
ភ្ញៀវទេសចរថតរូបនៅខាងមុខប្រាសាទប្រាង្គ ឬប្រាសាទពីរ៉ាមីតខ្មែរ ស្ថិតក្នុងក្រុមប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ។ រូបថត រ៉ាហ៊ីម
សមាជិកព្រឹទ្ធសភាបារាំងមួយរូបចង់បង្កើតសារមន្ទីរមួយនៅក្បែរប្រាសាទ កោះកេរ ដើម្បីជួយលើកម្ពស់វិស័យទេសចរណ៍ និងជំរុញឲ្យភ្ញៀវទេសចរឲ្យស្នាក់នៅកម្ពុជាបានយូរ។
ចំណាប់អារម្មណ៍នេះត្រូវបានបង្ហាញដោយលោក Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne ស្ថិតនៅភាគខាងកើតនៃប្រទេសបារាំង ក្នុងពេលលោកជួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៧ ខែឧសភានេះ។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន សេរសេរថា៖ «ទាក់ទងទៅនឹងវិស័យបេតិកភណ្ឌសម្បូរបែបរបស់កម្ពុជា ឯកឧត្តមបានជូនជាយោបល់ថា គួរជំរុញលើកទឹកចិត្តឲ្យមានទេសចរណ៍ហូរចូលមក ប៉ុន្តែគួរតែរៀបចំយ៉ាងណាឲ្យទេសចរស្នាក់នៅបានយូរ ដោយអាចរៀបចំជាសារមន្ទីរ។
ប្រភពដដែលបន្តថា៖ «ឯកឧត្តមថា [លោក] បានជួបជជែកជាមួយលោកជំទាវរដ្ឋមន្ត្រីក្រសួង វប្បធម៌ [ភឿង សកុណា] ហើយលោកមានគម្រោងនឹងកសាងសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ ដើម្បីភ្ញៀវទេសចរបានទៅមើលប្រាសាទផង និងទៅមើលសារមន្ទីរផង»។
យ៉ាងណាក៏ដោយមិនមានការឆ្លើយតបពីសំណាក់លោក ហ៊ុន សែន ឬព័ត៌មានលម្អិតអំពីគម្រោងនេះទេ។
ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ប្រាសាទនេះស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កសាងឡើងក្នុងសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវរ្ម័នទី៤៕