យុវជន​ដែល​ជាក្មេង​ទំនើង​ប្រមាណ ៧០​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ការ​កាន់​កាប់​អាវុធ​សម្រាប់​ប្រហារ​ដោយ​គ្មាន​ការ​អនុញ្ញាត​​ក្នុង​រយៈពេល​តែ ៣ ថ្ងៃ​ បន្ទាប់​ពី​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អ្នកឃ្លាំមើល​ស្នើ​ឲ្យ​មើល​ទៅ​លើ​ឫស​គល់​នៃ​បញ្ហា​ដើម្បី​ធ្វើ​ឲ្យ​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​នេះ​មាន​និរន្តរភាព។

ក្នុង​រយៈ​ពេល ​៣ថ្ងៃ ចាប់​ពី​ថ្ងៃទី២៤ ដល់២៦ ខែ​ឧសភា​នេះ ក្មេង​ទំនើង​ប្រមាណ​ ៧០​នាក់ពី​​រាជធានី​ភ្នំពេញ និង ខេត្ត​មួយ​ចំនួន​​ត្រូវ​បាន​ចោទប្រកាន់​​ដោយ​ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធ​ធនាគារ ​ខណៈ​ខ្លះ​ទៀត​កំពុង​គេច​ខ្លួន និង ​ស្ថិត​ក្រោមការ​តាម​ចាប់របស់​សមត្ថកិច្ច។ នេះ​បើ​តាម​​​​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​រាជធានី និង​​បណ្ដាខេត្ត​មួយ​ចំនួន​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​យុត្តិធម៌។

ចំណាត់​ការ​បែប​តឹងរ៉ឹង​នេះ មាន​ឡើង​បន្ទាប់ពី​លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​បទ​បញ្ជា​តឹងរ៉ឹង​កាលពី​ថ្ងៃទី២៣ ខែឧសភា ដោយគ្មានការ​លើកលែង​ចំពោះ​សកម្មភាព​ក្មេង​ទំនើង​ដែល​បង្ក​ការ​ភ័យខ្លាចនិង​ធ្វើ​ឲ្យ​បាត់​បង់​សណ្ដាប់​ធ្នាប់​សង្គម។

យោងតាម​តាមត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​២​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី​៤​ទៅ​១០​​លាន​រៀល។​

ចំណែក​បទ​កាន់​កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ខែ​ទៅ​៣​ឆ្នាំ។ បើតាម​ដីកា​តុលាការ ភាគ​ច្រើន​នៃក្មេង​ទំនើង​ត្រូវ​បាន​ចោទប្រកាន់​ដោយ​បទ​ល្មើស​ទាំង​ពីរ​នេះ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៦ ខែឧសភា​​បញ្ជាក់​ថា៖ «ចំពោះ​សកម្មភាព​របស់​ក្មេង​ទំនើង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​ និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ តុលាការ​បាន​និង​កំពុង​បន្ត​អនុវត្ត​ច្បាប់​ដោយ​ម៉ឹងម៉ាត់​និង​តឹងរ៉ឹង​»។

អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ទូច សុខៈ បាន​ឲ្យដឹង​ថា គ្មាន​ទៀត​ទេ​ការ​អប់រំ​សម្រាប់​សកម្មភាព​ក្មេង​ទំនើង ដែល​ពីមុន​យន្តការ​អប់រំ​ត្រូវ​បាន​អនុវត្ត។ 

លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​អនុវត្តនេះ​ធ្វើ​ឡើង​តាម​បទ​បញ្ជា​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត និង​អគ្គស្នងការ​នគបាល​ជាតិ លោក ស ថេត ក៏ដូចជា​​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ។

លោក​ថា៖ «ចាប់​ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែឧសភា​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​ក្មេង​ទំនើង​រហូត​ដល់​ទៅ​ ៤៥​នាក់ ក្នុង​១០​ករណី​ផ្សេងៗ​គ្នា។ ក្នុង​នោះ​មាន​មុខសញ្ញា​មាន​សារធាតុ​ញៀន​ មាន​សិស្ស​ មាន​អ្នក​ប្រកប​មុខ​របប អ្នក​រើស​អេតចាយ អ្នក​ដឹកជញ្ជូន កម្មករ និង​អ្នក​គ្មាន​មុខ​របប។ អ្នកទាំង​ ៤៥​នាក់​នេះ​យើង​បាន​បញ្ជូន​គាត់​ទៅ​កាន់​តុលាការ​ដើម្បី​អនុវត្ត​ទៅតាម​ផ្លូវ​ច្បាប់ ករណី​បង្ករ​ហិង្សា ការ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ ការ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា»។

