សីតុណ្ហភាពអតិបរមា​​អាច​នឹង​ឡើង​ដល់ ​៤២​ អង្សាសេ ​នៅ​ចុង​សប្ដាហ៍​នេះ ​ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា ដែល​ជា​ឥទ្ធិពល​នៃ​​បាតុភូត​អែលនីណូ (El Niño) ។

លោក ចាន់ យុត្ថា អ្នកនាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅថ្ងៃ​ទី២៥ ខែ​មេសា​ថា ទោះបី​ជា​បាតុភូត​អែលនីណូ​​កំពុង​ថយ​ចុះ​ក៏ដោយ​ក៏​អាកាសធាតុ​ក្ដៅ​នៅ​បន្ត។

លោក​ថា៖ «តំបន់​ខ្លះ​រហូត​ដល់​ ៤២ អង្សា​​ ជាពិសេស​តំបន់​ខ្ពង់រាប​ភាគខាងជើង​និង​ទំនាប ​កណ្ដាល។​ ជាពិសេស​ចាប់​ពី​ស្អែក​ទៅ (២៦ មេសា) ក្ដៅ​ជាង​ថ្ងៃ​នេះ​នៅ​ខាង​ពាយ័ព្យ​ហើយ​និង​ភាគ​ខាង​ជើង អាច​ដល់ ៤១កន្លះ ឬ ៤២។ ប៉ុន្តែជាទូទៅ​នៅ​ម្ដុំ​ ៤០​អង្សា»។

លោក​ថា​ ចាប់​ពី​សប្ដាហ៍​ក្រោយ​ទៅ​ សីតុណ្ហភាព​មាន​និន្នាការ​ថយ​ចុះ​ ​បន្ទាប់​មក​នឹង​ចាប់​ផ្ដើម​មាន​ភ្លៀង​កក់​ខែ​តិចតួច លាយ​ឡំជាមួ​យផ្គរ​រន្ទះ។

យ៉ាង​ណា​ក៏​ដោយ​ បាតុភូត​អែលនីណូ​ចាប់​ផ្ដើម​ថយ​និង​ជំនួស​ដោយ​បាតុភូតអែនសូ​ (ENSO) ដែល​នៅ​ចន្លោះ​រវាង​អែលនីណូ​និង​ឡានីញ៉ា និង​បន្ត​ដល់​ចុង​​ខែ​មិថុនា។ ក្នុង​ចន្លោះ​ពេល​នេះ មាន​ភ្លៀង​ធ្លាក់​តិច​តួច។

លោក​ថា បាតុភូត​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ និង​​ស្ថាប័ន​ឧតុ​និយម​​​អន្តរជាតិ​ជា​ច្រើន​។​ កាល​ពីមុន​បាតុភូតិ​អែលនីណូនេះ កើតឡើង​មិនសូវ​ញឹក​ញាប់​ទេ គឺ​អាច​ ១០ ​ឆ្នាំ​កើត​ឡើង​ម្ដង ប៉ុន្តែ​បច្ចុប្បន្ន​នេះ​វា​កើត​ឡើង​ញឹក​ញាប់​​ដោយ​កត្តា​ជាច្រើន​រួម​មាន​ទាំង​បម្រែ​ប្រួល​អាកាសធាតុ៕