ភ្នំពេញៈ ជំងឺ​គ្រុនឈាម​បាន​កើន​ឡើង​ជិត ៣​ពាន់​ករណី​ក្នុង​រយៈពេល ២០​សប្តាហ៍​ក្នុង​ឆ្នាំ ២០២៤​នេះ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០២៣ កន្លងមក ខណៈ​ពេល​ដែល​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនឈាម​មិនទាន់​មាន​នោះ​ទេ។

គិតត្រឹម​សប្តាហ៍​ទី​២០ ដំបូង​ក្នុង​ឆ្នាំ ២០២៤នេះ មាន​ករណី​ជំងឺ​គ្រុនឈាម​រហូត​ដល់​ទៅ​ចំនួន ៥ ៦៩៥​ករណី។ ប៉ុន្តែមាន​ករណី​ធ្ងន់ធ្ងរ​តែ ៣​ភាគរយ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​លោក លាង ឫទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​នៃ​ក្រសួង​សុខាភិបាល​។

លោក​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ក្នុង​ឆ្នាំ ២០២៤ នេះ ស្ថានភាព​ជំងឺ​គ្រុន​ឈាម​មាន​ការ​កើនឡើង។ ក្នុង​រយៈពេល ២០ សប្តាហ៍​ដូចគ្នា​កាល​ពី​ឆ្នាំ ២០២៣ កន្លងមក ជំងឺ​គ្រុនឈាម​មាន​ចំនួន ២ ៧០៨ ករណី​ប៉ុណ្ណោះ។ បើ​ធ្វើ​ការ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ជំងឺ​នេះ​បាន​កើន​ឡើង​ចំនួន ២ ៩៨៧​ករណី។

កាលពី​ឆ្នាំ​ ២០២៣ កន្លងមក ជំងឺ​គ្រុនឈាម​ជាង ៣០ ០០០​ករណី ត្រូវ​បាន​រក​ឃើញ ដែល​ចំនួន​ទាំងនេះ​មាន​ការ​កើនឡើង​ជាង​ឆ្នាំ​មុនៗ​។ បើ​ទោះ​ជា​មាន​ការ​កើនឡើង​យ៉ាងណា​ក៏ដោយ ក៏​ស្ថានភាព​នេះ​គឺ​ស្ថិត​ក្នុង​កម្រិត ​ដែល​អាច​គ្រប់​គ្រង​បាន។ 

ទោះយ៉ាងណា​រហូត​មក​ដល់​ពេល​បច្ចុប្ប​នេះ នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនឈាម​ត្រូវ​បាន​ទទួល​ស្គាល់​នៅឡើយ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​យ៉ាងណា​ក៏ដោយ។ 

ក្រសួង​សុខាភិបាល​កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​ប្រកាស​ឱ្យ​សាធារណៈជន​ប្រុង​ប្រយ័ត្ន​ចំពោះ​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ឈាមមួយ​ឈ្មោះ​​ «Qdenga»​ ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ ព្រោះថា អង្គការ​សុខភាព​ពិភពលោក​ (WHO) នៅ​ពុំទាន់​ទទួល​ស្គាល់​វ៉ាក់សាំង​នេះ​នៅ​ឡើយ​នោះ​ទេ។ 
លោក លាង ឫទ្ធា បាន​បញ្ជាក់​ថា៖«រហូតមក​ដល់​នឹង​ពេល​នេះ កម្ពុជា​យើង​ពុំមាន​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនឈាម​ទេ»។ 