លោក​បញ្ជាក់​ទៀត​ថា ការ​យក​វិធានការ​ច្បាប់​សម្រាប់​សកម្មភាព​ក្មេង​ទំនើង​គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​វិធានការ​នេះ​មាន​ប្រសិទ្ធភាព​ជាទី​បំផុត។ លោក​បន្ត​ថា ស្នងការ​រាជធានី​ភ្នំពេញ​នឹង​ប្ដេជ្ញា​ធ្វើ​កិច្ចការ​នេះ​ឲ្យ​ខាង​តែ​បាន ទាំង​វិធានការ​រដ្ឋបាល និង​វិធាន​ការ​ច្បាប់។

លោក​បញ្ជាក់​ថា៖ «យើង​នឹង​បន្ត​សហការ​ជាមួយ​នាយក​សាលា​ដើម្បី​ធ្វើ​ការងារ​រដ្ឋបាល​ចំពោះ​មុខ​សញ្ញា​សិស្ស​ដែល​មាន​ការ​សង្ស័យជា​ក្មេង​ទំនើង យើង​នឹង​ត្រួត​ពិនិត្យ​រក​មើល​អាវុធ​ផ្សេងៗ។ យើង​នឹង​បន្ត​ពិនិត្យ​កន្លែង​លក់​កាំបិត​លក់​ដាវ​តាមភាព​ជាក់ស្ដែង​ និង​ហាម​ឃាត់​គាត់​មិន​ឲ្យ​លក់​ទៅដល់​ក្មេង​ទំនើង​នោះទេ។ យើង​នឹង​បន្ត​ពិនិត្យ​មើល​ថា​តើ​កន្លែង​លក់​កាំបិត​លក់ដាវ​នេះ​បាន​អនុវត្ត​តាម​អ្វី​ដែល​សមត្ថកិច្ច​បាន​ណែនាំ​ឬ​អត់​ដើម្បី​មាន​វិធាន​ការតាម​ជាក់ស្ដែង»។

លោក មាស នី អ្នក​ឃ្លាំមើល​សង្គម យល់​ឃើញ​ថា វិធានការ​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​គឺជា​រឿង​ត្រឹម​ត្រូវ។ យ៉ាងណា​ក៏ដោយ លោក​ស្នើ​ឲ្យ​ពិនិត្យ​មើល​ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​សង្គម​ដែល​បណ្ដាល​​ឲ្យ​មាន​សកម្មភាព​ក្មេង​ទំនើង។ 

លោកថ្លែង​ថា ក្មេង​ទំនើង​អាច​កើត​ចេញ​ពី​ការ​បណ្ដែត​បណ្ដោយ​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ដំណាក់​កាលដំបូង​ដែល​ក្រោយ​មក​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធំទៅៗ។

តាមការ​អង្កេត​របស់​លោក ក្មេង​ទំនើង​ភាគច្រើន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង។ លោក​បន្ត​ថា ក្មេង​ទំនើង​ខ្លះ មាន​ប្រវត្តិ​ចេញ​ពី​គ្រួសារ​អាជ្ញាធរ​មូលដ្ឋាន​ក៏​មាន ហើយ​ពួក​គេ​ទទួល​បាន​ការ​យោគយល់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​សកម្មភាព​ទំនើង។ ម្យ៉ាង​ទៀត ប្រភព​នៃក្មេង​ទំនើង​គឺ​ក្មេង​ដែល​បោះ​បង់​សាលា​។ «បើយើង​គ្រាន់តែ​ចាប់​ក្មេង​យក​ទៅ​ដាក់​គុក ហើយ​យើង​​មិន​បាន​មើល​ប្រព័ន្ធ​អប់រំ​ធ្វើ​ឲ្យ​ក្មេង​ជ្រុះ​ពី​ប្រព័ន្ធ​អប់រំ ហើយ​ដើរ​លេង​ពាស​វាល​ពាស​កាល​បង្ក​បញ្ហា​សង្គម​នោះ វា​ក៏​មាន​បញ្ហា​ដែរ ដូចថ្ងៃនេះ​អីចឹង»។ 

