ភ្នំពេញៈ ការធ្វើសមយុទ្ធរវាងកម្ពុជានិងចិន គឺផ្តោតសំខាន់ទៅលើការប្រឆាំងអំពើភេរវកម្ម និងការងារមនុស្សធម៌ ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាពង្រឹងសន្តិសុខ ទប់ស្កាត់នៅក្នុងប្រទេសនីមួយៗ និង នៅក្នុងតំបន់ផងដែរ ដែលមិនមានគោលបំណង គំរាមកំហែង ឬក៏ធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី១៣ ខែឧសភានេះ ក្រោយពេលដែលនាវានៃកងទ័ពរំដោះប្រជាជនចិនបានចូលមកដល់កំពង់ផែស្វ័យតខេត្តព្រះសីនុ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភានេះ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទកាសែតមួយទាក់ទងនឹងសមយុទ្ធនាគមាស ឆ្នាំ ២០២៤ លើកទី៦ ជាមួយកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភានេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និង ខេត្តព្រះសីហនុ។
លោក ថោង សូលីម៉ូ បានថ្លែងថា កម្លាំងដែលចូលរួមក្នុងសមយុទ្ធនេះសរុបមានចំនួន ២ ០៧៥នាក់ ដែលក្នុងនោះកងយុទ្ធពលខេមរៈភូមិន្ទមានចំនួន ១ ៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនមាន ៧៦០នាក់។ ដោយឡែក គ្រឿងបំពាក់លើសមយុទ្ធនៅលើគោក រួមមានរថពាសដែក យានយន្តគ្រប់ប្រភេទចំនួន ៦៩គ្រឿង រួមនិងបរិក្ខាស៊ើបការណ៍ បរិក្ខាបោសសម្អាតជាតិផ្ទុះ និងបរិក្ខាបញ្ជូនសារជាច្រើនឈុតទៀត។ លើសពីនោះ សមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ១៤គ្រឿង និង ឧទ្ធម្ភាគចក្រចំនួន ២គ្រឿងផងដែរ។ នាវាចូលរួមសរុប ១៤គ្រឿងនោះ មាននាវាចិន ៣គ្រឿង ហើយនាវាកម្ពុជា ១១គ្រឿង ហើយក្រោយការពីធ្វើសមយុទ្ធចប់នឹងត្រឡប់ទៅប្រទេសចិនវិញ។
ខ្លឹមសារនៃការចូលរួមសមយុទ្ធគឺផ្តោតសំខាន់ទៅលើការប្រឆាំងអំពើភេរវកម្ម និង ការងារមនុស្សធម៌។ ក្រៅពីនោះក៏ផ្តោតសំខាន់ទៅលើយុទ្ធវិធីដោយការទប់ទល់ដោយដ្រូនផងដែរ។
លោកបានបញ្ជាក់ថា៖ «គោលបំណងនៃការធ្វើសមយុទ្ធគឺដោយយោងតាមកិច្ចសហការណ៍នៃប្រទេសទាំង ២ កម្ពុជាចិនប្រចាំឆ្នាំដូចដែលធ្លាប់បានធ្វើចំនួន ៥លើករួចមកហើយគឺផ្តោតសំខាន់ទៅលើប្រធានបទប្រឆាំងអំពើភេរវកម្ម និងការងារសង្រ្គោះមនុស្សធម៌ ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំង ២ ក៏ដូចជា ពង្រឹងសន្តិសុខទប់ស្កាត់ អំពើភេរវកម្ម នៅក្នុងប្រទេសនីមួយៗនិងនៅក្នុងតំបន់ផងដែរ។ ដូច្នេះ ការធ្វើសមយុទ្ធមិនមានគោលបំណង គំរាមកំហែង ឬក៏ធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយនោះឡើយ»។
លោកបន្ថែមថា សមយុទ្ធនេះក៏មានការចូលរួមពីបណ្តាប្រទេស នៅក្នុងសមាគមអាស៊ានផងដែរ ដើម្បីសង្កេតមើលពីលក្ខណៈនៃការសមយុទ្ធរវាងកងទ័ពនៃប្រទេសទាំង ២នេះ។
ក្រៅពីការធ្វើសមយុទ្ធជាមួយចិន ក្នុងឆ្នាំ២០២៤នេះដែរ កម្ពុជា ក៏មានការធ្វើសមយុទ្ធជាមួយប្រទេសជិតខាងផងដែរ ដូចជាប្រទេសវៀតណាម និងឡាវ ដែលផ្តោតទៅលើការងារសង្រ្គោះគ្រោះមហន្តរាយ។
ចំពោះមានការលើកឡើង កម្ពុជាធ្វើសមយុទ្ធតែជាមួយនឹងប្រទេសចិននោះ លោក ថោង សូលីម៉ូ បានឆ្លើយតបថា នោះគឺជាសិទ្ធិរបស់អ្នកនិយាយ ប៉ុន្តែសម្រាប់កម្ពុជាគឺ ធ្វើអ្វីៗទៅតាមតម្រូវការរបស់កម្ពុជា ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា និងទៅតាមច្បាប់អន្តជាតិ។
លោកបានថ្លែងដូច្នេះថា៖«កម្ពុជាមិនមានបដិសេដចំពោះការចង់ ធ្វើសមយុទ្ធជាមួយកម្ពុជានោះទេ គឺកម្ពុជាសុំស្វាគមន៍ចំពោះបណ្តាប្រទេស ទាំងអស់។ ប៉ុន្តែរាល់ការ សុំធ្វើសមយុទ្ធត្រូវតែដាក់ពាក្យស្នើសុំ កម្ពុជាជាមុន។
លោកក៏បានឱ្យដឹងផងដែរថា ការធ្វើសមយុទ្ធឆ្នាំនេះ បើប្រៀបធៀបនឹងការធ្វើសមយុទ្ធឆ្នាំមុនៗ គឺថាមានការខុសប្លែកគ្នា ដោយសារថា ការធ្វើសមយុទ្ធឆ្នាំនេះ គឺមានលក្ខណៈទំហំធំជាងមុន។ បើប្រៀបធៀបទៅលើខ្លឹមសារក៏មានការស៊ីជម្រៅ មានការចូលរួមក៏មានចំនួនច្រើន និងទាំងសម្ភារៈផងដែរ។ ការធ្វើសមយុទ្ធនេះក៏បានពង្រីកទៅដល់កងទ័ពជើងទឹកផងដែរ។
នាវានៃកងទ័ពរំដោះប្រជាជនចិនបានចូលមកដល់កំពង់ផែស្វ័យតខេត្តព្រះសីនុ កាលពីព្រឹកថ្ងៃទី១៣ខែឧសភានេះ ហើយនាវានឹងដាក់សម្ភារៈចុះ និងកម្លាំងដែលចូលរួមសមយុទ្ធ និងធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពៅទៅមជ្ឈមណ្ឌលហ្វឹកហ្វឺននៃកងរាជអាវុធហត្ថនៅភ្នំជុំសែនរីករាយ។
លោក ថោង សូលីម៉ូ បានអំពាវនាវដល់សាធារណជនកុំឱ្យមានការបារម្ភចំពោះវត្តមាន និងការធ្វើដំណើរនៃកងកម្លាំងទាំងនោះ៕