
មន្ត្រីចុះត្រួតពិនិត្យផ្ទះប្រជាពលរដ្ឋខូចខាតដោយសារខ្យល់កន្ត្រាក់នៅខេត្តព្រះវិហារកាលពីដើមខែឧសភា។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សចំនួន២៣ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរបួស ដោយសារតែបាតុភូតរន្ទះបាញ់ និងខ្យល់កន្រ្តាក់ដែលកើតមានឡើងចំនួន៦២ លើក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤ នេះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែឧសភា ថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៣ ខែឧសភាមក កម្រិតកម្ដៅបានធ្លាក់ចុះពី ៤ ទៅ ៥ អង្សាសេ ក្រោយ ពីវាបានឡើងដល់កម្រិតអតិបរមា ៤៣ អង្សាសេរួចមក។
ជ្រលងសម្ពាធទាបពីប្រទេស ឥណ្ឌូនេស៊ី និង ភាគកណ្តាលនៃអាងទន្លេមេគង្គបាននាំឱ្យមានភ្លៀងគ្រប់ទីកន្លែង ក្នុងបរិមាណតិចច្រើនដោយកន្លែង រួមជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ច្រើន។ រដូវវស្សាអាចនឹងចូលមកដល់នៅដំណាច់ខែឧសភានេះ ដែលយឺតជាងរាល់ឆ្នាំ។
ជាមួយនឹងភ្លៀងកក់ខែ ធ្លាក់មកជាបន្តបន្ទាប់ រួមជាមួយបាតុភូតផ្គរន្ទះ និង ខ្យល់កន្ត្រាក់កើតមានច្រើនជាងធម្មតា ដែលចាប់ពីថ្ងៃទី១ ដល់១៥ ខែឧសភា ខ្យល់កន្ត្រាក់បានកើតមាននៅរាជធានីខេត្តចំនួន ២២ លើក ដែលលើកលែងតែខេត្តកំពង់ចាម ព្រះសីហនុ និងខេត្តកណ្តាលប៉ុណ្ណោះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ខ្យល់កន្រ្តាក់ទាំងនោះបានបង្កឱ្យផ្ទះរលំ និង ខូចខាតធ្ងន់ធ្ងរ ១៧២ខ្នង របើកដំបូលនិងខូចមធ្យម ១ ១៤៤ខ្នង របើកដំបូលសាលារៀន ១២អគារ សាលាឃុំ សាលាឆាន់ និងការិយាល័យស្រុក ៣កន្លែង។ លើសពីនោះ វាក៏បានបណ្តាលឱ្យដួលរលំគ្រោងអគាររោងចក្រចំនួន ២ខ្នង ឃ្លាំងស្តុកទំនិញ១កន្លែង ហើយខូចខាតដើមស្វាយចន្ទី ៧,៦ហិកតា និង ដួលរលំដើមឈើ ៣ដើម ផងដែរ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា៖ «បាតុភូតខ្យល់កន្រ្តាក់ចំនួន ២២លើកនោះ បង្កឱ្យមានជនរងគ្រោះស្លាប់ចំនួន ២នាក់ និង របួស ៩នាក់ ដោយសារតែផ្ទះ និងដើមឈើរលំសង្កត់... គ្រោះថ្នាក់រន្ទះបាញ់បានកើតមានចំនួន ៤០លើក នៅតាមបណ្តាខេត្តចំនួន១៥ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២១នាក់ និងរបួស ១៨នាក់ផ្សេងទៀត ខណៈដែលងាប់គោក្របី ១១ ក្បាលបានងាប់ និងខូចខាតផ្ទះ ១០ខ្នង»។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានសន្និដ្ឋានផងដែរថា បន្ទាប់ពីបាតុភូតអែលនីញ៉ូ ការកើតឡើងនូវខ្យល់កន្ត្រាក់ និង រន្ទះបាញ់ក៏តែងតែកើតមានច្រើន តាមការកត់ចំណាំកន្លងមក។ ការខ្វះខាតទឹកប្រើប្រាស់ លែងមានបញ្ហាចោទទៀតហើយ ដោយបញ្ហានៅកើតមានបន្តិចបន្តួចនៅតាមទីកន្លែង ដែលទទួលបានទឹកភ្លៀងតិចតូចដូចជានៅខេត្តរតនគីរី មណ្ឌលគីរី និង ខេត្តកំពង់ស្ពឺ ជាដើម។ រីឯ ការបង្កបង្កើនផល ទើបតែចាប់ផ្តើមអនុវត្ត បន្ទាប់ពីមានភ្លៀងធ្លាក់ ហើយល្បឿននៃការងារនេះ អាចនិងយឺតជាងរាល់ឆ្នាំ។
តាមការព្យាករណ៍ ឆ្នាំ២០២៤ នេះ ករណីផ្គរន្ទះអាចកើតឡើងច្រើនជាងឆ្នាំមុន ដែលតម្រូវឱ្យមានកិច្ចខិតខំបន្តក្នុងការផ្សព្វផ្សាយ និង ស្វែងយល់ពីវិធានការការពារបាតុភូតធម្មជាតិនេះ ដើម្បីចូលរួមកាត់បន្ថយការបាត់បង់ជីវិត។
បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន១៤៣លើកកាលពីឆ្នាំ ២០២៣ ដែលបណ្តាលឱ្យខូចខាតផ្ទះចំនួន១៦ខ្នង ងាប់គោក្របីចំនួន១០៧ក្បាល ស្លាប់មនុស្ស៨៤នាក់ និងរបួស ៥៩នាក់។
ដោយឡែក កាលពីឆ្នាំ ២០២២ វិញ រន្ទះបាញ់បានកើតឡើងចំនួន ១១០លើក ដែលបង្កឱ្យខូចខាតផ្ទះពលរដ្ឋចំនួន ២៣ខ្នង ងាប់គោក្របី ៩០ក្បាល ស្លាប់មនុស្ស៦៣ នាក់ និងរងរបួស ៥៨នាក់ ផងដែរ៕