
សកម្មភាពដោះមីន របស់មន្ត្រីស៊ីម៉ាក់នាពេលកន្លងមក។ CMAC
ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីន មនុស្សធម៌ (HDR&D Program) របស់សហរដ្ឋអាមេរិក, អាជ្ញាធរមីន និងប្រតិបត្តិករដោះមីននៅកម្ពុជា កំពុងជជែកពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យដោះមីនដើម្បីការបោសសម្អាតមីនកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់។
ការជជែកពិភាក្សានេះធ្វើឡើងក្នុងសិក្ខាសាលាពីថ្ងៃទី២០ដល់២១ ខែឧសភានេះ។
លោក Sean Burke នាយកកម្មវិធី HDR&D បានលើកឡើងថាកម្មវិធី HDR&D បានរួមចំណែកដល់វិស័យសម្អាតមីននៅកម្ពុជាចាប់ពីឆ្នាំ ២០០៦ តាមរយៈការគាំទ្រផ្តល់នូវសម្ភារបច្ចេកវិទ្យាសម្រាប់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិនៅកម្ពុជា។
លោកថ្លែងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ កម្ពុជាសម្រេចបានលទ្ធផលដ៏ល្អលើវិស័យសកម្មភាពមីន ដោយមានចំណែកនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាមេរិកផងដែរ។
បើតាមលោក Burke បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាចំនួន ១៩ ប្រភេទដែលមានប្រព័ន្ធដាច់ដោយឡែកពីគ្នាចំនួន ១៣៣ កំពុងត្រូវបានប្រើប្រាស់នៅកម្ពុជា ដែលមានតម្លៃជាង ៥,២ លានដុល្លារ។
លោកឲ្យដឹងដែរថា បច្ចេកវិទ្យាចំនួន៨ទៀតនឹងមកដល់កម្ពុជាក្នុងឆ្នាំនេះ ដែលក្នុងនោះការបណ្ដុះបណ្ដាលសម្រាប់បច្ចេកវិទ្យា ៣ ប្រភេទនឹងចាប់ផ្ដើមនៅខែកក្កដា ចំណែកបច្ចេកវិទ្យាចំនួន ៥ ទៀតនឹងមកដល់នៅចុងឆ្នាំនេះ។
លោក Burke និយាយថា ការរៀបចំសិក្ខាសាលា បានបង្ហាញពីប្តេជ្ញាចិត្កខ្ពស់របស់សហរដ្ឋអាមេរិកក្នុងការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ការរាវរក និងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត ជាពិសេសអាចកំណត់បានកាន់តែច្បាស់នូវប្រភេទសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោកជឿជាក់ថា អ្នកដោះមីនកម្ពុជាប្រមាណជាង ៥ ០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅទីវាលផ្ទាល់ នឹងកាន់តែទទួលបានសុខសុវត្ថិភាព និងលទ្ធផលល្អប្រសើរ ពីបច្ចេកវិទ្យា។ លើសពីនេះទៀត សម្ភារបច្ចេកវិទ្យាទំនើបនេះ នឹងធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនឲ្យកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់។
លោកថ្លែងថា៖ «ជារៀងរាល់ឆ្នាំ ការផ្ដល់មូលនិធិដ៏សំខាន់បូករួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗដែលមានតម្លៃជាង៦លានដុល្លារត្រូវបានផ្ដល់តាមរយៈកម្មវិធី HDR&D នេះ»។
លោកបន្តថា៖ «បច្ចេកវិទ្យាជឿនលឿនទាំងនេះដែលប្រើប្រាស់ដោយសហការីរបស់យើងនិងអង្គការនានាដូចជា HALO Trust និង MAG មានសារៈសំខាន់ក្នុងការស្វែងរកដើម្បីសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
យោងតាមលោក លី ធុជ សហរដ្ឋអាមេរិកបានចូលរួមចំណែកសម្រាប់វិស័យសកម្មភាពមីនក្នុងទឹកប្រាក់ ២០៨ លានដុល្លារគិតចាប់ពីឆ្នាំ១៩៩៣ មក៕