សមត្ថកិច្ច​បាន​បង្ក្រាប​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដែល​ប្រព្រឹត្ត​ដោយ​ជន​បរទេស​ដែល​ប្រើប្រាស់​កម្ពុជា​ជា​មូលដ្ឋាន​របស់​ពួកគេ។ 

របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៣​ ខែឧសភា​ ដោយ​វិទ្យាស្ថាន​សន្តិភាព​នៅ​​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ពី​សកម្មភាព​ឆបោក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អះអាង​ថា កម្ពុជា​មាន​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ «ទ្រង់ទ្រាយធំ​និង​កំពុង​រីក​​រាលដាល​ទូទាំង​ប្រទេស»។ ​ប៉ុន្តែ​មន្ត្រី​កម្ពុជា​ចាត់​ទុក​ការ​អះអាង​បែបនេះ​​ថា​​បង្កប់​របៀប​វារៈ​អ្វី​មួយ។

របាយការណ៍​ជាង ៧០ ទំព័រ​របស់​វិទ្យាស្ថាន​សន្តិភាព​​ដាក់​ចំណង​ជើង​ថា «ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​អាស៊ីអា​គ្នេយ៍៖ ការគំរាមកំហែង​កើនឡើង​សម្រាប់​សន្តិភាព​និង​សន្តិសុខ»​រៀបរាប់​អំពី​ស្ថានភាព​​​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​ប្រទេស​នានា​នៅ​អាស៊ី។

សម្រាប់​កម្ពុជា របាយការណ៍​លើក​ឡើង​ថា ​ក្រុម​ឧក្រិដ្ឋជន​​បាន​បង្កើត​ទំនាក់​ទំនង​ជាមួយ​​អ្នក​មាន​ឋានៈ​ ហើយ​ទំនាក់​ទំនង​នេះ​បាន​រីកលូតលាស់​កាន់តែ​ខ្លាំង។ 

របាយការណ៍​ដដែល​សរសេរ​ថា៖ «គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ២០២៤​នេះ កម្ពុជា​គឺជា​​កន្លែង​ដែល​មាន​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ទ្រង់ទ្រាយ​ធំ និង​ស្មុគស្មាញ​ ដែល​រីក​រាលដាល​ទូទាំង​ប្រទេស»។

ក្រុម​អ្នកស្រាវជ្រាវ​ដែល​សរសេរ​របាយការណ៍​នេះ​អះអាង​ថា ក្រុម​ឧក្រិដ្ឋជន​រក​ប្រាក់​បាន​ជាង ១២,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

ទោះ​បី​ជា​កម្ពុជា​បាន​ប្រឹង​ប្រែង​ក្នុង​ការ​ទប់ស្កាត់​​ការ​សម្អាត​ប្រាក់​ ដែល​ជំរុញ​ឲ្យ​ក្រុម​ការងារ​ហិរញ្ញវត្ថុ​ FATF សម្រេច​ដក​កម្ពុជា​ពី​បញ្ជី​ប្រផេះ​​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០២៣​ ក៏ដោយ​ ក៏​ក្រុម​អ្នក​សរសេរ​របាយការណ៍​បាន​ចោទ​ថា ការ​ដក​កម្ពុជា​ពី​បញ្ជី​ប្រផេះ​នេះ​ធ្វើ​ឡើង​ដោយ​​«ស្ងាត់ៗ» ហើយ​ក៏​ដោយសារ​តែ​ការ​បញ្ចុះ​បញ្ចូល​ពី​កម្ពុជា​ផងដែរ។

ពួក​គេ​ចាត់​ទុកការ​ដក​​កម្ពុជា​ពី​បញ្ជី​ប្រផេះ​នេះ​នឹង​ជំរុញ​ឲ្យ​ឧស្សាហកម្ម​ឆបោក​រីក​រាល​ដាល​កាន់​តែ​ខ្លាំង។

លោក​ ទូច សុខៈ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​​ចាត់ទុក​របាយការណ៍​នេះ​ថា មាន​ចេតនា ឬ​បង្កប់​របៀប​វារៈ​អ្វី​មួយ ឬ​ព្យាយាម​ដាក់​សម្ពាធ​នយោបាយ​ដើម្បី​ប្ដូរ​នូវ​លក្ខខណ្ឌ​អ្វី​មួយ។

