
សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» លើកទី១ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិននៅលើលំហរសមុទ្រកម្ពុជា អស់រយៈពេល ១២ ថ្ងៃរួចមក។ ក្រសួងការពារជាតិ
ភ្នំពេញៈ សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» រវាងកងទ័ពជើងទឹកកម្ពុជា និង កងទ័ពជើងទឹកចិនបានដំណើរការយ៉ាងរលូនតាមការគ្រោងទុក ប្រកបដោយជោគជ័យ និង ធានាបានសុវត្ថិភាព ក្រោយធ្វើសមយុទ្ធរួមគ្នានៅលើលំហរសមុទ្រកម្ពុជា អស់រយៈពេល ១២ ថ្ងៃរួចមក។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងពិធីបិទសមយុទ្ធជើងទឹកនាថ្ងៃទី២៧ ខែឧសភានេះ។
សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» រវាងកម្ពុជា និង ចិន នេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតនាវាដឹកទំនិញ»។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិននាពេលនេះ មិនមែនជាការគំរាមកំហែងដល់ប្រទេសណានោះឡើយ។ ប៉ុន្តែសមយុទ្ធនេះ គឺដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍ពីរគ្នាទៅវិញទៅមក ក្នុងគោលបំណងបង្កើនសមត្ថភាពកងទ័ពទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេស គឺការប្រយុទ្ធប្រឆាំងភេរវកម្មតាមលំហរសមុទ្រ។ នេះបើយោងតាមក្រសួងការពារជាតិ។

សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» លើកទី១ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិននៅលើលំហរសមុទ្រកម្ពុជា អស់រយៈពេល ១២ ថ្ងៃរួចមក។ ក្រសួងការពារជាតិ
លោកបញ្ជាក់ថា៖«សមយុទ្ធជើងទឹកនាគមាសឆ្នាំ ២០២៤ នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយសមយុទ្ធជើងទឹកនាគមាសឆ្នាំ ២០២៤ នេះដែរ មិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ»។
សមយុទ្ធនាគមាសឆ្នាំ២០២៤ លើកទី៦ រវាងកម្ពុជា និងចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» បានចាប់ផ្តើមកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភានេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និង ខេត្តព្រះសីហនុ។
កម្លាំងដែលចូលរួមក្នុងសមយុទ្ធនេះសរុបមានចំនួន ២ ០៧៥នាក់។ ក្នុងនោះកងយុទ្ធពលខេមរៈភូមិន្ទមានចំនួន ១ ៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនមាន ៧៦០នាក់។ គ្រឿងបំពាក់លើសមយុទ្ធនៅលើគោករួមមានរថពាសដែក យានយន្តគ្រប់ប្រភេទចំនួន ៦៩គ្រឿង រួមនឹងបរិក្ខាស៊ើបការណ៍ បរិក្ខាបោសសម្អាតជាតិផ្ទុះ និងបរិក្ខាបញ្ជូនសារជាច្រើនឈុតទៀត។
លើសពីនោះ សមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ១៤គ្រឿង និង ឧទ្ធម្ភាគចក្រចំនួន ២គ្រឿងផងដែរ។ នាវាចូលរួមសរុប ១៤គ្រឿងនោះ មាននាវាចិន ៣គ្រឿង ហើយនាវាកម្ពុជា ១១គ្រឿង។

សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» លើកទី១ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិននៅលើលំហរសមុទ្រកម្ពុជា អស់រយៈពេល ១២ ថ្ងៃរួចមក។ ក្រសួងការពារជាតិ
ក្នុងឱកាសនោះផងដែរ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តល់ការណែនាំដល់នាវឹកកម្ពុជា-ចិន ដែលជាសិក្ខាកាមត្រូវបន្តយកចិត្តទុកដាក់សហការគ្នាលើគ្រប់វិស័យ និង ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពជំនាញ ជាពិសេស បច្ចេកវិទ្យាយោធាដែលមានការវិវត្តយ៉ាងលឿននាពេលបច្ចុប្បន្ននេះ។
លើសពីនោះត្រូវប្រជុំផ្លាស់ប្តូរបទពិសោធន៍ក្នុងការធ្វើសមយុទ្ធជើងទឹកនាគមាសឆ្នាំ ២០២៤ លើកទី១ នេះ ដើម្បីដកពិសោធន៍ និង ដាក់ចេញទិសដៅបន្តទៀត។ ក្រៅពីនោះ ត្រូវបន្តលើកកម្ពស់សាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ តាមយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និង កងទ័ពទាំងពីរដែលបានដាក់ចេញ ដើម្បីកសាងសហការតែមួយ និងជោគវាសនាតែមួយ។

សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» លើកទី១ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិននៅលើលំហរសមុទ្រកម្ពុជា អស់រយៈពេល ១២ ថ្ងៃរួចមក។ ក្រសួងការពារជាតិ
លោក ឥត សារ៉ាត់ ក៏បានកោតសរសើរចំពោះកងទ័ពទាំងពីរ ដែលចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ ២០២៤ និង ក្រុមការងារដឹកនាំសមយុទ្ធរបស់កងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ដែលបានខិតខំរៀបចំនិងដឹកនាំសមយុទ្ធកងទ័ពជើងទឹកនៃប្រទេសទាំងពីររហូតទទួលបានជោគជ័យតាមផែនការ។
លោកនាយឧត្តមសេនីយ៍ក៏បានថ្លែងអំណរគុណ និង កោតសរសើរចំពោះបញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ មូលដ្ឋានសមុទ្ររាម និងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានខិតខំអនុវត្តតាមតួនាទីភារកិច្ចក្នុងពេលសមយុទ្ធនាគមាសឆ្នាំ ២០២៤ នេះ ដែលធ្វើឱ្យសមយុទ្ធជើងទឹកនាគមាសឆ្នាំ ២០២៤ លើកទី១«ទទួលបានជោគជ័យ និង ធានាបានសុវត្ថិភាព»៕