ភ្នំពេញ៖ ខណៈ​សីតុណ្ហភាព​បាន​កើន​ឡើង​លើស​ ៤០ អង្សាសេ តាម​ការ​ប្រកាស​របស់​ក្រសួងធនធាន​ទឹក និង ឧតុនិយម ក្រសួង​សុខាភិបាល​ក៏បាន​ចេញ​សេចក្តីណែនាំ​ក្រើន​រំឭក​ថា អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ប៉ះពាល់​មនុស្ស​​គ្រប់រូប ជាពិសេស​មនុស្ស​ចាស់ ទារក កុមារ ស្ត្រី​មាន​ផ្ទៃពោះ អ្នក​ធ្វើការ​ក្រៅ​ផ្ទះ អត្តពលិក បុគ្គល​មាន​ប្រព័ន្ធ​ការពារ​រាង្គកាយ​ខ្សោយ។

សេចក្តី​ណែនាំ​ក្រើន​រំឭក ដែល​ចេញ​ផ្សាយ កាល​ពី​ថ្ងៃទី ២៨ មេសា បាន​បន្ត​ថា អាកាសធាតុ​ក្ដៅ​ប៉ះពាល់​ដល់​​​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ​ងាយ​ធ្លាក់​ខ្លួន​ឈឺ ជាយថាហេតុ ដូច​ជា ការ​ខ្សោះ​ជាតិ​ទឹក ជំងឺបេះដូង រលាក​ផ្លូវ​ដង្ហើម ដែល​នាំឱ្យមាន​ជំងឺឆ្លង​ផ្សេងៗ​ជាច្រើន​ទៀត​បណ្តាលមកពី​ការ​ការ​ប្រើ​ប្រាស់​​ទឹក​មិន​ស្អាត និង​ចំណី​អាហារ​ពុំមាន​សុវត្ថិភាព​។ ​

ជាមួយ​ក្ដី​បារម្ភ​ចំពោះ​រលក​កម្ដៅ លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ​បាន​ឱ្យដឹ​ង​ថា នៅ​តាម​សាលា​រៀន​មួយ​ចំនួន ដែល​មាន​សមត្ថភាព​លៃលក​ថវិកា បាន​បំពេញ​ប្រព័ន្ធ​ស្រោច​ស្រព​នៅ​តាម​ទីធា្ល​សាលារៀន​របស់​ពួកគេ​ដើម្បី​កាត់​បន្ថយ​កម្ដៅ​មួយ​ផ្នែក។

លោក​បាន​និយាយ​អំឡុង​ពេល​ប្រជុំ​លើក​ករណី​បញ្ហា​ប្រឈម​នៃ​រលក​កម្ដៅ​ចំពោះ​កុមារ​ទៅ​កាន់​ក្រសួង​ថា៖ «ការ​បំពាក់​ប្រព័ន្ធ​ស្រោចស្រប់​ វា​ត្រូវការ​ថវិកា​ ដែល​សាលា​ជាច្រើន​ទៀត​នៅ​មិន​ទាន់​មាន​លទ្ធភាព​ ហើយ​ការ​ស្រោច​ទឹក​ក្នុង​បរិវេណ​សាលារៀន​ដ៏​ធំ​នេះ​ ត្រូវតែ​ធ្វើ​ឡើង​ដោយ​ជោគជាំ​ បើស្រោច​តិចៗ វាកាន់តែ​ធ្វើ​ឱ្យ​កើន​កម្ដៅ​»។ 

លោក​បានឱ្យដឹងថា ក្រុមការងារ​របស់​មន្ទីរ​នឹង​ចុះ​ទៅកាន់​សាលារៀន​នានា ជាពិសេស​នៅ​តាម​ជាយ​ក្រុង​ដែល​មាន​សិស្សានុសិស្ស​តូចៗ​មួយ​ថ្នាក់​លើស ៦០នាក់ ​អំឡុង​ពេល​វេន​សិក្សា​ថ្ងៃ ដើម្បី​មើល​ឃើញ​ពី​ស្ថាន​ភាព​ផ្ទាល់ និង​រាយការណ៍​ទៅកាន់​ក្រសួង​ ដើម្បី​ឱ្យក្រសួង​ជួយ​ពិចារណា​​រក​ដំណោះស្រាយ​។

