ភ្នំពេញៈ ក្រសួងបរិស្ថានបានបានឱ្យដឹងថា ការជំរុញកសាងសមត្ថភាពសហគមន៍មូលដ្ឋានទៅលើមុខរបរឱ្យមានភាពជឿជាក់ និងអាចម្ចាស់ការលើខ្លួនឯងបានជារឿងសំខាន់បំផុត ក្នុងការរួមចំណែកការពារធនធានធម្មជាតិ។
លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំរបស់អង្គការរីខូហ្វ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី ៤ ខែមីនា នៅសណ្ឋាគារភ្នំពេញ។
ប្រភពដដែលបានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អង្គការរីខូហ្វ បានផ្តល់នូវកិច្ចការងារ និងបទពិសោធន៍ ជាច្រើនដល់សហគមន៍មូលដ្ឋាន ជាពិសេសការងារអភិរក្សតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងការប្រមូលផលអនុផលព្រៃឈើ នៅក្នុងសហគមន៍ រួមទាំងការបង្កើនជីវភាពប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ តម្រូវការចាំបាច់របស់សហគមន៍មូលដ្ឋានក្នុងពេលបច្ចុប្បន្ន និងទៅអនាគតលើការគាំទ្រផ្នែកជីវភាព នៅមានកម្រិត និងមិនទាន់ឆ្លើយតបតម្រូវការបាននៅឡើយ។
លោកបន្ថែមថា តម្រូវការគាំទ្រផ្នែកជីវភាពរបស់សហគមន៍កាន់តែធំ ចំណែកតំបន់អភិរក្សធនធានធម្មជាតិកាន់តែមានកម្រិត និងកំពុងតែមានការប្រឈមជាច្រើន ទៅលើវិស័យផ្សេងៗទៀត។ ហេតុនេះ ការគិតគូរឱ្យខ្ពស់ទៅលើសកម្មភាពជីវភាពរបស់សហគមន៍មូលដ្ឋានគឺជារឿងចាំបាច់។ ចាំបាច់នៅត្រង់ថា ត្រូវធ្វើដូចម្តេចឱ្យទិដ្ឋភាព នៃមុខរបរផ្សេងៗទៀត នៅក្នុងសហគមន៍អាចធ្វើទៅបាន ពិសេសគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចមានភាពម្ចាស់ការលើខ្លួនឯងទៅលើការប្រកបមុខរបរ។
លោកថ្លែងថា៖ «បើសិនជាជីវភាពរបស់គាត់ បានឆ្លងកាត់ទៅលើការមានការងារត្រឹមត្រូវ គាត់នឹងសម្លឹងឃើញនូវភាពចាំបាច់ ក្នុងការថែរក្សាការពារធនធានធម្មជាតិនៅមូលដ្ឋានរបស់គាត់ តែបើជីវភាពរបស់គាត់រួញហើយធាត់[ដោយសារធនធានធម្មជាតិ] គាត់ មើលឃើញធនធានធម្មជាតិនៅមូលដ្ឋានរបស់គាត់ជាតម្រូវការចាំបាច់របស់គាត់»។
លោកបានបញ្ជាក់ថា កន្លងមកបទល្មើសធនធានធម្មជាតិ ដែលកើតឡើង ភាគច្រើនគឺអ្នកនៅមូលដ្ឋានជាអ្នកប្រព្រឹត្តដោយផ្ទាល់ តួយ៉ាងដូចជាការកាប់រានដីព្រៃ និងការចូលព្រៃកាប់ឈើជាដើម ដែលសកម្មភាពទាំងនោះ ពេលខ្លះប្រជាពលរដ្ឋមូលដ្ឋានមិនបានយល់ថា នោះជាការបម្រើប្រយោជន៍ដល់អ្នកមានលុយ ហើយធ្វើឱ្យហិនហោចធនធានធម្មជាតិនោះទេ ព្រោះចំណូលដែលបានមកពីសកម្មភាពទាំងនោះ ជាតម្រូវការចាំបាច់សម្រាប់ពួកគាត់។
លោក Markus Bueril នាយកទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វ៊ីស (SDC) មានប្រសាសន៍ថា កម្ពុជាមានភាពងាយរងគ្រោះក្នុងហានិភ័យផ្នែកបរិយាកាស ដោយសារធនធានផ្សេងៗ ក៏ដូចជាបរិស្ថាន ពឹងផ្អែកលើធម្មជាតិជាច្រើន។ ជាក់ស្តែងនៅតំបន់ដាច់ស្រយាលជាច្រើន សមត្ថភាពសហគមន៍ក្នុងការដោះស្រាយបញ្ហានៅមានកម្រិត ហេតុនេះការកាប់បំផ្លាញព្រៃឈើ ការសឹករេចរឹលព្រៃឈើ ធ្វើឱ្យកាន់តែមានការបាត់បង់ធនធានធម្មជាតិ ហើយការប្រែប្រួលអាកាសធាតុកាន់តែកើនឡើង។
