ភ្នំពេញ: អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​ប្រារព្ធ​ខួប​លើក​ទី ២០ របស់​ខ្លួន​ជាមួយ​នឹង​ការ​​បង្ហាញ​ពី​សមិទ្ធផល​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​រយៈពេល​ពីរ​ទសវត្សរ៍​ក្នុង​ការ​ជួយ​ដល់​កុមារ​ដែល​មាន​ហានិភ័យ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បង្កើត​ឡើង​ដោយ លោក ស្កុត នីសុន អតីតនាយក​ប្រតិបត្តិ​ហូលីវូដ អង្គការ CCF បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវិត​អ្នក​រស់នៅ​តំបន់ ស្ទឹងមានជ័យ​ជាង ១៥ម៉ឺន​នាក់ ​តាមរយៈ​កម្មវិធី​អប់រំ ការ​ថែទាំ​សុខភាព និង​ការ​គាំទ្រ​សហគមន៍​យ៉ាង​ទូលំទូលាយ​របស់ខ្លួន​។​

ដំណើរ​នេះ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០០៤ នៅពេល​លោក ស្កុត នីសុន បាន​បោះបង់​ការ​រស់នៅ​ដ៏ហ៊ឺហា​ក្នុង​ហូលីវូដ ហើយ​បាន​មក​ជួប​ក្មេងស្រី​អាយុ ៨ ឆ្នាំ​ម្នាក់​ឈ្មោះ ស្រីនិច នៅ​ទីលាន​ចាក់​សំរាម​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ មុន​ពេល​ពង្រីក​ខ្លួន​ទៅ​បង្កើត​សេវា​ថែទាំ​សុខភាព និង​សុខុមាលភាព​របស់​កុមារ​ចំនួន ៤៥ នាក់។

ឆាកជីវិត ស្រីនិច និង​ក្រុមគ្រួសារ​របស់​នាង​នៅលើ​គំនរ​​សំរាម​ប្រកប​ដោយ​​គ្រោះថ្នាក់​ បាន​ធ្វើ​ឱ្យ​លោកស្កុត​​ នីសុន​ ​​ជំរុញ​ការ​បង្កើត​អង្គការ​ CCF។​

សព្វថ្ងៃនេះ អង្គការ​បាន​ពង្រីក​ដើម្បី​ជួយ​ដល់​កុមារ​​ ៤៣០០នាក់​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​លទ្ធភាព​ទទួលបាន​សេវា និង​ការអប់រំ​សំខាន់ៗ​។​

លោកស្រី ពេជ ចន្ទ​មុនី ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចូលរួម​ក្នុង​កម្មវិធី​អបអរ​ខួប ២០ ឆ្នាំ​​នេះ ដោយ​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​បេសកកម្ម​របស់ CCF។​

លោកស្រី ពេជ ចន្ទ​មុនី ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចូលរួម​ក្នុង​កម្មវិធី​អបអរ​ខួប ២០ ឆ្នាំ​​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)កាល​ពី​ថ្ងៃទី​២៦ ខែ​ឧសភា។ CCF

ក្នុង​នាម​ជា​អគ្គស្នងការ​នៃ​សមាគមកាយ​ឬទ្ធិ​កម្ពុជា (GGAC) លោកស្រី ចន្ទ​​មុនី បាន​កោត​សរសើរ​ចំពោះ​ការលះបង់​ឥតងាក​រេ​របស់​លោក ស្កុត នីសុន និង​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​គាំទ្រ​របស់ CCF។​

លោកស្រី ចន្ទ​មុនី ​អញ្ជើញ​ចូល​ជា​អធិបតី​ក្នុង​ពិធី​កាល​ពី​ថ្ងៃទី​២៦ ខែ​ឧសភា នៅ​ស្ទឹងមានជ័យ បាន​ថ្លែង​ថា​៖ «​ថ្ងៃនេះ​ជា​ឱកាស​ដ៏​រីករាយ និង​មោទនភាព​មួយ​ដែល​ខ្ញុំ​ជា​អធិបតី​ក្នុង​ខួប​២០​ឆ្នាំ​នៃ​មូលនិធិ​កុមារ​កម្ពុជា​»​។​