ចំពោះការ​ស្នើសុំ​បំពាក់​កង្ហារ​នៅតាម​បន្ទប់​រៀន​មួយ​បាន​គ្រប់គ្រាន់ ប្រធាន​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ លោក ស៊ីណារ៉េត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​យើង​មិន​ចង់​ឱ្យ​មាន​ការ​រៃអង្គារ​ប្រាក់​សិស្សានុសិស្ស​បំពាក់​កង្ហារ​នៅតាម​ថ្នាក់​រៀន ពីព្រោះ​បើ​នាយក​សាលា​ និង​គ្រូ​បន្ទុក​ថ្នាក់​មិន​បាន​ជូន​ដំណឹង​ដល់​អាណាព្យាបាល​សិស្ស​ឱ្យ​បាន​ត្រឹម​ត្រូវ​ វា​អាច​បង្ក​ជាការ​យល់​ច្រឡំ​ផ្សេងៗ​»។ 

យ៉ាងណាមិញ លោក​លើក​ទឹកចិត្ដ​ឱ្យ​សាលារៀន​នីមួយៗ​មាន​វិធានការ​ជាក់ស្ដែង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​កម្ដៅ​នៅតាម​ទីធ្លា​សាលារៀន​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​​ការ​សិក្សា​របស់​សិស្សានុសិស្ស​ ដោយ​រំពឹងថា ក្រសួង​នឹងមាន​វិធានការ​ ខណៈ​រលក​កម្ដៅ​អាច​អូស​បន្លាយ​ពេល​ដល់​បំណាច់​ខែ​ឧសភា​ខាង​មុខ​។ 

ក្រសួង​សុខាភិបាល​ណែនាំ​​ការ​ប្រើប្រាស់​ទឹក និង​ថាមពល​អគ្គិសនី​ឱ្យបាន​សមស្រប មាន​សុវត្ថិភាព និង​រក្សា​សុខភាព ដោយ​លើក​ឡើង​ពី​សារសំខាន់​នៃការ​ទទួល​ទាន​ទឹក​ស្អាត​ដើម្បី​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស។ 

យោង​តាមសេចក្ដី​ណែនាំ​ក្រើន​រំឭក​ បាន​បង្ហាញថា​​៖ «​ផ្ទុយទៅវិញ ​ការប្រើប្រាស់​ទឹក​មិន​ស្អាត​អាច​បណ្តាល​ឱ្យ​មាន​​ជំងឺ ​ដូចជា ​​រាករូស ​រាក​មូល ​​អាសន្នរោគ និង​​គ្រុនពោះវៀន ជាដើម​។ វាក៏​អាច​បណ្តាល​ឱ្យមាន​គ្រោះ​ថ្នាក់​​ដល់​ជីវិត​ផងដែរ ដោយសារ​មេរោគ​នៅក្នុង​ទឹក (​វីរុស បាក់តេរី ដង្កូវ​ព្រូន​) និង​សារ​ធាតុគីមី​ដែល​បង្ក​គ្រោះថ្នាក់»​។ 

ក្រសួងសុខាភិបាល​ណែនាំ​ឱ្យ​​​បរិភោគ​ទឹកស្អាត​ឱ្យបាន​ញឹកញាប់​លើសពី ២​លីត្រ ក្នុង​មួយថ្ងៃ ដោយ​ប្រើ​ធុង​ចម្លោះ ឬ​ដាំទឹក​ឱ្យ​ពុះ ឬ​ប្រើប្រាស់​ទឹក​ដោយ​ប្រើ​ថ្នាំ​​ក្លរីន ឬ​ក្លរ៉ាមីន (​ថ្នាំ​ក្លរីន ឬ​ក្លរ៉ា​មីន ២​គ្រាប់ អាច​លាយ​ទឹក ២០​លីត្រ​) ជាពិសេស​ ​ចូលរួម​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ទឹក និង​ថាមពល​អគ្គិសនី។​

