ភ្នំពេញៈ កម្មវិធីទូរស័ព្ទដៃ APP NoDrug មានអ្នកទាញយក និង ប្រើប្រាស់សរុបបានចំនួន ៨ ៦០៤នាក់ហើយ ក្នុងរយៈពេលមួយខែ ក្រោយពីកម្មវិធីទូរស័ព្ទដៃនេះត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៣ ខែមេសាកន្លងមក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ដែលជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បានថ្លែងថា នេះជាការបោះជំហានដ៏វិជ្ជមានមួយក្នុងការងារអប់រំ និង ការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយប្រើប្រាស់មធ្យោបាយបណ្តាញទំនាក់ទំនងសង្គមទំនើប និងរហ័សពេញនិយម។
លោករដ្ឋមន្ត្រីមានជំនឿយ៉ាងដូច្នេះថា៖ «ចំនួននៃការដំឡើង និងប្រើប្រាស់កម្មវិធីនេះនឹងកើនឡើងកាន់តែច្រើនថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់»។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់សាធារណជនឱ្យចូលរួមដំឡើង និង ប្រើប្រាស់កម្មវិធីទូរស័ព្ទនេះបន្ថែមទៀតផងដែរ។
ការដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ។
ជាងនេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹងនិងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន។
ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាច្រើនត្រូវបានពលរដ្ឋរាយការណ៍តាមរយៈកម្មវិធីនេះ ហើយសមត្ថកិច្ចទទួលអនុវត្តបង្ក្រាបប្រកបដោយជោគជ័យជាបន្តបន្ទាប់ផងដែរ។
សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចែកចាយ រក្សាទុក និង ផ្តល់ទីតាំងឱ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅផ្ទះសំណាក់ យីហោ សួរស្តី ស្ថិតក្នុងភូមិ៧ សង្កាត់ស្រះចក រាជធានីភ្នំពេញ។
ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១៩នាក់ ដែលរួមមានប្រុស ១១នាក់ និងស្រី ៨នាក់។
វត្ថុតាងដែលបានរកឃើញរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៤កញ្ចប់ និង ឧបករណ៍ សំរាបម្រើឱ្យការសេពគ្រឿងញៀន ដែលបានឆែកនិងពិនិត្យឃើញនៅក្នុងបន្ទប់ផ្ទះសំណាក់ចំនួន ១០បន្ទប់។ នេះបើយោងតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD)។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ទន្ទឹមនឹងប្រជាពលរដ្ឋកំពុងតែចាប់អារម្មណ៍ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះ ក្រុមការងារនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគួរតែមានការឆ្លើយតបទៅនឹងការរាយការណ៍ឱ្យបានលឿន និងទាន់ពេលវេលា ដើម្បីដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃកម្មវិធីទូរស័ព្ទដៃនេះ និងដើម្បីឱ្យការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀនមានប្រសិទ្ធភាព។
ទោះយ៉ាងណា លោកបានសង្កេតឃើញថា កម្មវិធីអភិបាលកិច្ចល្អមួយចំនួនបានធ្វើឱ្យពលរដ្ឋអស់ជំនឿ នៅពេលដែលពួកគាត់បានធ្វើសេចក្តីរាយការណ៍ទៅហើយ ប៉ុន្តែមិនមានការឆ្លើយតប ឬ គ្មានដំណោះស្រាយ។
លោកបញ្ជាក់ថា៖ «កាលណាមានការយកទៅប្រើប្រាស់បានទូលំទូលាយ នោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានបណ្តុំព័ត៌មានមួយយ៉ាងសំខាន់ពីពលរដ្ឋ។ ប្រសិនបើមានពលរដ្ឋជួយរាយការណ៍ច្រើន ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនមានប្រសិទ្ធភាពដែរ»។
លោកបន្ថែមថា លើសពីនោះ អាជ្ញាធរមូលដ្ឋាន និងពាក់ព័ន្ធផ្សេងៗក៏គួរតែបង្កើនការអប់រំផ្សព្វផ្សាយពីកម្មវិធីភូមិឃុំមានសុវត្ថិភាពដល់ពលរដ្ឋផងដែរ។
នៅក្នុងកម្មវិធីទូរស័ព្ទដៃនេះ មានកម្មវិធីជាច្រើនដូចជា៖ ព័ត៌មានថ្មីៗទាក់ទងនឹងការប្រឆាំងគ្រឿងញៀន ការកម្សាន្តដោយភ្ជាប់ជាមួយសារអប់រំ មេរៀននិងចំណេះដឹង ប្រឡង ទីតាំងមណ្ឌលស្តារសម្បទា និងមានកម្មវិធីសម្រាប់រាយការណ៍មកកាន់សមត្ថកិច្ចដោយសង្ងាត់ ដើម្បីចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់ និង ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ៕