លោក គួង ឡូ ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ព្រះវិហារ និង​ជា​ទីប្រឹក្សា​ក្រសួង សុខាភិបាល បាន​ឱ្យ​ដឹង​ថា កម្មវិធី​ជាតិប្រយុទ្ធ​នឹង​ជំងឺ​គ្រុ តាម​ការ​ទស្សន៍​ទាយ​មើល​តាម​អេពីដេមីសាស្ត្រ​ក្នុង​ឆ្នាំ ២០២៤​នេះ នឹង​មាន​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាមច្រើន​ជាង​ឆ្នាំ ២០២៣ ដែល​មាន​តែ​ជាង ៣​ម៉ឺន​ករណី។ ចំណែក​ឯ​ឆ្នាំ ២០២៤ នេះ ជំងឺ​គ្រុនឈាម​អាច​កើន​ឡើង​ដល់ទៅ​ជាង ៤​ម៉ឺន​ករណី​ឯនោះ។

លោក គួង ឡូ បាន​មាន​ប្រសាសន៍​ថា៖ «អញ្ជឹង​ជំងឺ​គ្រុនឈាម​នឹង​ឡើង​ជាង ១​ម៉ឺន​ករណី​ទៀត​ក្នុង​ឆ្នាំ ២០២៤​នេះ។ ហ្នឹង​បើ​យោង​តាម​ការ​ទស្សន៍ទាយ។ អញ្ជឹងនេះ គឺជា​វដ្ត មិនមែន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្លាក់​ភ្លៀង​លឿន ​ឬ​យឺត​នោះ​ទេ។ ឆ្នាំនេះ​ធ្លាក់​ភ្លៀង​យឺត​ជាង​ឆ្នាំ​ទៅ»។ 

យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹងដែរ​ថា ជំងឺ​គ្រុនឈាម​បង្ក​ឡើង​ដោយ​វីរុសដាំង (Dengue Virus) ដែល​មាន​បួន​ប្រភេទ DENV1 DENV2 DENV3 និង DENV4 តាម​រយៈមូស​ខ្លាញី​ខាំ​ចម្លង​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត។ តាម​ការ​ទស្សន៍ទាយ​តាម​បែប​អេពីដេមីសាស្ត្រ​ឃើញ​ថា ស្ថានភាព​ជំងឺ​គ្រុនឈាម​មានការ​រាតត្បាត​ខ្លាំង​ម្តង​នៅ​រៀងរាល់ ៥ ទៅ ៦​ឆ្នាំម្តង។ តាម​ការ​កត់​សម្គាល់​ជំងឺ​នេះ​បាន​រាតត្បាត កាល​ឆ្នាំ ២០១២ និងក្រោយ​មក​ក្នុង​ឆ្នាំ ២០១៨ ហើយ​ឆ្នាំ ២០២៤​នេះ គឺជា​ឆ្នាំ​ដែល​ត្រូវ​ដល់​វដ្ត​នៃ​ការ​រាតត្បាត​ធំ​ម្តង​ទៀត។ 

ក្នុង​រយៈពេល ៥ខែ ក្នុង​ឆ្នាំ ២០២៤​នេះ ជំងឺ​គ្រុនឈាម​ក្នុង​ខេត្ត​ព្រះវិហារ​កើត​មាន​រៀងរាល់​ខែ ដែល​សរុប​មាន​ចំនួន ៧៧​ករណី ដែល​មិនមាន​ករណី​ផ្ទុះ​ជំងឺ​នេះ​នោះ​ទេ។ នេះ​បើ​យោង​តាម​លោក គួង ឡូ។ 

លោក​ថ្លែង​ថា៖ «សម្រាប់​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ធ្វើ​សកម្មភាព​បាន​ច្រើន​ហើយ គឺ​យើង​បាន​ធ្វើ​ការ​អប់រំ​សុខភាព ដល់ពលរដ្ឋ សិស្សានុសិស្ស​ក្នុង​សាលា ដើរ​ដាក់​ថ្នាំ​អាល់បែត​មួយ​ចំនួន​រួច​ហើយ។ អត់ទាន់​មាន​ករណី​ផ្ទុះ​គ្រុនឈាម​ទេ តែមាន​ការ​បាញ់ថ្នាំ​នៅ​កន្លែង​ដែល​មាន​មូសច្រើន»។ 

