ភ្នំពេញៈ ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភពលោក​នា​ថ្ងៃទី​២៣ ខែ​ឧសភា​នេះ បាន​អនុម័ត​ឥណទាន​តម្លៃ ៤០លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​មួយ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ ៣៣ ០០០នាក់ តាមរយៈ​ការ​កែ​លម្អ​ការ​បណ្តុះ​បណ្តាល​ជំនាញ និង សេវាកម្ម​ទីផ្សារ​ការងារ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ធនាគារ​ពិភព​លោក។

ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ធនាគារ​ពិភពលោក (IDA) នេះ សំដៅ​លើក​កម្ពស់​គុណភាព និង​ជំនាញពាក់ព័ន្ធ​ការងារ​នៅ​ក្នុង​ចំណោម​កម្លាំង​ពលកម្ម​របស់​ប្រទេស និង​ជួយ​បង្កើន​លក្ខណៈ​សម្បត្តិ​ទទួល​បាន​ការងារ និង​រកប្រាក់​ចំណូល​បាន​របស់​កម្មករ។ 

ឥណទាន​នេះ​នឹង​ជួយ​ទ្រទ្រង់​ដល់​គម្រោង “ជំនាញ​សម្រាប់​ទទួល​បាន​ការងារ​កាន់តែ​ប្រសើរ”(Skills for Better Jobs) ដែល​ធ្វើ​ការ​ពង្រឹង​ការ​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ កែលម្អ​ការ​ណែនាំ​អំពី​អាជីព និង​ការ​ជួយរក ការងារ​ធ្វើ និង​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​និយោជក​ឱ្យ​បាន​កាន់តែ​ប្រសើរ​នៅ​ក្នុង​ការ​រៀបចំ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល។

ធនាគារពិភពលោក​បាន​បញ្ជាក់​ថា៖ «សេដ្ឋកិច្ច និង​ការងារ​របស់​កម្ពុជា​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយសារ​ស្ថិរភាព​ម៉ាក្រូ សេដ្ឋកិច្ច ការ​បើក​ចំហ​ពាណិជ្ជកម្ម និង​ភាព​អនុគ្រោះ​សម្រាប់​ចូល​ទីផ្សារ​លោក​ខាងលិច ដែល​បាន​ជួយ​ប្រទេស​នេះ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ»។ 

ទោះជាយ៉ាង​ណា​ក៏ដោយ គុណភាព​នៃ​ការងារ​នៅតែ​មាន​កម្រិត​ទាប ក្នុង​នោះ ៨៩ ភាគរយ​នៃ​ការងារ​នៅ​ក្នុង​ប្រទេស​សុទ្ធ​តែ​ជា​ការងារ​មាន​ជំនាញ​ទាប ហើយ​ក្នុង​នោះ​ទៀត មួយផ្នែក​ធំ​គឺជា​ការងារ​ក្រៅ​ប្រព័ន្ធ​ផ្លូវការ។

គម្រោង​“ជំនាញ​សម្រាប់​ទទួល​បាន​ការងារ​កាន់តែ​ប្រសើរ”ដែល​មាន​រយៈពេល​ប្រាំឆ្នាំនេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បីជួយ​កម្ពុជា​ធ្វើ ពិពិធកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​តាម​វិស័យ​នានា ដែល​ទាមទារ​ឱ្យ​មាន​ជំនាញ​កម្រិត​មធ្យម​ថែម​ទៀត។ គម្រោង​នេះ​នឹង​អនុវត្ត ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធាន​គ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា៖ «នៅពេល​កម្ពុជា​ខិតខំ បោះ​ជំហាន​ឈាន​ឡើង​នៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ និង​ធ្វើ​ពិពិធកម្ម​ផលិតកម្ម​របស់​ខ្លួន ការ​បង្កើន​ជំនាញ​កម្លាំង​ពលកម្ម​បច្ចុប្បន្ន និង នា​ពេល​ខាង​មុខ​នឹង​ក្លាយ​ជា​កិច្ចការ​គន្លឹះ​មួយ សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​ច្រើន និង​កាន់តែ​ប្រសើរ​ឡើង និង​ឆ្លើយតប​បាន​កាន់​តែ​ល្អ​ទៅ​នឹង​តម្រូវ​ការ​របស់​និយោជក»។ 

លោកស្រី​បាន​បន្ថែម​ថា ការ​បណ្តុះបណ្តាល ជំនាញ​បច្ចេកទេស ដែល​ឆ្លើយតប​បាន​ទៅ​នឹង​តម្រូវការ បន្ថែម​ដោយ​ការ​បណ្តុះបណ្តាល​ជំនាញ ដូចជា ជំនាញ​ឌីជីថល និង ជំនាញ​ឥរិយាបទ ជាដើម អាច​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោល​បំណង​របស់​ខ្លួន​បាន។

លទ្ធផល​រំពឹង​ទុក​សំខាន់ៗ​នៃ​គម្រោង​នេះ​មាន​ដូចជា៖ និយោជក​មាន​ការ​ពេញចិត្ត​ជាងមុន​ជាមួយ​នឹង​ជំនាញ​របស់​អ្នកដែល​បាន​បញ្ចប់​ការ​បណ្តុះ​បណ្តាល​របស់​កម្មវិធី, កា​រកើនឡើង​នៃ​ភាគ​ចំណែក​របស់​អ្នក​បញ្ចប់​ការ​សិក្សា​ដែល​រក​បាន​ការងារ​ដែល​ផ្តល់​ប្រាក់​ឈ្នួល​ក្នុង​កម្រិត​ខ្ពស់​ជាង​ប្រាក់​ឈ្នួល​មធ្យមជាតិ, លើក​កម្ពស់​មតិយោបល់​របស់​ឧស្សាហកម្ម​នានា​នៅ​ក្នុង​ការ​រចនា និង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល និង​ការ​សម្របសម្រួល​កិច្ច​សន្ទនា និង​ការ​សហការ​រវាង​ស្ថាប័ន​បណ្តុះបណ្តាល និង​និយោជក, លើក​កម្ពស់​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ការងារ និង​ការ​បង្កើន​ចំនួន​បុគ្គល​ដែល​ទទួល​បាន​ការប្រឹក្សាការងារ និង​ការ​ណែនាំ​អំពី​ការងារ៕