ក្រសួង​សុខាភិបាល​ស្នើ​ឱ្យ​រក្សា​អនាម័យ​ខ្លួន​ប្រាណ ទុក​ដាក់​ម្ហូបអាហារ​មាន​គម្រប​ត្រឹមត្រូវ និង​លាងដៃ​ឱ្យ​បាន​ញឹក​ញាប់ ជាពិសេស​មុន​ញាំ​អាហារ និង​ក្រោយ​ចេញពី​បង្គន់​​ ចៀសវាង​ការ​ពិសារជាតិ​អាល់កុល កាហ្វេ តែ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន ជាតិ​ស្ករ អំបិល​ច្រើន​ដែល​នាំឱ្យ​​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ថយចុះ​។​

ស្លៀក​សម្លៀកបំពាក់​ដែល​ជួយ​ការពារ​កម្ដៅ​ព្រះអាទិត្យ ដូចជា សម្លៀក បំពាក់​ស្រាល រលង់ ពណ៌​មិន​ជិត​ពេក និង​ពាក់មួក​ដែលមាន​គែម​ធំ ឬ​ប្រើ​ឆ័​ត្រ​ធ្វើជា​របាំង​ការពារ​កម្ដៅថ្ងៃ​។​

ចៀសវាង​ការ​ស្លៀកពាក់​ក្រាសៗ​ពេក​ឱ្យ​ទារក ឬ​កុមារ​តូច ឬ​រំ​ពួកគេ​ក្នុង​ភួយ​ដែល​ធ្វើឱ្យ​កម្ដៅ​ពួកគេ​កើន​ឡើង​​បន្ថែមទៀត​ ហើយ​ចៀសវាង​ស្ថិតក្រោម​កម្ដៅថ្ងៃ​ដោយផ្ទាល់​យូរពេក ដោយ​ត្រូវ​រក​កន្លែង​ជ្រក ឬ​របាំង​ការពារ កម្ដៅ​ព្រះអាទិត្យ​។​

ចៀសវាង​ការ​ងូតទឹក​ត្រជាក់​ភ្លាមៗ បន្ទាប់ពី​ត្រឡប់​ពី​កន្លែង​ដែលមាន​កម្ដៅ​ខ្លាំង​ ហើយ​​សមាជិកគ្រួសារ​ត្រូវតែ​តាមដាន​មើល​ឱ្យបាន​ញឹកញាប់ ចំពោះ​មនុស្ស​ចាស់​អាយុ ៦០​ឆ្នាំ​ឡើង ក៏ដូចជា​អ្នក​កំពុងមាន​ជំងឺ កុមារ​ក្រោម​អាយុ ២​ឆ្នាំ អ្នកជំងឺ​ផ្លូវចិត្ត និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ព្រោះពួកគេ​ត្រូវការ​ជំនួយ​។​

ក្រសួង​បាន​បង្ហាញ​ពី​រោគ​សញ្ញា​មួយ​ចំនួន​ថា ​ចំពោះ​អ្នក​មាន​អការ​វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូល​សាច់ដុំ (​រមួលក្រពើ​) ដែល​ទាំងនេះ​ជា​សញ្ញា​ដំបូង​នៃ​ផលប៉ះពាល់​ពី​កម្ដៅ ត្រូវ​ផ្លាស់ប្តូរ​ទៅរក​ទីកន្លែង​ត្រជាក់ និង ត្រូវ​សម្រាក ២ ទៅ ៣​នាទី រួច​ពិសា​ទឹក​ត្រជាក់​យឺតៗ កុំ​ហើយ​បន្តសកម្មភាព ព្រោះ​អាចមាន ហានិភ័យ​ខ្ពស់​។ ត្រូវ​ចៀសវាង​ការ​ចោមរោម​ជុំជិត​អ្នកជំងឺ​ដែលមាន​បញ្ហា​សុខភាព ហើយ​សូម ស្វែងរក​ការ​ព្យាបាល​ភ្លាមៗ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ប្រសិនបើ​មិន​ធូរស្រាល​។​

