គណនេយ្យ​ហ្វេសប៊ុក​មួយ​​ដែល​​អះអាង​ថា​ជា​គ្រូ​បង្រៀន បាន​បង្ហោះសារ​កាល​ពី​ថ្ងៃទី១៥ ខែ​ឧសភា​នេះ​ថា លោក​បាន​បម្រើការ​ជាគ្រូប​ង្រៀន​នៅ​វិទ្យាល័យ​ ហ៊ុន សែន វាល​រេញ ជាង​២១ឆ្នាំហើយ ហើយ​ក៏ជា​លើក​ទីមួយ​​ដែល​​ចម្លែក​ខ្លាំង​ដែល​សិស្ស​ថ្នាក់​ទី១២ ​ចំនួន​២រូប បាន​រៀន​នៅ​សាលា​នេះ​ជាង​ ២​ឆ្នាំ​ដោយ​គ្មាន​សញ្ញា​ប័ត្រ​ឌីប្លូម ហើយ​ចុង​បញ្ចប់​ត្រូវ​បាន​គេ​ដក​បេក្ខភាព​មិន​ឱ្យ​ប្រឡង​ថ្នាក់​ជាតិ។

ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា Lay Po បាន​សរសេរ​ថា ករណីនេះលោក​​ទើប​តែ​បាន​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៥ ខែឧសភា​ ដោយសារ​អតីត​សិស្ស​ម្នាក់​បង្ហើប​ប្រាប់​លោក។​

លោក​បន្ត​ថា​ សិស្សទាំង២នាក់​នោះ​មាន​ឈ្មោះ លី ប៊ុនលាង និង ធន់ សាន។​ពួក​គេ​បាន​រៀន​និ​ង​ប្រឡង​​ប្រចាំ​ខែ​​និង​ឆមាស​ជាប់​ជា​បន្ត​បន្ទាប់​នៅ​ថ្នាក់​ទី១០​និង​ទី១១ ​ហើយ​ឆ្នាំ​នេះ​ចូល​រៀនថ្នាក់ទី១២F ជាប់​លាប់​រហូត​ដល់​ពេល​វ៉ាកងតូច។ 

លោក​សរសេរ​ថា៖ «ការដក​បេក្ខភាព​នេះ មិនមែន​ធម្មតា​ទេ ឮថា​មិនឱ្យគ្នា​ប្រឡង​បាក់ឌុប​៣ឆ្នាំ​ឯ​នោះ ដោយ​មូល​ហេតុ​ពួក​គេ​គ្មាន​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ(ឌីប្លូម)»។

លោក​​បន្ត​ថា៖ «ក្រោយ​ដឹង​រឿង​នេះ ខ្ញុំ​ឆ្ងល់​អើយសែន​ឆ្ងល់​ថា ហេតុ​អី​បាន​ជា​ពួក​គាត់​អាច​ចូល​រៀន​បាន​ដូច​គេ​ដូច​ឯង​ដែល​ជាប់​ឌីប្លូម​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​នេះ​នៅ​ថ្នាក​ទី១០,១១និង១២? ហើយ​បើ​ជ្រុល​ជា​បែប​នេះ​ទៅ​ហើយ ​ហេតុ​អី​មិន​ឱ្យ​គាត់​មាន​ឈ្មោះ​ប្រឡង​ថ្នាក់​ជាតិ​នឹង​គេ​ទៅ? ​អស់​លោក មាន​បាន​គិត​ធ្វើ​ល្អ​ជាង​នេះ​ទេ?»។​

គណនេយ្យ​ហ្វេសប៊ុក Lay Po ​បន្ត​ថា លោក​ចង់​ឱ្យ​ក្រសួង​ដោះស្រាយ​ឱ្យ​ពួក​គាត់​ឱ្យ​សមរម្យ​ ដើម្បី​ឱ្យ​មាន​ទំនួល​ខុស​ត្រូវ​​ រួមទាំង​​​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ។

អ្ន​កស្រី ឃួន វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​អប់រំ​កំពុង​ពិនិត្យ​ករណី​នេះ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «សម្រាប់​ករណី​នេះ ក្រសួង​អប់រំ យុវជន និងកីឡា​បាន​ទទួល​ព័ត៌មាន​រួច​ហើយ ហើយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពុង​ពិនិត្យ​សិក្សា​លម្អិត​ពី​ករណីនេះ»៕