អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក.) ច្រានចោលការអះអាងរបស់អង្គការតម្លាភាពអន្តរជាតិអូស្ត្រាលី និងក្រុមហ៊ុនប្រឹក្សាយោបល់ KordaMentha ដែលសង្ស័យថា ប្រភពប្រាក់ចេញពីកម្ពុជាដែលត្រូវបានវិនិយោគលើលំនៅឋានក្នុងប្រទេសអូស្ត្រាលីមានជាប់ពាក់ព័ន្ធនឹងនិងការសម្អាតប្រាក់។
តាមរយៈអ៊ីម៉ែលឆ្លើយតបទៅនឹងសំនួរបស់ភ្នំពេញប៉ុស្តិ៍ ស.ហ.ក. ដែលមានតួនាទីស៊ើបអង្កេតនិងទប់ស្កាត់ការសម្អាតប្រាក់បានថ្លែងដូច្នេះថា៖ «ការចោទប្រកាន់ដែលគ្មានមូលដ្ឋាននៅក្នុងរបាយការណ៍នេះគឺជាបុរនិច្ឆ័យ (លម្អៀង) ទៅលើប្រទេសកម្ពុជានិងធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញវត្ថុភេរវកម្ម»។
កាលពីសប្ដាហ៍មុន អង្គការតម្លាភាពអន្តរជាតិអូស្ត្រាលីនិងក្រុមហ៊ុន KordaMentha បានចេញផ្សាយរបាយការណ៍រួមមួយដាក់ចំណងជើងថា «បញ្ឈប់ប្រាក់កខ្វក់ពីកម្ពុជានៅអូស្ត្រាលីនិងនៅកម្ពុជា» ដែលបានលើកឡើងថា ទឹកប្រាក់ជាង ៥១៦លានដុល្លារអូស្ត្រាលី ឬ ៣៣៩លានដុល្លារអាមេរិកត្រូវបានវេរពីកម្ពុជាទៅអូស្ត្រាលីនៅក្នុងឆ្នាំ២០២០។
របាយការណ៍បន្តថា មានលំនៅឋានសរុប ១១៨ ត្រូវបានទិញក្នុងទឹកប្រាក់ ១១០លានដុល្លារអូស្ត្រាលី ឬប្រមាណ ៧២លានដុល្លារ ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣។ ក្នុងឆ្នាំសារពើពន្ធ ២០២២ដល់២០២៣ ទឹកប្រាក់៣៣.៤លានដុល្លារអូស្តាលី ឬ ២២លានដុល្លារ ត្រូវបានទិញដោយបុគ្គលមកពីកម្ពុជា។
លោក Clancy Moore ដែលជានាយកអង្គការតម្លាភាពអន្តរជាតិអូស្ត្រាលី បានចោទសួរអំពីទំហំទឹកប្រាក់នេះដោយប្រៀបធៀតទៅនឹងចំណូលរបស់ពលរដ្ឋកម្ពុជា និងចោទប្រកាន់ថា កម្ពុជាគឺជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការសម្អាតប្រាក់ ជួញដូរមនុស្សនិងគ្រឿងញៀន។
ប៉ុន្តែ ស.ហ.ក. បញ្ជាក់ថា ទឹកប្រាក់ដែលបានវេរប្រមាណ ៥០០លានដុល្លារអូស្ត្រាលីនោះធ្វើឡើងតាមរយៈអង្គភាពដែលស្ថិតក្រោមការគ្រប់គ្រង ទាំងនៅកម្ពុជា និងនៅអូស្ត្រាលី ហើយសកម្មភាពបែបនេះមិនអាចកើតចេញពីសកម្មភាពខុសច្បាប់នោះទេ។
ស.ហ.ក. បន្តថា អង្គភាពនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលរបាយការណ៍ទូទាត់និងវិភាគរបស់អូស្ត្រាលី ហៅកាត់ថា AUSTRAC តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាមួយ ដែលភាគីទាំងពីរចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងការសម្អាតប្រាក់។
ស.ហ.ក. បន្តទៀតថា កម្ពុជាបានបង្កើតក្រមខណ្ឌច្បាប់ដើម្បីប្រឆាំងនឹងការសម្អាតប្រាក់ និងបានធ្វើបច្ចុប្បន្នភាពទៅលើយន្តការទាំងនោះដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនិងភាពងាយរងគ្រោះថ្មីៗ ព្រមទាំងមានយុទ្ធសាស្ត្រទូលំទូលាយដើម្បីពង្រឹងតម្លាភាព ភាពជឿងទុកចិត្តពីវិស័យនានា។
ស.ហ.ក. លើកឡើងថា ចំណុចខ្លាំងមួយនៃការគ្រប់គ្រងប្រឆាំងនឹងការសម្អាតប្រាក់នៅកម្ពុជាគឺកិច្ចសហការគ្នាក្នុងចំណោមអាជ្ញាធរពាក់ព័ន្ធ ដូចជារវាងភ្នាក់ងារអនុវត្តច្បាប់ និងស្ថាប័នហិរញ្ញវត្ថុ។ កិច្ចសហការបែបនេះមានសារៈសំខាន់ណាស់ក្នុងការស្រាវជ្រាវនិងទប់ស្កាត់សកម្មភាពហិរញ្ញវត្ថុដែលខុសច្បាប់។
កិច្ចប្រឹងប្រែងទាំងនេះហើយដែលនាំទៅដល់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមការងារហិរញ្ញវត្ថុ FATF និងជាសក្ខីភាពបង្ហាញពីកិច្ចប្រឹងប្រែងរបស់កម្ពុជាប្រឆាំងនឹងការសម្អាតប្រាក់។ នេះជាលើកឡើងរបស់ ស.ហ.ក.។
ស.ហ.ក. បញ្ជាក់ដូច្នេះថា៖ «ការទទួលស្គាល់ការរីកចម្រើនរបស់កម្ពុជាក្នុងការប្រឆាំងការសម្អាតប្រាក់គឺជារឿងសំខាន់ក្នុងការបង្ហាញទិដ្ឋភាពមួយដែលមានតុល្យភាព។ យើងនៅតែប្ដេជ្ញាបន្ថែមការប្រឹងប្រែងប្រឆាំងទៅនឹងការសម្អាតប្រាក់ដើម្បីធានាថា ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជានៅតែមានភាពធន់តទល់ទៅនឹងសកម្មភាពហិរញ្ញវត្ថុខុសច្បាប់នានា»។
ភ្នំពេញ ប៉ុស្តិ៍ បានសុំការបកស្រាយបន្ថែមពីអង្គការតម្លាភាពអន្តរជាតិអូស្ត្រាលី និងសុំការអត្ថាធិប្បាយពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ប៉ុន្តែមិនទទួលបានការឆ្លើយតប គិតត្រឹមថ្ងៃទី១៣ ខែឧសភានេះ៕