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ​ទាំងអស់ យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​បន្ទាន់ អំឡុងពេល​អាកាសធាតុ​ក្តៅ ដោយ​ត្រូវ​បើកទ្វារ បង្អួច​ទាំងអស់ ឬ​បន្ថែម​កង្ហារ​បញ្ចេញ​ខ្យល់ ឬ​បឺត​ខ្យល់​ចេញ ក្នុង​អគារ​ធ្វើការ ត្រូវ​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​ពិសា​ដល់​កម្មករ​និយោជិត និង​ណែនាំ​ឱ្យ​ពិសា​ទឹក​ឱ្យបាន​ច្រើន និង​ញឹកញាប់ យ៉ាងតិច ២​លីត្រ​ក្នុង​មួយថ្ងៃ ទោះបី​មិន​ស្រេក​ទឹក​ក៏ដោយ​។​

សេចក្ដីប្រកាស​របស់​ក្រសួង បានឱ្យ​ដឹង​ថា ម្ចាស់ ឬ​នាយក​រោងចក្រ​ទាំងអស់ ត្រូវ​បាញ់​ទឹក​នៅលើ​ដបូល​អគារ​ធ្វើការ​ឱ្យបាន​យ៉ាងតិច ២​ដង​ក្នុង​មួយថ្ងៃ និង​ត្រូវ​ចាត់​វិធានការ ចាំបាច់​ផ្សេងៗ​ទៀត ដើម្បី​កាត់បន្ថយ​កម្ដៅ​ជាបន្ទាន់។

រោងចក្រ​ទាំងអស់​ក៏​ត្រូវ​ពិនិត្យ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់​ទាំងអស់​នៅតាម​អគារ​ធ្វើការ ដើម្បី​ធានាថា​ដំណើរ​ការល្អ និង​ត្រូវ​បើក​ឱ្យ​ដំណើរការ​យ៉ាងតិច ១​ម៉ោង មុន​ឱ្យ​កម្មករនិយោជិត​ចូលធ្វើការ និង​ត្រូវ​ចាត់​បុគ្គលិក​ទទួលបន្ទុក ត្រួតពិនិត្យ​ឧបករណ៍​វាស់​ស្ទង់កម្ដៅ​ជាប្រចាំ​នៅ​កន្លែងធ្វើការ​។​

ការព្យាករណ៍​អាកាសធាតុ​រយៈពេល​បី​ថ្ងៃ​ចុង​ក្រោយ​ យោងតាម​នាយកដ្ឋាន​ឧតុនិយម បានបង្ហាញ​​ឱ្យឃើញ​នូវ​លំនាំ​នៃ​សីតុណ្ហភាព​ខ្ពស់​នៅ​ទូទាំងប្រទេស​។​

នៅ​ថ្ងៃទី ២៩ ខែមេសា តំបន់​​ភាគច្រើនមាន​​សីតុណ្ហភាព​ល្អ​ដល់ ៤០ អង្សារ​សេ ដោយ​ផ្ទៃមេឃ​មាន​ពន្លឺ​ថ្ងៃ​ខ្លាំង បើទោះជា​តំបន់​ខ្លះ​ឃើញ​មាន​ពពក​ច្រើន​។​

ថ្ងៃទី ៣០ ខែមេសា មានការ​ប្រែប្រួល​តិចតួច ដោយ​សីតុណ្ហភាព​ខ្ពស់​នៅតែ​បន្ត​កើតមាន និង​មាន​ផ្ទៃមេឃ​ច្បាស់​ដូចគ្នា​នៅ​ទូទាំង​តំបន់​ភាគច្រើន​។​

នៅ​​​ថ្ងៃទី ១ ខែឧសភា កំដៅនៅតែ​​បន្តក្ដៅ​ ដោយមាន​ពពក​ខ្លះ​ចាប់ផ្តើម​លេចឡើង​​ ដែល​បង្ហាញ​ពី​ឱកាស​នៃ​ភ្លៀង​ធ្លាក់​តិចតួច​នៅក្នុង​តំបន់​មួយចំនួន​។​

ក្រសួងសុខាភិបាល​នឹង​បន្តធ្វើ​ការជូនដំណឹង​ដល់​សាធារណជន អំពី​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា សុខភាព​សាធារណៈ តាម​ឆាណែល​តេឡេក្រាម និង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គេហទំព័រ www.cdcmoh.gov.kh​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល លេខ ១១៥ ដោយ​ឥតគិតថ្លៃ៕