លោក សុខៈ ថ្លែង​ថា៖ «របាយការណ៍​បែប​នេះ​មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ទេ ប៉ុន្តែ​មាន​របៀប​វារៈ​នយោបាយ​ដើម្បី​ផល​ប្រយោជន៍​អ្វី​មួយ អាច​ជា​ផល​ប្រយោជន៍​នយោបាយ​ឬ​សេដ្ឋកិច្ច។ កម្ពុជា​មិន​មែន​ជា​ទីតាំង​សម្រាប់​ការ​ឆបោក​តាម​អនឡាញ​ទេ។ កម្ពុជា​គឺជា​ជន​រងគ្រោះ​នៃ​ប្រទេស​ដែល​រីក​ចម្រើន​ហើយ​មាន​ការ​រីក​រាលដាល​នៃ​ល្បែង​អនឡាញ ហើយ​វា​ហៀរ​ចូល​មក​កម្ពុជា»។

លោក សុខៈ ​ទទួល​ស្គាល់​ដែរ​ថា ឧក្រិដ្ឋជន​អាច​​រត់​ពី​កន្លែង​ផ្សេង​​អាច​មក​ជ្រក​លាក់​ខ្លួន​​នៅ​កម្ពុជា​ ដូច​ការ​លើក​ឡើង​ក្នុង​របាយការណ៍​ ប៉ុន្តែ​លោក​បញ្ជាក់​ថា៖ «កម្ពុជា​មិន​មែន​ជា​កន្លែង​ដែល​សុខ​ស្រួល​សម្រាប់​ពួកគេ​​មក​ប្រព្រឹត្ត​បទ​ល្មើស​ដូច​របាយការណ៍​លើក​ឡើង​ទេ»។ 

លោកថា សមត្ថកិច្ច​តែង​តែ​បង្ក្រាប​និង​បញ្ជូន​ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ និង​ជន​រងគ្រោះ​ទៅ​​ប្រទេស​របស់​ពួក​គេ​វិញ។

លោក​បន្ត​ថា៖ «ការចោទ​ប្រកាន់​ថា កម្ពុជា​​​គឺជា​ទីតាំង​ដ៏ធំ​មួយ​សម្រាប់​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ គឺជា​ការបង្ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា​​ដោយ​​មាន​របៀប​វារៈ​នយោបាយ។ របាយការណ៍​បែប​នេះ​មិន​មែន​ជា​របាយការណ៍​បែប​ស្ថាបនា​ដែល​បង្ហាញ​ពី​កិច្ច​សហការ​ដើម្បី​បង្ក្រាប​បទ​ល្មើស​ទាំង​នេះ​ទេ»។

លោក​បាន​បញ្ជាក់​ថា ក្រុម​ពិសេស​មួយ​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆបោក​តាម​អនឡាញ ដែល​ជា​លទ្ធផល​ករណី​ឆបោក​មួយចំនួន​ត្រូវ​បាន​បង្ក្រាប ដែល​ភាគច្រើន​​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ចិន ឥណ្ឌូនេស៊ី វៀតណាម និង​បង់ក្លាដែស។

នៅ​ក្នុង​ខែ​មេសា ជនជាតិ​វៀតណាម​ជាង​ ២០០​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ​ត្រូវ​បាន​បង្ក្រាប​និង​បញ្ជូន​ត្រឡប់​ទៅ​វៀតណាម​វិញ។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ។

ប៉ុន្តែ លោក សុខៈ បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​មិន​មែន​មាន​ន័យ​ថា កម្ពុជា​ពោរពេញ​ទៅ​​ដោយ​ការ​ឆបោក​តាម​អនឡាញ​នៅ​ទូទាំង​ប្រទេស​ដូច​គេ​លើក​ឡើង​នោះ​ទេ។ ខ្ញុំ​យល់​ថា បើសិនជា​​អ្នក​ចេញ​របាយការណ៍​នេះ​មាន​ចេតនា​ចង់​ជួយ​ដោះស្រាយ​បញ្ហា​នេះ ពួកគេ​ប្រហែល​ជា​ធ្វើការ​ជាមួយ​ប្រទេស​ដែល​ពាក់​ព័ន្ធ​ដើម្បី​គាំទ្រ​ដល់​វិធានការ​របស់​ប្រទេស​ទាំង​នោះ»។

លោក​ថា វិធី​មួយ​ដែល​អាច​ទប់​ស្កាត់​បញ្ហា​នេះ​បាន​ គឺ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​ដែល​មាន​ជន​រងគ្រោះ​​ចាញ់​បោក​គេតាម​អនឡាញ ក៏ដូច​ជា​បង្ហាញ​ពួក​គេ​អំពី​វិធានការ​ផ្លូវ​ច្បាប់។