លោកស្រី​​ដែល​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ  (TYDA)​ ផងដែរ បាន​បន្ដថា៖ «​វា​ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​បំភ្លេច​បាន​សម្រាប់​អង្គការ​ CCF ក្នុង​បុព្វហេតុ​ដ៏​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មកនេះ។​ ​ក្តីមេត្តា​ពិត​ចំពោះ​កុមារ​កម្ពុជា និង​ការ​លះបង់​របស់​លោក ស្កុត នីសុន​ បាន​បំផុស​គំនិត​ខ្ញុំ​ និង​ស្វាមី​ខ្ញុំ​ឱ្យ​គាំទ្រ​បេសកកម្ម​របស់ CCF»។​

លោកស្រី​បាន​ថ្លែង​ទៀត​ថា​៖ «អរគុណ​ចេញ​ពី​​បេះដូង​របស់ខ្ញុំ​ចំពោះ​លោក ស្កុត នីសុន​។ ក្នុង​នាម​សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​អស់​ពី​ដួងចិត្ត​ចំពោះ​ស្ថាបនិក ថ្នាក់​ដឹកនាំ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​មូលនិធិ​កុមារ​កម្ពុជា ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ និង​ការ​ខិតខំ​ប្រឹងប្រែង​មិនចេះ​នឿយហត់​»។​

លោក ស្កុត នីសុន​​ ដែល​បាន​បោះបង់​អាជីព​​ដើម្បី​ចាប់ផ្តើម​អង្គការ​ CCF បាន​និយាយថា លោក​​មិន​នឹក​​ស្រមៃ​ថា​នឹង​សម្រេចបាន​អ្វីដូច​សព្វថ្ងៃ​​នោះទេ​។​

លោក​បាន​ឱ្យដឹងថា​៖ «​វា​ចាប់ផ្តើម​ពី​ក្មេងស្រី​អាយុ​ប្រាំបី​ឆ្នាំ​ម្នាក់​ឈ្មោះ ស្រី​និច ដែល​រស់នៅ និងរើស​អេត​ចាយ​​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត​នៅ​លើ​ទីលាន​ចាក់​សំរាម​ជាមួយ​ម្តាយ និង​បងស្រី​របស់​នាង​។ សព្វថ្ងៃនេះ យើង​មាន​កុមារ​ប្រហែល ២ពាន់​នាក់​ដែល​កំពុង​ធ្វើការ​ឆ្ពោះ​ទៅរក​ជីវិត​កាន់តែ​ប្រសើរឡើង​សម្រាប់​ខ្លួនគេ និង​ក្រុម​គ្រួសារ​របស់​ពួកគេ»​។​

លោក​បាន​ថ្លែង​ថា៖ «​យើង​បាន​ពង្រីក​លទ្ធភាព​របស់​យើង​ក្នុង​ការផ្តល់​ការអប់រំ ការថែទាំ​សុខភាព និង​ការគាំទ្រ​សហគមន៍​ដើម្បី​ជះឥទ្ធិពល​ដល់​ជីវិត​មនុស្ស​ជាង ១សែន ៥ម៉ឺន​ ៥ពាន់​នាក់ ដែលជា​រឿង​គួរឱ្យ​កត់​សម្គាល់»។

សិស្ស​ជិត ២ពាន់នាក់​ឥឡូវនេះ​កំពុងធ្វើការ​ឆ្ពោះទៅរក​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​ខ្លួនឯង និង​ក្រុមគ្រួសារ​របស់​ពួកគេ​។​

