
សត្វត្មាតដែលជាប្រភេទជិតផុតពូជបំផុត គឺជាអ្នកសម្អាតបរិស្ថាន ដែលថែរក្សាបរិស្ថាន។ USAID មរតកបៃតង
ស្ទឹងត្រែង៖ សំបុកសត្វត្មាតចំនួន ១៥សំបុក ត្រូវបានរកឃើញក្នុងរដូវបង្កាត់ពូជសត្វត្មាតឆ្នាំនេះ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដែលជាចំនួនកើនឡើង បើធៀបនឹងរដូវមុន មានសំបុកចំនួនតែ ១៣ប៉ុណ្ណោះ ត្រូវបានរកឃើញ និងតាមដាន។ នេះបើយោងតាមគម្រោង USAID មរតកបៃតង ដែលមានការចូលរួមអភិរក្សពីក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក។
គម្រោង USAID មរតកបៃតង ដែលបានបង្ហាញព័ត៌មានពីជោគជ័យនៃការការពារសត្វត្មាតក្នុងទិវាប្រភេទសត្វ និងរុក្ខជាតិជិតផុតពូជ ២០២៤ ក្រោមប្រធានបទ «អបអរសាទរការសង្គ្រោះសត្វ និង រុក្ខជាតិ» បានបញ្ជាក់ថា៖«អត្រាជោគជ័យនៃការញាស់ក៏មានភាពប្រសើរឡើងផងដែរ ដោយមានតែសំបុកមួយប៉ុណ្ណោះដែលបរាជ័យ បើប្រៀបធៀបទៅនឹងសំបុកបីដែលបរាជ័យកាលពីឆ្នាំមុន»។
សត្វត្មាត ត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) គឺជាប្រភេទជិតផុតពូជបំផុត ដែលនេះបង្ហាញថា ពួកវាកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការផុតពូជពីក្នុងព្រៃ។
សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារមូលហេតុចម្បងពីរគឺ កង្វះអាហារ និង ការស្លាប់បណ្តាលមកពីការស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស។
ដើម្បីទប់ស្កាត់ការផុតពូជរបស់សត្វត្មាត USAID មរតកបៃតង និងក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក បានបង្កើត «អាហារដ្ឋានត្មាត» ដើម្បីផ្តល់អាហារដែលមានសុវត្ថិភាព ជារៀងរាល់សប្តាហ៍ ដើម្បីរក្សាសត្វត្មាតឱ្យនៅក្នុងតំបន់ការពារ និងចៀសវាងការស្វែងរកអាហារដែលមិនមានសុវត្ថិភាពនៅក្រៅតំបន់។ រ៉ាយហ្ស៉ីង ហ្វីនិក ក៏បានបំពាក់ឧបករណ៍តាមដាន (GPS-GSM tagging) ទៅលើសត្វត្មាត ដើម្បីតាមដានការផ្លាស់ទីរបស់ពួកវា និងបង្កើតប្រព័ន្ធត្រួតពិនិត្យជីវៈចម្រុះថ្មីមួយសម្រាប់សត្វត្មាតដែលជិតផុតពូជបំផុតទាំងនេះ រួមទាំងធ្វើការស្វែងរក និងតាមដានសំបុកសត្វត្មាត ដើម្បីធានាសុវត្ថិភាពរបស់ពួកវាផងដែរ។
បច្ចុប្បន្ន ក្រុមការងារនៅកំពុងតាមដាន ការចិញ្ចឹមកូនរបស់សត្វត្មាតទាំងនោះ រហូតដល់កូនរបស់វាធំពេញវ័យល្មមអាចហើរចេញពីសំបុកបាន។
ការធ្វើជំរឿនសត្វត្មាតកាលពីឆ្នាំ ២០២៣ កន្លងមក បានរកឃើញសត្វត្មាតចំនួន ១៣១ ក្បាលនៅកម្ពុជា។ ក្នុងនោះរួមមានត្មាតភ្លើងចំនួន ១២ក្បាល ត្មាតផេះ ៧៧ក្បាល និង ត្មាតចំនួន ៤២ក្បាល។
ជំរឿននេះត្រូវបានធ្វើឡើងនៅក្នុងតំបន់អភិរក្សសំខាន់ៗចំនួន ៣ដូចជា៖ ដែនជម្រកសត្វព្រៃ សៀមប៉ាង ខេត្តស្ទឹងត្រែង មានត្មាតចំនួន ៩៣ក្បាល ដែនជម្រកសត្វព្រៃឆែបស្ថិតក្នុងខេត្តព្រះវិហារ មាន ៣១ក្បាល និង នៅតំបន់ព្រៃទឹកលិចទន្លេមេគង្គក្នុងខេត្តក្រចេះមានចំនួន ៧ក្បាល។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានកត់សម្គាល់ឃើញថា ចំនួនសត្វត្មាតនៅកម្ពុជាមានចំនួនមួយថេរក្នុងរង្វង់ប្រមាណជា ៥ឆ្នាំចុងក្រោយនេះ ខណៈពេលដែលប្រទេសជិតខាង ដូចជា វៀតណាម និង ថៃ បានផុតពូជអស់ទៅហើយ។
លោកបានលើកឡើងថា ការរក្សាបាននូវចំនួនថេរនេះ គឺដោយសារតែមានកិច្ចខិតខំប្រឹងប្រែងការពាររបស់រដ្ឋាភិបាល និងអង្គការជាច្រើនតាមរយៈផែនការអភិរក្សសត្វត្មាតរយៈពេល ១០ឆ្នាំ។ ក្រៅពីនោះ អង្គការធំៗបានបង្កើតក្រុមការងារអភិរក្សសត្វត្មាត ដែលដឹកនាំដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ហើយភាគីពាក់ព័ន្ធតែងតែជួបប្រជុំគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពសត្វត្មាតជាប្រចាំផងដែរ។
លោកបានបញ្ជាក់ថា៖«នៅក្នុងផែនការអភិរក្សហ្នឹងមានការការពារទីជម្រក ការពារកុំឱ្យមានការបំពុលកើនឡើង ទប់ស្កាត់ការនាំចូលឱសថ... ការបង្កើនការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ និង មួយទៀត យើងផ្តល់អាហារបន្ថែមដល់សត្វត្មាត។ នេះយើងខំប្រឹងប្រែងមក ហើយរក្សាបាននូវស្ថានភាពមួយថេរ»។
ការផ្តល់អាហារបន្ថែមដល់សត្វត្មាតនោះមានធ្វើឡើងនៅដែនជម្រកសត្វព្រៃ សៀមប៉ាង ខេត្តស្ទឹងត្រែង នៅដែនជម្រកសត្វព្រៃឆែប និង នៅតំបន់ព្រៃទឹកលិចទន្លេមេគង្គក្នុងខេត្តក្រចេះ។ ការធ្វើជំរឿនសត្វត្មាតតែងតែធ្វើឡើង ៥ដងក្នុងមួយឆ្នាំ ដែលក្នុងនោះនៅក្នុងខាងមិថុនាខាងមុខមានធ្វើរហូតដល់ទៅ ២ដងឯនោះ៕