ភ្នំពេញៈ អ្នក​បោះឆ្នោត​ជាង ​៩៩​ ភាគរយ​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ដែល​មាន​ចំនួន​ជាង​១ម៉ឺន​នាក់​បាន​ចេញ​ទៅ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ដែល​មាន​ជាង ​៥០០​អាសនៈ និង​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ដែល​មាន​ជាង ​៣ ០០០​អាសនៈ សម្រាប់​អាណត្តិ​ទី៤ កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

គ.ជ.ប បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃ​ទី​២៦ ឧសភា ថា៖ «តាម​តួលេខ​បណ្ដោះ​អាសន្ន​នៃ​អ្នក​បោះឆ្នោត​ដែល គ.ជ.ប ទទួល​បាន បង្ហាញ​ថា​អ្នក​បាន​ទៅ​បោះឆ្នោត​សរុប​មាន​ចំនួន ១១ ៥៩៨នាក់ ស្មើនឹង ៩៩,៧៩ ភាគរយ នៃ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​សរុប ១១ ៦២២នាក់»។

គ.ជ.ប លើក​ឡើង​ថា៖ «នៅ​ថ្ងៃ​បោះឆ្នោត​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព និង​មាន​សណ្ដាប់ធ្នាប់​ល្អ។ ទោះបី​នៅ​តាម​ស្រុក ក្រុង នៃ​ខេត្ត​មួយ​ចំនួន មាន​អាកាសធាតុ​អួអាប់​ដោយ​កន្លែង​ក្តី ក៏​មិន​បង្ក​ការ​រំខាន និង​រាំងស្ទះ​ដល់​ការ​បើក​ការិយាល័យ​បោះឆ្នោត និង​ការ​បោះឆ្នោត​ឡើយ»។ 

គ.ជ.ប លើក​ឡើង​ថា អ្នក​បោះឆ្នោត​បាន​ចេញ​ទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត នៅ​ទូទាំង​ប្រទេស​ដែល​មាន​ចំនួន​សរុប ២០៩ ការិយាល័យ ដោយ​ទឹកមុខ​រីករាយ និង​ជឿជាក់។ គណបក្ស​នយោបាយ​នានា​បាន​រក្សា​ភាព​ស្ងប់ស្ងាត់ ដើម្បី​ជំរុញ​ឱ្យ​ការ​បោះឆ្នោត ប្រព្រឹត្ត​ទៅ ដោយ​រលូន និង​ពុំ​មាន​ព័ត៌មាន​អំពី​ការ​បំភិតបំភ័យ ការ​គំរាមកំហែង និង​ទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត​ឡើយ។ 
គ.ជ.ប បន្ថែម​ថា កម្លាំង​សន្តិសុខ​បោះឆ្នោត​បាន​ដាក់​ពង្រាយ​តាម​គោលដៅ​នានា​ដែល​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ល្អ។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្រោយ​បិទ​បញ្ចប់​ការ​ឆ្នោត​នេះ​ថា៖ «បរិយាកាស​ទូទៅ​ជុំវិញ​ការ​បោះឆ្នោត​មាន​សភាព​ល្អ​ប្រសើរ ដែល​បង្ក​លក្ខណៈ​ដល់​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាម​កំហែង និង​ពុំ​មាន​សកម្មភាព​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​បោះឆ្នោត​ឡើយ ដែល​យើង​អាច​ចាត់​ទុក​ថា​ការ​បោះឆ្នោត​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ទទួល​បាន​លទ្ធផល​ជោគជ័យ​គួរ​ជា​ទីមោទនៈ»។

លោក​ថ្លែង​ថា គណបក្ស​ចំនួន​៥បាន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នេះ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា​ ឈរ​ឈ្មោះ​នៅ​មណ្ឌល​បោះឆ្នោត​រាជធានី ខេត្ត​ទាំង២៥ និង​មណ្ឌល​ក្រុង ស្រុក ខណ្ឌ ទាំង​២០៩ និង​មាន​បេក្ខជន​ជាង៨ ៦០០នាក់។ គណបក្ស​ឆន្ទៈ​ខ្មែរ​ឈរ​ឈ្មោះ​នៅ​មណ្ឌល​ចំនួន​២៣​រាជធានី ខេត្ត និង​១៩២​ក្រុង ស្រុក ខណ្ឌ​ និង​មាន​បេក្ខជន​ជាង​៧ ៩០០នាក់។

