
គ្រាប់ដេកា ៧៥ (DK75) ត្រូវបុរសរងគ្រោះ យកមកដំបណ្ដាលឲ្យផ្ទុះស្លាប់ នៅក្នុងភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែឧសភាម្សិលមិញ។ អាជ្ញាធរមីន
បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងនៅពេលយកគ្រាប់ដេកា ៧៥ (DK75) ដែលសស់ពីសម័យសង្គ្រាមមកដំបណ្ដាលឲ្យផ្ទុះ នៅក្នុងភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែឧសភាម្សិលមិញ។
អាជ្ញាធរមីនបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ប្រ៉ង ប៉ិស ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មុនពេលឧបទ្ទេវហេតុកើតឡើង ជនរងគ្រោះបានយកពូថៅដំគ្រាប់ DK75 បណ្តាលឲ្យផ្ទុះស្លាប់នៅកន្លែងកើតហេតុតែម្តង។
អាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំឲ្យប៉ះពាល់ ដំ គប់លេង ឫកែច្នៃ នៅពេលឃើញគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ ព្រោះវាអាចបណ្តាលឲ្យផ្ទុះស្លាប់ឬរបួសនិងពិការគ្រប់ពេល។
អាជ្ញាធរថ្លែងថា៖ «សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល»។
អាជ្ញាធរមីន មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា និងប្រតិបត្តិករដោះមីននានាបានបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណស់សល់ពីសង្គ្រាម។ ប៉ុន្តែគ្រោះថ្នាក់បណ្ដាលមកពីការយកគ្រាប់មកដំ ឬ កែឆ្នៃនៅតែបន្តកើតឡើង ដែលបង្ហាញពីភាពចាំបាច់ក្នុងការបន្តកិច្ចប្រឹងប្រែងអប់រំអំពីបញ្ហានេះ។
បើតាមអាជ្ញាធរមីន កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ ក៏មានករណីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ ដែលមានជនរងគ្រោះរហូតដល់ទៅ៦នាក់ ក្នុងនោះ៤នាក់បានស្លាប់ និង ២នាក់បានរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
លោក ឡាង កុសល មន្ត្រីនៃអាជ្ញាធរមីនបានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤នេះមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ២៣នាក់ ដែលបង្ហាញពីការកើនឡើងរហូតដល់ទៅ៩២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានជនរងគ្រោះចំនួនតែ១២នាក់ប៉ុណ្ណោះ។
លោកថា ក្នុងចំណោមជនរងគ្រោះចំនួន ២៣នាក់ រួមមានជនរងគ្រោះដោយសារមីន ១១នាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន១២នាក់។ ក្នុងចំណោមជនរងគ្រោះទាំង ២៣ មាន៦នាក់ស្លាប់ និង១៣នាក់របួស និង ៤នាក់ពិការអវៈយវៈ៕