លោកថ្លែងថា៖ «ផែនការយុទ្ធសាស្ត្រ ២០២៣-២០២៨ ដែលយើងកំពុងសម្ពោធ និងផ្សព្វផ្សាយនៅថ្ងៃនេះ នឹងជួយពង្រឹងស្ថាប័នផ្សេងៗ ជាពិសេស ផ្នែកនិរន្តរភាពហិរញ្ញវត្ថុ និងផ្នែកបរិស្ថានដើម្បីផ្តល់សិទ្ធិអំណាច ក៏ដូចជាកសាងសមត្ថភាពដល់ក្រុមអ្នករងគ្រោះដើម្បីឱ្យកាន់តែទទួលបាន ក៏ដូចជាគ្រប់គ្រងទៅលើព្រៃឈើកាន់តែមានប្រសិទ្ធភាពជាងមុន»។
លោកបន្តថា ផែនការយុទ្ធសាស្ត្រនេះ មានបំណងក្នុងការផ្តល់នូវជម្រើសជីវភាពរស់នៅ ដែលមានលក្ខណៈជាបរិយាបន្ន បង្កើនសមត្ថភាពរបស់សហគមន៍ឱ្យមានភាពធន់ និងទទួលបានអត្ថប្រយោជន៍ ពីព្រៃឈើតាមលក្ខណៈសមរម្យ។
លោកថា គោលបំណងនេះគឺស្របគ្នា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលផ្តោតលើកម្មវិធី ៣ សំខាន់គឺ ការអភិវឌ្ឍសេដ្ឋកិច្ចដោយបរិយាបន្ន ដោយមិនទុកអ្នកណាម្នាក់ចោល ទី២ គឺអភិបាលកិច្ច និងការចូលរួមរបស់ពលរដ្ឋ ដោយធ្វើការជាមួយទាំងរាជរដ្ឋាភិបាល ដើម្បីកែលម្អសេវា ដែលផ្តល់ជូនប្រជាពលរដ្ឋ ប៉ុន្តែទន្ទឹមនោះដើម្បីប្រជាពលរដ្ឋអាចចូលរួមចំណែកក្នុងការកែលម្អរដ្ឋាភិបាល វិញផងដែរ។ ចំណែកទី៣ គឺបម្រែបម្រួលអាកាសធាតុ ដែលផ្តោតលើការលំបាកសំខាន់ៗ ដែលមាននៅក្នុងតំបន់ទន្លេមេគង្គ សំដៅការគ្រប់គ្រងទឹក ក៏ដូចជាព្រៃឈើ និងប្រើប្រាស់ឱ្យមាននិរន្តរភាព។
លោកបានឱ្យដឹងថា ភាពជាដៃគូសម្រាប់ធនធានធម្មជាតិ ជាមួយនឹងសហគមន៍ព្រៃឈើ និងសហគមន៍នេសាទនៅកម្ពុជា គឺអង្គការបានធ្វើការជាមួយរាជរដ្ឋាភិបាល តាំងពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០២៣ ដែល Recoftc បានគាំទ្រដល់រហូតដល់ ១៩៥ នៃសហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ក៏ដូចជាក្រុមអ្នកធ្វើការងារនៅតំបន់ការពារធម្មជាតិផងដែរ។
លោកថ្លែងថា៖ «យើងគ្រប់គ្រងជាង ២០០ ពាន់ហិកតា នៃផ្ទៃដីព្រៃឈើដែលផ្តល់ប្រយោជន៍ ដល់ប្រជាជនលើសពី ៣៥ ពាន់នាក់ ហើយយើងនឹងបន្តការគាំទ្រថែមទៀតក្នុងការកសាងសមត្ថភាពស្ថាប័នថ្នាក់តំបន់នេះ តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រថ្មី ២០២៣-២០២៨»។
បើតាមលោក Markus Buerli មួយផ្នែកនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ គឺអង្គការ រីខូហ្វនឹងសហការសម្របសម្រួលអនុវត្តន៍ការងារជាមួយអ្នកពាក់ព័ន្ធទាំងអស់ រួមមាន ស្ថាប័នរដ្ឋ វិស័យឯកជននានា និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីសម្រេចលទ្ធផលដែលមានដូចជា ការលើកកម្ពស់ជីវភាពរស់នៅ ការស្តារតំបន់ទេសភាពព្រៃឈើ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការជំរុញឱ្យមានសមភាពយេនឌ័រ និងបរិយាបន្នសង្គម៕