ជនសង្ស័យ ២រូបក្នុងសំណុំរឿងឆបោកក្នុងទឹកប្រាក់ជាង ៦០ម៉ឺនដុល្លារ ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ត្រូវបានបញ្ជូនទៅពន្ធនាគារ ខណៈដែលសមាគមធនាគារនៅកម្ពុជាបន្តអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។
កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្ក្រាបករណីឆបោកប្រាក់ ក្រោមរូបភាពដាក់ប្រាក់វិនិយោគចំនួន ២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆបោក ដោយសន្យាផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ។ នេះបើតាមការស្នងការការដ្ឋាននគរបាលខេត្តស្វាយរៀង។
ស្នងការដដែលបញ្ជាក់ថា ជនសង្ស័យជាសហចារីបានប្រើប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ ជាមធ្យោបាយសម្រាប់ទទួលប្រាក់ឆបោកពីអ្នកវិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះទៅឱ្យបក្សពួករបស់ខ្លួនតាមរយៈគណនីធនាគារជាច្រើន។
ស្នងការនគរបាលបញ្ជាក់ថា៖ «ពួកគេនិងបក្សពួកបានប្រើប្រាស់បណ្តាញសង្គម ដោយនិយាយលួងលោមជនរងគ្រោះឱ្យជឿជាក់ព្រមដាក់ប្រាក់វិនិយោគ»។
មន្ត្រីសមត្ថកិច្ចខេត្តស្វាយរៀងមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ជនសង្ស័យទាំងពីរមិនទុកប្រាក់ជាមួយពួកគេទេ ដោយសមត្ថកិច្ចបានរកឃើញសែកថតនៅក្នុងទូរស័ព្ទដែលមានទឹកប្រាក់ជាង ៦៤ ម៉ឺនដុល្លារ ដែលត្រូវបានបញ្ជូនចេញទៅក្រៅប្រទេស។
ពួកគេត្រូវបានតុលាការចោទប្រកាន់តាមមាត្រា ៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលចែងអំពីអំពើឆបោក ដែលប្រឈមជាប់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ។
ទំព័រហ្វេសប៊ុកស្នងការខេត្តស្វាយរៀងសរសេរថា៖ «ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការជឿទុកចិត្តលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមរយ:បណ្តាញសង្គមក្នុងការវិនិយោគ និងការផ្ទេរប្រាក់ណាមួយ ដែលមិនមានប្រភពច្បាស់លាស់»។
ស្របពេលជាមួយគ្នានេះ សមាគមធានាគារនៅកម្ពុជា បានក្រើនរំឭកដល់សាធារណជនអំពីការឆបោក ដោយជនល្មើសបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយប្រើឈ្មោះធនាគារណាមួយ ព្រមទាំងបានក្លែងបន្លំជាបុគ្គលិកធនាគារ ណាមួយតាមរយៈការចម្លងយករូបថតបុគ្គលិកនោះ ដើម្បីទាក់ទងទៅជនរងគ្រោះក្នុងការផ្តល់សេវាកម្ចី។
បន្ទាប់ពីពួកគេមានទំនាក់ទំនងជាមួយជនរងគ្រោះហើយ ពួកគេឲ្យជនរងគ្រោះបញ្ចូលលេខទូរស័ព្ទ និងលេខសម្ងាត់នានា និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈ KHQR។
សមាគមធនាគារនៅកម្ពុជាបញ្ជាក់ថា ការធ្វើបែបនេះខុសពីគោលការណ៍របស់ធនាគារ ហើយគឺជាសកម្មភាពបោកប្រាស់៕