ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ស្នើ​​ចិនមើល​មក​កម្ពុជា​ជា «មិត្ត​ដែល​គួរ​ឱ្យ​ទុកចិត្ត» ហើយ​​លោក​បញ្ជាក់​សារ​ជា​ថ្មី​ថា ទោះ​បី​កម្ពុជា​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​ គោលជំហរ​កម្ពុជា​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​​ពុំ​មាន​ការ​ផ្លាស់ប្ដូរ​នោះ​ទេ។

លោក​ស្នើ​ដូច្នេះ​ក្នុង​ជំនួប​នាថ្ងៃទី២៣ ខែ​ឧសភា ជាមួយ​លោក Shohrat Zakir អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ។

បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​លោក​ប្រធាន​ព្រឹទ្ធសភា បញ្ជាក់​ថា៖ «សម្ដេច​ក៏​បាន​សុំ​ឱ្យ​មិត្ត​ចិន​មើល​មក​កម្ពុជា​ជា​មិត្ត​ដែល​គួរ​ឱ្យ​ទុកចិត្ត។ មិត្ត​ចិន​អាច​ទទួល​ការ​ពិត​មួយ​ហើយ គឺ​ការ​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី ពុំ​មាន​ការ​ផ្លាស់ប្ដូរ​គោលជំហរ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​ទេ»។

លោក​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​តែ​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ជាមួយ​នឹង​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​នេះ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែម​ទៀត។ 

លោក​បាន​ចាត់​ទុក​ការ​ជួយ​របស់​ចិន​មក​កម្ពុជា​មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​នោះ​ទេ តែ​ថែមទាំង​បាន​ជួយ​ពង្រឹង​ដល់​ឯករាជ្យ​ភាព​ខាង​នយោបាយ​របស់​កម្ពុជា​ទៀត​ផង។

លោក Shohrat Zakir ថ្លែង​ថា ចិន​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​អាទិភាព ហើយ​គាំទ្រ​កម្ពុជា ​«យ៉ាង​មុតមាំនូវ​មាគ៌ា​អភិវឌ្ឍន៍​» របស់​ខ្លួន ស្រប​តាម​សភាពការណ៍​ជាក់ស្ដែង។ ចិន​ក៏​បាន​ប្ដេជ្ញា​សហការ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ខិតខំ​ជំរុញ​ច្រក​របៀង​មច្ឆា និង​អង្ករ និង​ច្រក​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ឱ្យ​មាន​ការ​រីកចម្រើន​ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក។ 

លោក​ថ្លែង​ថា៖ «ភាគី​ចិន​នឹង​ប្ដេជ្ញា​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនើបកម្ម និង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ការពារ​អធិបតេយ្យ និង​សន្តិសុខ​របស់​ប្រទេស​ទាំងពីរ។ ភាគី​ចិន​ក៏​នឹង​ខិតខំ​ធ្វើ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត ការ​ធ្វើ​ទំនើបកម្ម​ច្នៃប្រឌិត និង​ការ​ចែករំលែក​បទពិសោធន៍​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ​ជាច្រើន​ទៀត»។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ដដែល។

លោក Shohrat Zakir បាន​បញ្ជាក់​ថា ភាគី​ចិន​នឹង​ខិតខំជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ការ​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា ការ​អភិវឌ្ឍ​ច្រក​របៀង​មច្ឆា និង​អង្ករ ច្រក​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ផ្លូវ​ថ្នល់ ផ្លូវ​ដែក អគ្គិសនី ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជាដើម។ 

ប្រទេស​ទាំងពីរ​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ល្បែងស៊ីសង​តាម​អនឡាញ  (Online) ការ​ជួញដូរ​មនុស្ស និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ជាដើម។ 

លោក​ ថុង ម៉េងដាវិត អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោលនយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទំនាក់ទំនង​កម្ពុជា និង​ចិន​បាន​ចាក់ស្រេះ​យ៉ាង​ជ្រៅ​ក្នុង​ស្រទាប់​សង្គម និង​នយោបាយ​កម្ពុជា រហូត​ដល់​មាន​ការ​បង្កើត​កិច្ចព្រមព្រៀង​ទីផ្សារ​សេរី និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៀត​ផង។ 

លោក​ថ្លែង​ថា បើ​ទោះ​កម្ពុជា​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​ក្ដី ក៏​កម្ពុជា​នៅតែ​ប្រកាន់​ខ្ជាប់​លើ​គោលការណ៍​ចិន​តែ​មួយ និង​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​សង្គម សេដ្ឋកិច្ច ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន វប្បធម៌ យោធា និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​សហគមន៍វាសនារួមកម្ពុជា-ចិន។ 

លោក​ ថុង ម៉េងដាវិត បន្ថែម​ថា៖ «ចិន​មិន​ត្រឹមតែ​មិត្ត​ល្អ បងប្អូន​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ចិន​ក៏​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​ច្រើន​ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី និង​ទំនើប​ៗ ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​កម្ពុជា និង​ជួយ​សម្រាល​ដល់​ជីវភាព​ប្រជាជន​កម្ពុជា​ផង​ដែរ»។

ពាក់ព័ន្ធ​បញ្ហា​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ថា «ជំហរ​កម្ពុជា​ចំពោះ​បញ្ហា​តៃវ៉ាន់​គឺ​មាន​សង្គតិភាព»។

កម្ពុជា​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​ចិន​មួយ ដោយ​ទទួលស្គាល់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែ​មួយ​គត់ តំណាង​ឱ្យ​ប្រទេស​ចិន​ទាំងមូល ហើយ​តៃវ៉ាន់​ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់ផ្ដាច់​ចេញ​ពី​ទឹកដី​របស់​ចិន។ 

អ្នកនាំ​ពាក្យ​ក្រសួង​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «កម្ពុជា​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ប្រើប្រាស់​បញ្ហា​តៃវ៉ាន់ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន ប្រឆាំង​គ្រប់​ទម្រង់​នៃ​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់ គាំទ្រ​យ៉ាង​មុតមាំ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ និង​មិន​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ណា​មួយ​ជាមួយ​តៃវ៉ាន់​នោះ​ទេ»។

កាលពីថ្ងៃទី២០ ឧសភា ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់ លោក Lai Ching-te បាន​ស្បថ​ចូល​កាន់​តំណែង បន្ទាប់​ពី​បាន​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ខែ​មករា៕