុង វណ្ណៈ​៕