លោក​បន្ថែមថា៖ «រដ្ឋាភិបាល​គួរ​តែ​មើល​បញ្ហា​នេះ ព្រោះ​ក្មេង​ទំនើង​សុទ្ធតែ​ស្ថិត​ក្នុង​អាយុ​មួយ​ គឺ​អាយុ​ផលិត​។ បើ​យើង​មិន​បាន​គិត​ពី​យុទ្ធសាស្ត្រ​ទេ​ហើយ​គ្រាន់​តែ​​ចាប់​​ក្មេង​យក​ទៅញាត់​គុក បន្តិត​ទៀត​គុក​វា​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែល​យក​យុវជន​កម្លាំង​ពេញ​ទៅ​ឃុំ​ទុក ហើយ​ចិញ្ចឹម​ពួកគេ​វិញ មិន​មែន​ពួក​គេ​អ្នក​រកស៊ី​ចិញ្ចឹម​ខ្លួន​ឯង ឬ​ចិញ្ចឹម​គ្រួសារ​របស់​ពួក​គេ​ទេ គឺទៅ​ជារដ្ឋ​ជា​អ្នក​ចិញ្ចឹម​ពួក​គេ​ទៅវិញ»។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គាំទ្រ​ឲ្យ​មាន​វិធានការ​តឹង ប៉ុន្តែ​សុំ​ឲ្យ​ទៅ​មើល​មូលហេតុ​ដើម​របស់​វា​ឲ្យបាន​ច្រើន​ផង ដូច​ជា​ហេតុ​អ្វីបាន​ជា​ក្មេង​ជ្រុះ​ពី​ប្រព័ន្ធ​អប់រំ»។

លោក​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ទៅ​លើ​ក្រុមយុវជន​ដែល​បោះបង់​ការ​សិក្សា និង​អ្នក​ដែល​ប្រឡង​មិន​ជាប់ ថាតើ​ពួក​គេ​ងាក​ទៅ​ធ្វើ​អ្វី​វិញ។

រដ្ឋាភិបាល​កាល​ពី​ចុង​ឆ្នាំ​២០២៣ បាន​ដាក់​ចេញ​គោលនយោបាយ​ផ្ដល់​ការ​អប់រំ​ផ្នែក​ជំនាញ​ដល់​គ្រួសារ​ក្រីក្រ​សរុប ១,៥​លាន​នាក់។ ពួក​គេ​ទទួល​បាន​ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​ស្នាក់​នៅ​ហូបចុក​ប្រមាណ ៧០​ដុល្លារ។ ប៉ុន្តែ​លោក មាស នី យល់​ថា ការ​ឧបត្ថម្ភ​នេះ​មិន​ទាន់​គ្រប់​គ្រាន់​នៅឡើយ។

លោក​ថា យុវជន​ភាគ​ច្រើន​ហាក់​ដូច​ជា​មិន​បាន​រៀន​កម្មវិធី​ទាំង​នេះ​ឲ្យ​បាន​ជាប់​លាប់ រហូត​ដល់​បញ្ចប់​ការ​សិក្សា​និង​ទទួល​បាន​ការងារ​ធ្វើ​ដោយសារ​តែពួក​គេ​មិន​អាច​ទ្រទ្រង់​ការ​ស្នាក់​នៅ​ហូបចុក​គ្រប់គ្រាន់។ លោក​បញ្ជាក់​ថា យុវជន​ដែល​មក​ពី​គ្រួសារ​ដែល​មាន​ជីវភាព​គ្រាន់​បើ​អាច​បញ្ចប់​ការ​សិក្សា​មុខ​ជំនាញ​ដែល​ពួក​គេ​ជ្រើសរើស។

លោក ឈត ប៊ុនថង​ មន្ត្រីស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង ​វប្បធម៌ ​អប់រំ​ និង​ទេសចរណ៍​ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លើក​ឡើង​ថា វិធានការ​ក្ដៅ​នេះ​មាន​ប្រសិទ្ធភាព​ដែរ​នៅ​ពេល​សន្ទុះ​នៃ​ក្មេង​ទំនើង​មាន​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​ក្មេង​ផ្សេង​ទៀត​មាន​ការ​ភ័យ​ខ្លាច។

យ៉ាងណា​ក៏ដោយ លោកថា វិធី​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ត្រូវ​មើល​ឫស​គល់​នៃ​បញ្ហា​ តាំង​ពី​ក្មេង​នោះ​នៅ​តូច។ 

លោក​ថ្លែង​ថា៖ «តើ​ក្មេង​នោះ​កើតមក ឪពុក​ម្ដាយ​បាន​ចិញ្ចឹម​បីបាច់​ត្រឹមត្រូវ​ឬ​អត់?​ ឬមួយ​ឪពុក​ម្ដាយ​គាត់​ស្លាប់​ក្រោយ​ពេល​កើត ឬ​មួយ​អ្នកខ្លះ​មានតែ​ម្ដាយ ឬ​មាន​តែ​ឪពុក ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​បាន​មើល​ថែ​បាន​ដិតដល់ ឬ​មួយត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។ ដូច្នេះ​ធំជាង​គេ គឺ​ចាប់​ផ្ដើម​ពី​គ្រួសារ ធ្វើ​ម៉េច​ឲ្យ​អាណាព្យាបាល​គ្រប់គ្រង​ឲ្យ​បាន​ល្អ។ បើ​នៅ​ដំណាក់​កាល​គ្រួសារ​មិន​ល្អ ទៅ​សាលា​ក៏​ធ្វើ​ឲ្យ​សាលា​គ្រប់​គ្រង់​មិន​បាន​ល្អដែរ ហើយ​ចេញ​ដល់​សង្គម ពួកគេ​ក៏​មិន​ល្អ​ដែរ»។