លោក​បន្ត​ថា គណបក្ស​កម្លាំង​ជាតិ​ឈរ​ឈ្មោះ​នៅ​មណ្ឌល​ចំនួន​២២​រាជធានី ខេត្ត និង​៨១​ក្រុង ស្រុក ខណ្ឌ និង​មាន​បេក្ខជន ៤ ០០១នាក់។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈរ​ឈ្មោះ​នៅ​១៨​រាជធានី ខេត្ត និង ១២១​ក្រុង ស្រុក ខណ្ឌ និង​មាន​បេក្ខជន​ជាង​៥ ៣០០នាក់។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឈរ​ឈ្មោះ​នៅ​១៧​រាជធានី ខេត្ត និង ៦៤ក្រុង​ ស្រុក ខណ្ឌ និង​មាន​បេក្ខជន​ជាង៣ ២០០នាក់។

គ.ជ.ប បាន​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​ជាង ១ ៥០០នាក់ មក​ពី​១២​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល អ្នក​សង្កេតការណ៍​អន្តរជាតិ៨​នាក់​មក​ពី​សមាគម​និស្សិត និង​សមាគម​ទំនាក់ទំនង​យុវជន​កម្ពុជា-ចិន និង​ភ្ញៀវ​ពិសេស​៣​នាក់​ជា​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ​៣​មក​ពី​ប្រទេស​ជប៉ុន។

រាជធានី ខេត្ត​មាន​ចំនួន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​សរុប​៥៥៩អាសនៈ។ ខេត្ត​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​មាន​៧​ខេត្ត​គឺ​ខេត្ត​បាត់ដំបង កំពង់ចាម កណ្ដាល ភ្នំពេញ ព្រៃវែង សៀមរាប តាកែវ ដែល​ខេត្ត​នីមួយៗ​មាន​២៧អាសនៈ។ ខេត្ត​ដែល​មាន​អាសនៈ​តិច​ជាង​គេ​មាន​៣​ខេត្ត គឺ​ខេត្ត​មណ្ឌលគិរី កែប និង​ប៉ៃលិន ដែល​ខេត្ត​នីមួយៗ​មាន​១៥​អាសនៈ។ 

ចំនួន​អាសនៈ​ក្រុមប្រឹក្សា​ក្រុង​ ស្រុក ខណ្ឌ នៅ​ទូទាំង​ប្រទេស​សរុប​មាន​ចំនួន ​៣ ៦៤១ ​អាសនៈ។

លទ្ធផល​បឋម​ដែល​ប្រកាស​ដោយ​ គ.ជ.ប បាន​បង្ហាញ​ថា សម្រាប់​រាជធានី​ភ្នំពេញ​ដែល​មាន​២៧អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៨១៣ សំឡេង​ឆ្នោត គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន ៨០​ សំឡេង​ឆ្នោត គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​ ១សំឡេង​ឆ្នោត ចំណែក​គណបក្ស​ ២​ផ្សេងទៀត​មិន​ទទួល​បាន​សំឡេង​ឆ្នោត​នោះ​ទេ។ 

លទ្ធផល​បឋម​បង្ហាញ​ថា សម្រាប់​ខេត្ត​កណ្ដាល​ដែល​មាន​ ២៧​អាសនៈជា​សមាជិក​ក្រុមប្រឹក្សា​ដែរ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ច្រើន​ជាង​គេ​គឺ ៧៦១សំឡេង បន្ទាប់​មក​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​១២១​សំឡេង៕

សម្រាប់​ខេត្ត​ព្រៃវែង ដែល​មាន​២៧​អាសនៈជា​សមាជិក​ក្រុមប្រឹក្សា​ដែរ​នោះ លទ្ធផល​បឋម​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ច្រើន​ជាង​គេ​គឺ ៧៣៧សំឡេង បន្ទាប់​មក​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន ​១៤០សំឡេង៕