លោក​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រទេស​ចិន​គ្មាន​តួនាទី​អ្វី​នៅ​លើ​ការ​​សម្រេច​ចិត្ត​របស់​​កម្ពុជា​ក្នុង​ការ​ផ្តួចផ្តើម​សាង​សង់​គម្រោង«ព្រែកជីក​ហ្វូណនតេជោ​»​នោះ​ទេ។

គម្រោង​ព្រែកជីក​នេះ​ត្រូវ​បាន​វៀតណាម​ដែល​ស្ថិត​នៅ​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម សម្តែង​ការព្រួយ​បារម្ភ​ដោយ​លើក​ឡើង​ថា វា​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន។ ក្រៅពីនេះ​ ក៏​មាន​អ្នក​រិះគន់​មួយ​ចំនួន​បាន​ភ្ជាប់​គម្រោង​នេះ​ទៅ​នឹង​បញ្ហា​ភូមិសាស្ត្រនយោបាយ ដូច​ជា​​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិនជាដើម។

នៅ​ក្នុង​បទបង្ហាញ​អំពី​គម្រោង​ព្រែកជីក​នេះ​ទៅ​កាន់​​​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា​កន្លង​ទៅ លោក ស៊ុន ចាន់ថុល ពន្យល់ថា ក្រុមហ៊ុន​ចិន​មួយ​នឹង​វិនិយោគ​ទៅ​លើ​ការ​សាងសង់ ហើយ​ពិធី​បើក​ការដ្ឋាន​សាងសង់​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ ឬ​ដើម​ឆ្នាំ​ក្រោយ។

លោក​ថ្លែងដូច្នេះ​ថា៖ «ការសិក្សា​លទ្ធភាព​មាន​រយៈពេល​២៦ ខែ។ យើង​មិន​ចេះតែ​នឹក​ឃើញ​ ក្រោយ​ក្រោក​​ពី​ដំណេក​ ឬ​​តាម​​ការ​​បញ្ជា​​របស់​​​ចិន​​នោះ​​ទេ។ ខ្ញុំ​​បញ្ជាក់​ថា គ្មាន​​ចិន​ឯ​​ណា​​​បាន​ដឹង​មុន​​​អំពី​គម្រោង​នេះ​ទេ»។​

លោក​បញ្ជាក់​​ទៀត​ថា៖ «គម្រោង​នេះ​ផ្ដួចផ្ដើម​ផ្ទាល់​ដោយ​​​អតីត​​នាយក​រដ្ឋមន្ត្រី សម្ដេច​តេជោ​ ហ៊ុន សែន ដែល​​បាន​ណែនាំ​​យើង​​ឲ្យ​សិក្សា​គម្រោង​នេះ។ ដូច្នេះ​​​គ្មាន​​អ្នក​​ណា​មក​​បញ្ជា​​យើង​ឲ្យ​​ធ្វើទេ ​ក្រៅ​​ពី​​សម្ដេច​តេជោ ដែល​បាន​​ប្រាប់​​យើង​​ឲ្យ​​ធ្វើ​ការ​​ជាមួយ​​ក្រសួង​​ធនធាន​​ទឹក មិន​​មែន​​ជាមួយ​​បរទេស​ណា​​​ទេ»។

គម្រោង​ព្រែកជីក​​ប្រវែង ១៨០ គីឡូម៉ែត្រ​នេះ​នឹង​ចំណាយ​ពេល​សាងសង់​ ៤ ឆ្នាំ​​ដោយគ្រោង​​ចំណាយ​​ថវិកា​ប្រមាណ ១,៧ ពាន់​លាន​​ដុល្លារ។ ការសាងសង់​នឹង​ផ្តល់​ការងារ​ដល់​កម្មករ​រហូត​ដល់ ១ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​ រួមជាមួយ​នឹង​វិស្វករ​ចិន។

លោក​ពន្យល់​ថា គម្រោង​​នេះ​​នឹង​​ធ្វើ​ទៅ​តាម​​គន្លង​​​ព្រែកជីក​​បុរាណ​មួយ​ដែល​គេ​​បោះ​​បង់​​ចោល​​ជាង​​មួយ​​ពាន់​​ឆ្នាំ​​មុន​​ក្នុង​​សម័យ​​ហ្វូណន។

បើ​តាម​លោក ស៊ុន ចាន់ថុល ការ​សិក្សា​លទ្ធភាព​បង្ហាញ​ថា ព្រែកជីក​នេះ​នឹង​ប្រើ​ប្រាស់ត្រឹម​តែ ០,០៥៣​ភាគរយ​នៃ​ទឹក​ទន្លេ​មេគង្គ ដោយ​ប្រើប្រាស់​ទឹក​នៃ​ដៃទន្ល​បាសាក់ ដែល​ជា​ដៃ​មួយ​នៃ​ដង​ទន្លមេគង្គ។ សព្វថ្ងៃ​នេះ ទឹក​​ ៨០០០​​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី​ហូរចូល​ទៅ​សមុទ្រ​តាម​ទន្លេ​មេគង្គ​នៅ​វៀតណាម ខណៈ​ទន្លេបាសាក់​ដែល​ជា​ដៃ​ទន្លេ​មេគង្គ មាន​កម្រឹត​លំហូរ​ទឹក​តែ​ ១៤០០​ម៉ែត្រ​គូប​ក្នុង​មួ​យវិនាទី។

គម្រោង​នេះ​ស្ថិត​ក្នុង​​ភាពជា​ដៃ​គូ​រវាង​រដ្ឋ​និង​វិស័យ​​ឯកជន តាម​រយៈ​ការ​វិនិយោគ សាងសង់ ប្រតិបត្តិការ និង​ផ្ទេរ (BOT) ដែល​ការចំណាយ​ទាំងអស់​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​​ក្រុមហ៊ុន។ ដូច្នេះ​វា​មិន​​តម្រូវ​ឲ្យ​រដ្ឋ​ត្រូវ​ខ្ចីប្រាក់​ដើម្បី​យក​មក​សាងសង់​​ព្រែកជីក​នេះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​បំណុល​វន្តករ​ ដូច​ការ​លើក​ឡើង​របស់​អ្នក​រិះគន់​មួយ​ចំនួន​នោះ​ទេ។​ នេះជា​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល។

បើតាម​លោកឧប​នាយករដ្ឋមន្ត្រី ក្រៅ​​ពី​​ប្រទេស​​វៀតណាម គ្មាន​​ប្រទេស​​ណា​​មួយ​​បាន​​សម្ដែង​​ការ​​ព្រួយ​​បារម្ភ​ចំពោះ​គម្រោង​នេះ​ទេ។

លោក​ថា ផ្ទុយទៅវិញ​ប្រទេស​​ក្នុង​តំបន់​​អាស៊ាន​​មួយ​​ចំនួន​​អាច​​នឹង​គាំទ្រ​​គម្រោង​​នេះ ព្រោះ​វា​នឹង​​បង្ក​​ភាព​​ងាយ​​ស្រួល​​ក្នុង​​ការ​​ពង្រីក​​ពាណិជ្ជកម្ម​​ក្នុង​​ចំណោម​​ប្រទេស​​ទាំង​​អស់​នៅ​ក្នុង​តំបន់​ ដូចជា​ការ​​កាត់​​បន្ថយ​ពេល​​វេលា និង​​តម្លៃ​​នៃ​​ការ​​ដឹក​​ជញ្ជូន​​ទំនិញ​ជាដើម៕