លោកស្កុត នីសុន បាន​និយាយ​ថា កុមារ​ចំនួន ៤៣០០នាក់​ត្រូវបាន​ចាត់​ទុក​ថា​មាន​ហានិភ័យ​ពីការ​ព្រងើយ​កណ្ដើយ​​ កង្វះ​អាហារូបត្ថម្ភ ឬ​ការ​រំលោភបំពាន​ដោយសារ​តែ​ភាព​ក្រីក្រ។​

លោក ស្កុត នីសុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​បើ​គ្មាន​ការ​អន្តរាគមន៍​ទេ ពួកគេ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការបោះបង់​ការសិក្សា​ទៅធ្វើ​ការ ដើម្បី​ផ្តល់ប្រាក់​ចំណូល​ដល់​គ្រួសារ​របស់​ពួកគេ ឬ​មើលថែទាំ​ប្អូនស្រី​តូចៗ ខណៈដែល​ឪពុកម្តាយ​របស់​ពួកគេ​ចេញ​ធ្វើការ​ខាងក្រៅ​»។​

លោក​បន្ដថា៖ «​កុមារ​ក៏​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ចេញទៅ​ក្រៅ​តាម​ដងផ្លូវ​ក្នុង​បរិយាកាស​ដែល​មិនមាន​សុវត្ថិភាព ខណៈពេលដែល​ឪពុកម្តាយ​របស់​ពួកគេ​កំពុងធ្វើការ​»។​

អង្គការ CCF ផ្តល់​ការគាំទ្រ និង​ការថែទាំ​ដើម្បី​រក្សា​កុមារ​ទាំងនេះ​នៅក្នុង​សាលារៀន និង​មាន​សុវត្ថិភាព​ជាមួយនឹង​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​កម្មវិធី​គាំទ្រ​សហគមន៍​។​

លោកស្រី ចន្ទ​មុនី ដែលមាន​ទំនាក់ទំនង​ពិសេស​ជាមួយ​​ដូនចាស់​​ក្នុង​សហគមន៍​របស់ CCF បាន​ចូលរួម​ក្នុង​ពិធីកម្មវិធី​អបអរ​នេះ​ ចូលរួម​ជាមួយ​ភ្ញៀវ និង​ទស្សនា​ស្តង់ ក៏ដូចជា​​ការបង្ហាញ​ផ្សេងៗ​។​
​នៅក្នុង​សុន្ទរកថា លោក​ស្រី​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​ការគាំទ្រ​សម្រាប់​បេសកកម្ម​របស់ CCF ពី​សប្បុរសជន និង​អ្នកពាក់ព័ន្ធ​។​

លោកស្រី​បាន​អំពាវនាវ​ថា៖ «​ជំនួយ​របស់លោក​​អ្នក​គ្រប់​ទម្រង់ មិន​ថា​តាមរយៈ​ការ​រួម​ចំណែក​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​ប្រតិបត្តិ​ការផ្តល់​មូលនិធិ ការបរិច្ចាគ​សម្ភារៈ និង​ឧបករណ៍​អប់រំ​​ ឬ​ការចែករំលែក​គំនិត ជំនាញ និង​ចំណេះ​ដឹង គឺ​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ក្នុង​ការធានា​ឱ្យ​ទទួល​បាន​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មូលនិធិ»។

ព្រឹត្តិការណ៍​នេះ​ក៏បាន​លើកឡើង​ពី​រឿងរ៉ាវ​ជោគជ័យ​របស់​អតីត​និស្សិតអង្គការ​ CCF ដូចជា កញ្ញា រុន សុភី​​ ដែល​បាន​ចេញពី​ការរស់នៅ​លើ​គំនរ​សំរាម​រហូត​ដល់​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Melbourne និង លោក ហាវ ញ៉ាញ់​ ដែល​បច្ចុប្បន្ន​ជា​អ្នក​ផលិត​ខ្សែភាពយន្ត​ដ៏​ជោគជ័យ​។​ ​រឿងរ៉ាវ​​របស់​ពួកគេ​ជា​ឧទាហរណ៍​អំពី​អំណាច​ផ្លាស់ប្តូរ​នៃ​កម្មវិធី​របស់ CCF។

