ទ្រព្យសម្បត្តិ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ដែល​សង្ស័យ​ថា ​ជា​ផល​នៃ​បទ​ល្មើស​គ្រឿង​ញៀន​​​ រួមជាមួយ​នឹង​ប្រាក់​សុទ្ធ​ ៣០​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​រឹបអូស​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​​ដ៏​ធំ​មួយ​កាល​ពី​សប្ដាហ៍​មុន។​

នគរបាល​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៨ ខែ​មេសា​ថា សមត្ថកិច្ច​មក​ពី​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​​មួយ​ដោយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៦​នាក់​នៅ​ទីតាំង​ចំនួន​ ៥​ផ្សេងៗ​គ្នា​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ និង​ខណ្ឌ​ឫស្សីកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​សប្ដាហ៍​មុន។ 

ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​ ៦​នាក់​ដែល​សុទ្ធតែ​ជា​ជន​ជាតិ​ខ្មែរ​​ មាន ៤​​នាក់​ជា​ស្ត្រី ដោយ​មាន​ឈ្មោះ លី ​ប៊ុនមីន ភេទ​ប្រុស ជា​មេខ្លោង ហើយ​ក៏​មាន​ដីកា​ចាប់​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ពី​តុលាការ​ផងដែរ។

ជន​សង្ស័យ​ផ្សេង​ទៀត​មាន​ឈ្មោះ ប៊ុន ណាវី (ស្រី), លី មីង (ប្រុស), ប៊ុន ម៉ាលីស (ស្រី), ស៊ុយ ឆេងឡាង (ស្រី) និង​ កេះ ស្រីពេញ​ (ស្រី)។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​គ្រឿង​ញៀន​ដែល​បាន​ចាប់​យក​រួម​មាន​​មេតំហ្វេតាមីន (ICE) ជាង ១៥៨គីឡូក្រាម, កេតាមីន (Ketamine) ជាង​ ២២គីឡូក្រាម និង​ ហេរ៉ូអ៊ីន​ជាង ​​៧គីឡូក្រាម ដែល​សរុប​ទាំង​អស់​មាន​ទម្ងន់​ជាង​ ១៨៨​គីឡូក្រាម។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជាក់​ថា៖​«[សមត្ថកិច្ច] ចាប់​​យក​ទ្រព្យ​សម្បត្តិ​​ដែល​សង្ស័យ​ថា​​ជា​ផល​កើត​ចេញ​ពី​បទ​ល្មើស​គ្រឿង​ញៀន​ រួមមាន​សាច់​ប្រាក់​ជាង​ ៣០​ម៉ឺន​ដុល្លារ​អាមេរិក និង​អចលន​ទ្រព្យ​ រថយន្ត​ គណនី​ធនាគារ​ មាន​តម្លៃ​ប្រមាណ​​រាប់​លាន​​ដុល្លារ​អាមេរិក»។

សមត្ថិកិច្ច​បាន​បញ្ជូន​វត្ថុតាង​ដែល​បាន​ចាប់​យក និង​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​ទៅ​តាម​នីតិវិធី៕