ដើម្បី​បង្ការ​ជំងឺ​គ្រុនឈាម ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​កំចាត់​ដង្កូវទឹក និង​មូសខ្លា​តាម​រយៈកំទេច​ចោល​ និង​លុបបំបាត់​ចោល​នូវ​រាល់​វត្ថុ​ដក់ទឹក ដែល​មិន​ប្រើប្រាស់​ដូចជា៖ សំបកង់​ឡាន កង់ម៉ូតូ សំបក​កំប៉ុង ធុង សំបកដប សំបកដូង និង​វត្ថុ​ដ៏​ទៃទៀត​ដែល​នៅ​ជុំវិញ​បរិវេណ​ផ្ទះ និង ត្រូវ​លាង​សំអាត​សំភារៈឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​សម្រាប់​ស្តុក​ទឹក​ឱ្យ​បាន ២ដង​ក្នុង ១សប្តាហ៍ ឬ​ដាក់​ថ្នាំ​អាបែត ឬ​ដាក់​ត្រី ៧ ពណ៌ ឬ​គ្រប​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​ពាង អាងទឹក ធុងក្រឡ ថូផ្កា ចានទ្រ​ជើងទូ។ 

លើស​ពី​នោះ ត្រូវ​កំចាត់​សត្វមូស​ខ្លា​តាម​រយៈការ​រៀបចំ​ទុក​សម្ភារៈ​ក្នុង​ផ្ទះ​សម្បែង​ឱ្យ​មាន​សណ្តាប់​ធ្នាប់ ធ្វើយ៉ាង​ណា​ឱ្យ​មាន​ពន្លឺ​ចាំង​ចូល​ក្នុង​ផ្ទះ​បានល្អ លុប​បំបាត់​កំប៉ូត​ព្រៃ​ជុំ​វិញ​ផ្ទះ និង ចូលរួម​សហការ​ជាមួយ​ភ្នាក់ងារ​សុខាភិបាល​ក្នុងករណី​មាន​ការ​បាញ់​ថ្នាំ​សម្លាប់​មូស។

ក្រៅពីនោះ ត្រូវ​ការពារ​ខ្លួន​ពី​ការ​ខាំ​ចម្លង​របស់​មូស​ខ្លា​ញី​តាមរយៈ ការ​ដេក​ក្នុង​មុង​ទាំងថ្ងៃ និង​យប់ ស្លៀកពាក់​ខោអាវវែង និង​មិនត្រូវ​ស្ថិត​នៅ​កន្លែង​ដែល​មិនមាន​ពន្លឺ​គ្រប់គ្រាន់។ល។ ហើយ​ត្រូវ​រួសរាន់​ស្វែងរក​សេវា​ថែទាំ​សុខភាព​ដែល​នៅជិត​បំផុត​ដូចជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ក្នុង​ករណី​ក្រុម​គ្រួសារ​ណាម្នាក់​របស់​អ្នក​មាន​សញ្ញា ឬ​សញ្ញា​ជំងឺ ដូចជា ក្តៅខ្លួន​​ (ក្តៅខ្លួន​ខ្លាំងភ្លាមៗ) និង​សញ្ញា​បន្ទាប់​បន្សំ​ផ្សេង​ទៀត។ 

ក្រសួង​បាន​ណែនាំ​ថា គ្រប់​ករណី​សង្ស័យ​ជំងឺ​គ្រុនឈាម​មិនត្រូវ​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង ឬ​ការ​ប្រើប្រាស់​ថ្នាំប្រភេទ​អាស្ពីរីន​ជាដាច់ខាត និង មិន​ត្រូវ​ស្វែងរក​សេវា​ថែទាំ​សុខភាព​ណា​ដែល​មិនមាន​ជំនាញ​វិជ្ជាជីវៈ​ពិនិត្យ​ព្យាបាលជំងឺ​គ្រុនឈាម​ដាច់ខាត៕