ភ្នំពេញៈ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺទាំងអស់ប្រុងប្រយ័ត្ន និងត្រៀមជួយអន្តរាគមន៍ទាក់ទងនឹងអាកាសធាតុ ខណៈកម្ពុជានឹងជួបគ្រោះក្តៅហួតហែងខ្លាំង ដោយសារតែឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។
តាមរយៈសារជាសំឡេងផ្ញើទៅកាន់មូលដ្ឋានខេត្តកំពង់ស្ពឺនាថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ានី បានលើកឡើងថា ផ្អែកទៅលើការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមនៅក្នុងឆ្នាំនេះ កម្ពុជា នឹងមានបាតុភូតអែលនីណូ នឹងអាចជះឥទ្ធិពលនៅក្នុងតំបន់ រួមទាំងកម្ពុជាផង។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់គ្រប់អាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ ត្រូវចេះសន្សំសំចៃទឹកទុកប្រើប្រាស់ និងត្រូវចាត់វិធានការថែរក្សាទឹក ពិសេសត្រៀមអន្តរាគមន៍ឱ្យបានទាន់ពេល។
លោក ហ៊ុន ម៉ានី បានបន្តថា៖ «តាមក្រសួងធនធានទឹក ឥទ្ធិពលបាតុភូតអែលនីណូ (El Nino) នឹងធ្វើឱ្យមានភ្លៀងកក់ខែ ហើយរដូវវស្សាអាចនឹងមានការយឺតយ៉ាវមកដល់។ អ៊ីចឹងផ្អែកលើមូលដ្ឋាននេះ ខ្ញុំស្នើសុំឱ្យមានការអំពាវនាវឱ្យបានទូលំទូលាយ និងញឹកញាប់ជូនដល់ប្រជាកសិកររបស់យើង ក្នុងការរៀបចំផែនការ ប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់»។
បន្ថែមពីនេះ អាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសហការជាមួយគ្រប់ស្ថាប័ន និងមន្ទីរពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំផែនការ និងត្រៀមខ្លួនអន្តរាគមន៍នៅពេលមានករណីចាំបាច់ណាមួយសម្រាប់ជួយដល់ប្រជាកសិករផងដែរ។
ជុំវិញការអំពាវនាវនេះ លោក វ៉ី ណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ថ្លែងថា គិតមកដល់ពេលនេះ អាជ្ញាធរខេត្តបានទទួលសាររំលឹក និងដាស់តឿនរបស់លោក ហ៊ុន ម៉ានី រួចហើយ ខណៈលោកយល់ថា សារនេះ គឺជារឿងត្រឹមត្រូវ និងចាំបាច់ដើម្បីជំរុញដល់ខេត្តឱ្យចាត់វិធានការ និងត្រៀមខ្លួនឆ្លើយតបឱ្យបានទាន់ពេល។
លោក វ៉ី សំណាង បានថ្លែងថា៖ «បច្ចុប្បន្នយើងមានគណៈកម្មការការងារគ្រោះមហន្តរាយរបស់ខេត្ត ហើយខេត្តក៏បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋយើង ឱ្យត្រៀមនូវវិធានការសង្រ្គោះបឋមចំពោះមូលដ្ឋានដែលខ្វះទឹក ខណៈខេត្តក៏បានណែនាំឱ្យភូមិ ឃុំ ទាំងអស់ណែនាំដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈ និងមិនប្រាស់ទឹកខ្ជះខ្ជាយថែមទៀត»។
លោកអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើប្រព័ន្ធធារាសាស្រ្ត ដោយបានណែនាំឱ្យអនុវត្តធ្វើឱ្យប្រសើរឡើងនូវប្រឡាយរលាំងជ្រៃខាងជើង និងខាងត្បួង ដើម្បីអាចរក្សាទឹក និងធ្វើឱ្យចរន្តទឹកហូរបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ទន្ទឹមគ្នានេះ ខេត្តកំពង់ស្ពឺ មានអាងទំនប់រហូត ៣៧៥ អាងទំបន់ ហើយក្នុងចំណោមនេះ មានខ្លះបានស្តារឡើងវិញ ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងបញ្ហាអាកាសធាតុ។
បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ ២០២៣ កន្លងទៅនេះ ខេត្តកំពង់ស្ពឺ បានអនុវត្តការបង្កបង្កើនផលស្រូវបានជាង១២ម៉ឺនហិកតា និងទទួលរងផលប៉ះពាល់ប្រមាណជាង ៣០០ ហិកតា ដោយសារការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២ ខែមីនា ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យដឹងថា ដោយសារតែទទួលរងឥទ្ធិពលពីបាតុភូតអែលនីណូ អាកាសធាតុនៅកម្ពុជានៅរដូវប្រាំង ឆ្នាំ ២០២៤ នេះសីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគជាច្រើនឆ្នាំកន្លងមក ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ ២០២៣ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។
ដោយឡែក នៅដើមរដូវវស្សា ឆ្នាំ ២០២៤ វិញ ក្រសួងថា សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំកន្លងមក។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំកន្លងមក ហើយមិនសូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។
ក្រសួង ក៏បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ ក្រសួងក៏ឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ ២០២៤នេះ៕