ក្រុមការងារ​ជួស​ជុល​ប្រាសាទ​ជម បាន​សាកល្បង​ផ្គុំ​ថ្ម​ទៅ​តាម​លំនាំ​ដើម​បាន​ចំនួន​ជាង​ ២០០​ដុំ​ហើយ​ក្នុង​ចំណោម​ថ្ម​ប្រមាណ​ ៧០០​ដុំ ក្រោយពេល​ថ្មទាំងនេះ​បាន​ជ្រុះ​រាយប៉ាយ​អស់​​​ជា​ច្រើន​ឆ្នាំ​។

អាជ្ញាធរ​ជាតិ​អប្សារា​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​របស់​អាជ្ញាធរ​ដឹក​នាំ​ដោយ​ លោក ថៃ យ៉ាម៉ង់ ដែល​ជា​ស្ថាបត្យករ កំពុង​រៀប​ចំ​ផ្គុំ​សាក​ល្បង​ថ្ម​ទាំង​នេះ​​នៅ​បរិវេណ​ខាង​ជើង​នៃ​ប្រាសាទ​​ ដោយ​បាន​​ធ្វើ​​សម្រង់​ប្លង់ ថតរូប​ រៀប​ចំចុះ​បញ្ជី​ថ្ម រាប់​រយ​ដុំ។

ក្រុមការងារ​កំពុង​បែង​ចែក​ទៅ​តាម​ប្រភេទ​ថ្ម ដើម្បី​ស្វែង​រក​ទីតាំង​ដើម​ ហើយ​នឹង​រៀប​ចំ​ជួស​ជុល​ប្រាសាទ​នេះ​ឱ្យ​បាន​ពេញ​លេញ​តាម​លក្ខណៈ​ដើម​ឡើង​វិញ។

ការ​ជួសជុល​ឡើង​វិញ​នេះ ក្រុម​ស្ថាបត្យករ​ព្យាយាម​ប្រើ​ប្រាស់​ថ្ម​ថ្មី​តិច​បំផុត។ រហូត​មក​ទល់​ពេល​នេះ ក្រុម​ការងារ​បាន​កំណត់​អត្តសញ្ញាណ និង​វាស់​វែង​ដុំ​ថ្ម​នីមួយៗ​ ព្រម​ទាំង​បាន​បែង​ចែក​ទៅ​តាម​ប្រភេទ​ដូច​ជា​ថ្ម​ហោ​ជាង ថ្ម​ដំបូល​ ថ្មខឿន និង​ថ្ម​ជញ្ជាំង​ជាដើម មុន​នឹង​ផ្គុំ​គ្នា​ឡើង​វិញ។

បើតាម​លោក យ៉ាម៉ង់ មក​ដល់​ពេល​នេះ ក្រុម​ការងារ​របស់​លោក​​បាន​រក​ឃើញ​ថ្ម​ និង​បាន​ផ្គុំ​សាក​ល្បង​ត្រូវ​តាម​លំនាំ​ដើម​របស់​រចនា​សម្ព័ន្ធ​នៃ​ប្រាសាទ​ ដែល​ក្នុង​នោះ មាន​ហោ​ជាង​ទាំង​៤​ទិស  និង​ថ្ម​កំពូល​ប្រាសាទ​មាន​រាង​ជា​ផ្កា​ឈូក ថ្មខឿន ថ្មជញ្ជាំង។

អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា ការ​ជួស​ជុល​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ទៀត​​ដើម្បី​ស្វែង​យល់​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ មុន​នឹង​ការ​ជួសជុល ដោយសារ​តែ​ថ្ម​ខ្លះ​ពុក​ផុយ ខ្លះ​បាក់​បែក និង​ខ្លះ​ទៀត​សឹក​រិច​រិល​រលុប​ក្បាច់​ធ្វើ​ឱ្យ​ពិបាក​បែង​ចែក​ប្រភេទ កំណត់ប្រភព​នៃ​ទី​តាំង​ដើម។

គម្រោង​ជួស​ជុល​ប្រាសាទ​ជម បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០១៩​ ប៉ុន្តែ​ បាន​ផ្អាក​មួយ​រយៈ​ ដោយសារ​តែ​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩។ គម្រោង​នេះ​បាន​ចាប់​ផ្ដើម​ឡើង​វិញ កាល​ពី​២០២១ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៥។

ការ​ជួសជុល​ប្រាសាទនេះ​សហការ​ជាមួយ​ទីភ្នាក់ងារ​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​កូរ៉េ (KOICA) តាម​រយៈ​មូល​និធិ​បេតិកភណ្ឌ​កូរ៉េ (KCHF)។ នេះ​បើ​តាម​អាជ្ញាធរ​អប្សារា។

ប្រាសាទ​ជម ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រុង​អង្គរធំ កសាង​ឡើង​ក្នុង​សតវត្សរ៍​ទី១២ ក្នុង​រជ្ជកាល​ព្រះបាទ​​សូរ្យវរ្ម័ន​ទី២៕