លោក​ថា៖ «ដូច្នេះ បញ្ហា​នេះ​គួរ​តែ​រួម​គ្នា​ដោះស្រាយ មិន​មែន​បន្ទោស​ទៅ​លើ​តែ​ប្រទេស​ណា​មួយ​​ដើម្បី​ជា​ថ្នូរ​នឹង​លក្ខខណ្ឌ​អ្វី​មួយ ឬ ដើម្បី​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​នយោបាយ ទេសចរណ៍ ឬ ពាណិជ្ជកម្ម​នោះ​ទេ»។

លោក យ៉ង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា ថ្លែង​ថា លោក​មិន​យល់ស្រប​ទៅ​នឹង​ការ​លើក​ឡើង​ក្នុង​របាយការណ៍​ដែល​ថា​កម្ពុជា​មាន​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ទ្រង់ទ្រាយ​ធំ​នោះទេ។

លោកថា៖ «ខ្ញុំ​ទទួល​ស្គាល់​ថា មាន​ករណី​ឆបោក​នៅ​កម្ពុជា​ ប៉ុន្តែ​បើ​ថា​វា​ធំជាង​គេនោះ​ មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ថា តើ​ពួកគេ​បាន​អ្វី​យក​​មក​វាស់​វែង? របាយការណ៍​នេះ​ហាក់​ដូច​មាន​បំណង​អ្វីមួយ ឬ​មាន​របៀប​វារៈ​នយោបាយ»។

លោកថា លោក​សង្កេត​ឃើញ​កម្ពុជា​បាន​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ និង​ប្រទេស​នានា​ ហើយ​​កិច្ច​សហការណ៍​បែប​នេះ​ត្រូវ​តែ​បង្កើន​ថែម​ទៀត។ លោក​ថា កម្ពុជា​ក៏​ត្រូវ​តែ​បង្ហាញ​ពី​តួលេខ​ពិត និង​បកស្រាយ​ត្រឡប់​ទៅ​លើ​អ្វី​ដែល​គេ​ចោទប្រកាន់។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​ថា បញ្ហា​ឆបោក​តែង​តែ​ត្រូវ​បាន​លើក​ឡើង​ដោយ​សហគមន៍​អន្តរជាតិ និង​អង្គការ​មួយ​ចំនួន​។ 

លោកថា របាយការណ៍​របស់​វិទ្យាស្ថាន​សន្តិភាព​អាមេរិក​ក៏ជា​ការ​ដាស់​តឿន​ដល់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​បទ​ល្មើស​ទាំង​នេះ តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​កិច្ច​សហការ​ជាមួយ​ប្រទេស​នានា។

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​​ប្រជាពលរដ្ឋ​​ដើម្បី​​អភិវឌ្ឍន៍​​និង​​សន្ដិភាព​ ក៏​យល់​ឃើញ​ស្រដៀងគ្នា​នេះដែរ ដោយ​លោក​ថា បញ្ហា​ឆបោក​នេះ​ធ្វើ​ឲ្យ​ភ្ញៀវបរទេស​ និង​អ្នក​វិនិយោគ​ទុន​ភ័យ​ខ្លាច។ 

ទាំង​លោក ប៉ា ចន្ទរឿន និង​លោក យ៉ង់ គឹមអេង សុទ្ធ​តែ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​បង្កើន​​កិច្ច​សហការ​បន្ថែមទៀត​ជាមួយ​ប្រទេស​ដែល​មាន​ជន​សង្ស័យ ឬ ជន​រងគ្រោះ​ច្រើន​មក​កម្ពុជា និង​បង្កើត​ការ​អនុវត្តច្បាប់​ទៅ​លើ​បញ្ហា​នេះ។

លោក គឹមអេង ថ្លែង​ថា៖ «យើង​អាច​ពិនិត្យ​មើល​ទៅ​លើ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​របស់​យើង​ក្នុង​ការ​ពិនិត្យ​តាមដាន​ការ​ឆបោក​តាម​អនឡាញ​ដើម្បី​ដឹង​ថា ត្រូវ​ទប់ស្កាត់​បែប​ណា។ ដូច្នេះ សមត្ថភាព​របស់​អាជ្ញាធរ​ត្រូវ​តែ​នាំ​មុខ​ក្រុម​ឧក្រិដ្ឋជន ដើម្បី​ឲ្យ​យើង​អាច​ការពារ​កេរ្តិ៍​ឈ្មោះ និង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​យើង»៕