ភ្នំពេញ៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថានមានអ្នកចូលរួមជាង ៨ លាននាក់ហើយ នៅក្នុងរយៈពេលជាង ៨ខែកន្លងមក ដែលនេះជាការបង្ហាញឥរិយាបថវិជ្ជមានមួយរបស់ប្រជាជនកម្ពុជា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤នេះ។
ក្រសួងបានបញ្ជាក់ថា៖ «ភាពវិជ្ជមាននៃការប្រែប្រួលឥរិយាបថរបស់សិស្សានុសិស្ស និង ប្រជាជនសរុបជាង ៨លាននាក់ គឺជាលទ្ធផលស្តែងចេញពីសាមគ្គីភាពរវាងប្រជាពលរដ្ឋ និង រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាកុំឱ្យមានការកើនឡើងនូវកម្តៅភពផែនដីជាបន្តទៀត»។
នៅក្នុងសិក្ខាសាលាស្តីពី ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប នាទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៣០ ខែមេសាកន្លងមក រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្ស ព្រះសង្ឃ ធុរៈករ កម្មករ កម្មការនី និងប្រជាពលរដ្ឋជាង ៨ លាននាក់នោះត្រូវបានបំបែកចេញពីភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្រ្តីក៏បានលើកឡើងពីសមិទ្ធផលផ្សេងៗទៀតដែរ រួមមាន៖ ការពង្រឹងការអនុវត្តច្បាប់ ១០០% ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និង ការសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅក្នុងការផ្ទេរអំណាចជាជំហានៗជាដើម។ ក្នុងនោះក៏មានការគូសបញ្ជាក់លើផែនទីពីតំបន់ការពារធម្មជាតិជូនអាជ្ញាធរមូលដ្ឋាន និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ App ផងដែរ។ នៅក្នុង App នោះនឹងមានបង្ហាញព័ត៌មានអំពីទីតាំងដី និងព្រំប្រទល់ដីនៃតំបន់ការពារធម្មជាតិ ដែលអាចជួយការពារកុំឱ្យប្រជាពលរដ្ឋ ឬសាធារណជនទិញដីជាន់លើដីនៃតំបន់ការពារ ដែលនាំឱ្យខាតបង់ថវិកា។
នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនេះ ក្រសួងក៏ដាក់ចេញផែនការដាំដើមឈើបន្ថែមឱ្យបានយ៉ាងតិចជាង ១ លានដើមក្នុង មួយឆ្នាំ ដោយចាប់ផ្តើមនៅរដូវវស្សាឆ្នាំ ២០២៤ ខាងមុខនេះ។
ក្រសួងក៏មានគោលដៅពង្រីកគម្របព្រៃឈើរហូតដល់ ៦០ ភាគរយនៅឆ្នាំ ២០៥០ ផងដែរ។
បន្ថែមពីនោះ នៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏គ្រោងនឹងរៀបចំឱ្យមានពិពណ៌កូនឈើ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចែកជូនកូនឈើដល់ពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃផងដែរ ក្នុងនោះក៏នឹងមានទាំងការពន្យល់បន្ថែមអំពីរបៀបដាំកូនឈើ និងការថែទាំកូនឈើឱ្យលូតលាស់បានល្អដែរ។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាបានយល់ឃើញថា យុទ្ធនាការនេះជាចំណែកមួយដែលជួយផ្សព្វផ្សាយឱ្យមានការយល់ដឹងពីបរិស្ថាន។ ប៉ុន្តែជាសេនារីយូមួយល្អបន្ថែមទៀតនោះ គឺក្រសួងបរិស្ថាន គួរតែសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយដាក់បញ្ជូលការបណ្តុះបណ្តាល ការបញ្រ្ជាបការយល់ដឹង និង ការគ្រប់គ្រងសំរាមផ្លាស្ទិកក្នុងកម្មវិធីអប់រំ ហើយក្រសួងបរិស្ថាន អាចពិចារណាបង្វែរការចំណាយលើយុទ្ធនាការនេះទៅលើការងារផ្សេងវិញដូចជា ពង្រឹងវិធានការច្បាប់ ការជំរុញឱ្យមានការត្រួតពិនិត្យលើការនាំចូលថង់ផ្លាស្ទិក និង ការរៀបចំគោលនយោបាយដំឡើងពន្ធលើផ្លាស្ទិកវិញ។
ជុំវិញការដាំដើមឈើឡើងវិញ លោកបានលើកឡើងថា ឈើដែលដាំឡើងវិញមិនមានលក្ខណៈសមទៅនឹងស្ថានភាពដីនោះទេ ដែលធ្វើឱ្យវាប្រឈមមុខទៅនឹងការងាប់ទៅវិញ ប្រសិនបើគ្មានការមើលថែទាំឱ្យបានដិតដល់នោះទេ។
លោកថ្លែងថា៖ «ការពិចារណាក្នុងការទប់ស្កាត់ព្រៃត្រូពិកកម្ពុជា មិនចាំបាច់ដាំឡើងវិញនោះទេ គ្រាន់តែទប់ស្កាត់ និងដកហូតដីដែលឈូសឆាយ ដីដែលកាប់បំផ្លាញព្រៃឈើហ្នឹង តែ១ឆ្នាំ ២ឆ្នាំទេ ឈើនឹងលាស់ឡើងវិញ ហើយមានភាពធន់ជាមួយនឹងលក្ខខណ្ឌនៅទីនោះ ដោយមិនចាំបាច់មើលថែ កុំឱ្យតែភ្លើងព្រៃឆេះទៅវាល្អហើយ»៕