កញ្ញា សុភី បាន​និយាយ​ពី​ដំណើរ​ជីវិត​ពី​កន្លែង​ភ្នំ​សំរាម​ដើម្បី​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ថា៖ «CCF បានជួយ​ខ្ញុំ​ជាច្រើន។ ខ្ញុំ​ច្បាស់​ជា​គ្មាន​ថ្ងៃនេះ​ដោយ​មិនមាន​អង្គការ​ CCF នោះ។ ពួកគេ​បាន​ផ្តល់ឱ្យ​ខ្ញុំ​នូវ​អ្វីៗ​គ្រប់​យ៉ាង។

លោក ញ៉ាញ់​ បាន​ចំណាយ​ពេល​ប្រាំ​ឆ្នាំ​រស់​នៅ និង​រើស​អេតចាយ​លើ​ទីលាន​ចាក់​សំរាម​តាំង​ពី​ក្មេង ហើយ​មិន​ដែល​ជឿថា លោក​នឹង​ចាក​ចេញ​ពី​ទីលាន​ចាក់​សំរាម​នោះ​ទេ។ ដោយ​មាន​ការ​គាំទ្រ​ពី CCF លោក​បាន​ចាក​ចេញ ហើយ​ឥឡូវនេះ​កំពុង​ចាប់​​អាជីព​ដ៏​ជោគជ័យ​ក្នុង​ការ​ផលិត​ភាពយន្ត។

លោក​និយាយ​ថា៖ «ខ្ញុំ​គិតថា ​ខ្ញុំ​នឹង​ក្លាយជា​អ្នក​រើស​សំរាម​មួយជីវិត​។ ខ្ញុំ​មិនបាន​គិតថា ​ខ្ញុំ​មាន​អនាគត​ទេ។​ នៅពេល​ខ្ញុំ​គិត​អំពី​អតីតកាល ខ្ញុំ​មិនអាច​ជឿថា អ្វីៗ​បាន​ផ្លាស់ប្តូរ​ប៉ុន្មាន​នោះទេ​។ ប្រសិនបើ​អ្នកមាន​ឱកាស​សិក្សា​ដូច​ខ្ញុំ​ត្រូវបាន​ផ្តល់ឱ្យ នោះ​អ្នកទទួលយក​វា ហើយ​នោះ​ជា​ឱកាស​របស់​អ្នក​ក្នុងការ​ផ្លាស់ប្តូរ​ជោគវាសនា​របស់​អ្នក​។ អ្នក​មិនអាច​ផ្លាស់ប្តូរ​អតីតកាល​បានទេ ប៉ុន្តែ​អ្នក​អាច​ផ្លាស់ប្តូរ​អនាគត​បាន»។​

ពិធី​អបអរ​ខួប ២០ ឆ្នាំ​អង្គការ​នេះ​​តាម​ដងផ្លូវ​សហគមន៍​បាន​បើកទូលាយ​​សម្រាប់​សហគមន៍​ស្ទឹងមានជ័យ​ទាំងមូល​ជាមួយនឹង​ល្បែង​កម្សាន្ត និង​តន្ត្រី​។​

ព្រះនាង​តូច នរោត្ដម​ ចេនណា គឺជា​តួ​ឯកសំខាន់​ម្នាក់​​ក្នុងចំណោម​តារាចម្រៀង​ល្បីឈ្មោះ​ដែល​សម្តែង​នៅលើ​​ឆាក​សហគមន៍​។ សិល្បករ​ផ្សេងទៀត ​រួមមាន លោក សាយ កញ្ញា វិ​ស លោក ពុទ្ធិកា និង​កញ្ញា សុខ សេរី។ នេះ​បើតាម​អ្នក​នាង​ ខេ​ត ជីន អ្នក​និពន្ធជាន់​ខ្ពស់​នៃ​ផ្នែក​​ទំនាក់ទំនង​រ​បស់អង្គការ​ CCF៕