«កត្តា​មួយ​ទៀត​នោះ​គឺ​ថា តើ​នៅ​សាលា​រៀន​លោកគ្រូអ្នកគ្រូ​បាន​បន្ថែម​ការអប់រំ​តម្រង់​ទិស​ដែរ​ឬទេ បន្ថែម​ទៅ​លើ​ការ​សិក្សា​ផ្នែកមុខ​វិជ្ជា ឬ​ជំនាញ​នីមួយៗ។ លោកគ្រូ​អ្នកគ្រូ ជាក់ស្ដែង​គ្រាន់តែ​អនុវត្ត​ទេ សំខាន់​ត្រូវ​ពិនិត្យ​មើល​លើ​សៀវភៅ​ណែនាំ​តម្រង់ទិស និង​យក​ចិត្ត​ទុកដាក់​លើ​មុខ​វិជ្ជា​សីលធម៌​ និង​គុណធម៌​ជា​ដើម»។ 

លោក​ថា មុខវិជ្ជា​សង្គម​គួរ​តែ​ត្រូវ​បាន​បន្ថែម​ពិន្ទុ​ឲ្យ​ខ្ពស់​ដូច​មុខ​វិជ្ជា​គណិត​ជាដើម​ប្រសិន​បើ​ចាំ​បាច់។ លើស​ពី​នេះ​ទៀត​លោក​ស្នើ​ឲ្យ​ពិនិត្យ​មើល​មូលហេតុ​ដែល​បណ្ដាល​មក​ពី​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង និង​បន្ថែម​ការ​ការពារ​សន្តិសុខ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ការ​សហការ​គ្នា​រវាង​គ្រួសារ អាជ្ញាធរ និង​សាលា​រៀន​គួរ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់ក្មេង​ទំនើង និង​លុប​បំបាត់​អំពើ​ហិង្សា​ទាំង​នៅ​ក្នុង​សង្គម​ជាក់ស្ដែង និង​នៅ​លើ​បណ្ដាញ​សង្គម។

លោក​ថា៖ «ពេល​ខ្លះ​គេ​ថា រឿង​អប់រំ ប៉ុន្តែ​វា​មាន​អំពើ​ហិង្សា​នៅ​ក្នុង​នោះ។ សូម្បី​តែ​វិធានការ​របស់​អាជ្ញាធរ​ដើម្បី​ទប់ស្កាត់​នោះ ពេល​ខ្លះ​ក៏​បង្ហាញ​ភាពហិង្សា​ដែរ។ វាប្រៀប​ដូចយើង​ជេរកូន​ដើម្បី​កុំឲ្យ​កូន​ជេរគ្នា ឬ​វាយកូន​ដើម្បី​កុំ​ឲ្យ​កូន​វាយ​គ្នា។ ទង្វើ​បែប​នេះ​ជា​មធ្យោបាយ​ដែលមាន​ផល​ប៉ះពាល់​ពីរ»។

លោក​ស្នើ​ឲ្យ​មានដំ​ណោះស្រាយ​ជា​រួម និង​ដោះស្រាយ​តាម​ករណី​ជាក់ស្ដែង​របស់​ក្មេង​ម្នាក់ៗ។ 

លោក​បន្ថែម​ថា៖ «ប្រសិនបើ​យើង​អត់​រក​មូលហេតុ​ យើង​អត់​កាត់​ឫស​កាត់​គល់​ទេ​ យើង​ចាំតែ​ចាប់​ដាក់ពន្ធនាគារ ប្រហែល​យើង​ត្រូវ​សាងសង់​ពន្ធនាគារ​បន្ថែម​ទៀត ព្រោះ​សព្វថ្ងៃ​នេះ​អ្នក​ជាប់​ពន្ធនាគារ​មាន​ច្រើន​ស្រាប់​ហើយ។ ដូច្នេះ​ គួរ​តែ​មាន​វិធានការ ដូចជា​មាន​មណ្ឌល​ពិសេស​សម្រាប់​អប់រំ ដោយ​មិន​ចាំបាច់​ទាន់​ដល់​ពន្ធនាគារ គឺប្រៀបធៀប​ដូច​មណ្ឌល​បន្សាប​គ្រឿងញៀន។​ ពេល​ពួក​គេ​អស់​ភាពទំនើងហើយទើប​ប្រគល់​ឲ្យ​ឪពុក​ម្ដាយ​វិញ»៕