ភ្នំពេញៈ គ្រឿងញៀនជាង៤តោន ក្នុងចំណោមសរុប ៧ ៣៥០គីឡូក្រាម ដែលមានសាលក្រម និងសេចក្តីសម្រេចរបស់តុលាការ ត្រូវបានដុតបំផ្លាញចោលនាថ្ងៃសុក្រ ទី១៤ ខែមិថុនានេះក្នុងខណ្ឌព្រែកព្នៅ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ឆ្នាំ ២០២៤។
នាយឧត្តមសនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថា គ្រឿងញៀនដែលត្រូវបានតុលាការអនុញ្ញាតឱ្យធ្វើការបំផ្លាញចោលមានសរុប ៧ ៣៥០គីឡូក្រាម។ ក្នុងនោះមានសារធាតុញៀន និង សារធាតុគីមីពាក់ព័ន្ធដែលអាចដុតចោលបានដោយអណ្តាតភ្លើងមាន ៤ ១០០គីឡូក្រាម ត្រូវបានធ្វើដុតបំផ្លាញចោលកាលពីថ្ងៃទី១៤ ខែមិថុនានេះ។ ក្រៅពីនោះមានសារធាតុគីមីផ្សំចំនួន ៣ ២៥៤គីឡូក្រាមផ្សេងទៀត ដែលត្រូវធ្វើការបន្សាបទៅតាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាពនាពេលក្រោយ។
លោកនាយឧត្តមសនីយ៍ដែលធ្វើអធិបតីក្នុងពិធីនោះបានបញ្ជាក់ថា៖ «ការបន្សាបនោះត្រូវធ្វើម្តងទៀត ត្រូវរកកន្លែង រកសារធាតុគីមីមកបន្សាប តែមានការសម្រេចពីតុលាការហើយបើតុលាការមិនសម្រេចយើងមិនអាចធ្វើបានទេ»។
ការប្រារព្ឋពិធីដុតគ្រឿងញៀននេះគឺធ្វើឡើងនៅក្នុងឡឥដ្ឋមួយកន្លែង ដែលស្ថិតនៅក្នុង ភូមិសំរោងខាងត្បូង សង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ ដែលខុសពីឆ្នាំមុនៗ ដែលធ្វើឡើងនៅកោះពេជ្រកណ្តាលរាជធានីភ្នំពេញ។ ការប្តូរទីតាំងនេះគឺដើម្បីចៀសវាងការបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការបំពុលបរិស្ថាន។
លោកថ្លែងដូច្នេះថា៖ «យើងមិនរៀបចំពិធីដុតនៅកណ្តាលក្រុងដូចមុន ដែលមានប្រជាជនរស់នៅកុះករឃើញទិដ្ឋភាពមិនល្អ វាប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ បរិស្ថាន ទិដ្ឋភាព សោភណ្ឌភាពទីក្រុងភ្នំពេញ។ អញ្ជឹងយើងធ្វើដោយឡែក ហើយយករូបភាពនោះមកដាក់បញ្ជាំង ផ្សព្វផ្សាយនៅក្នុងពិធីវិញ»។
នាយឧត្តមសនីយ៍ក៏បានឱ្យដឹងផងដែរថា ក្នុងរយៈពេល ១៦៤ ថ្ងៃក្នុងឆ្នាំ ២០២៤ នេះ ការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសមានជាង ៤ ៣២៩ករណី។ ក្នុងនោះមនុស្សចំនួន ១០ ៧៩៣ នាក់ត្រូវបានឃាត់ខ្លួន ហើយ គ្រឿងញៀនចំនួន ៤តោន និង ៧២៤ គីឡូក្រាមត្រូវបានដកហូតផងដែរ។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ របស់កងកម្លាំងនគរបាលជាតិ គិតចាប់ពីដើមឆ្នាំ ២០២៤ រហូតដល់ជិតពាក់កណ្តាលឆ្នាំ ២០២៤ នេះបានបិទទីតាំងអាជីវកម្ម ដូចជាខារ៉ាអូខេ KTV ក្លិបកម្សាន្តចំនួន ៧កន្លែង។ ក្នុងនោះមាន KTV ៥កន្លែង ដែលស្ថិតក្នុងភ្នំពេញ ២កន្លែង បន្ទាយមានជ័យ ២កន្លែង និងព្រះសីហនុ ១កន្លែង។ ក្រៅពីនោះមាន ក្លិបកម្សាន្តចំនួន ២កន្លែង ដែលស្ថិតក្នុង ខេត្តកណ្តាល១កន្លែង និងនៅក្នុងរាជធានីភ្នំពេញ ១កន្លែង។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃអគ្គស្នងការនគរបាលជាតិ ដែលថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយនឹងស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ (MOI-TV) កាលពីពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ឯកបានលើកឡើងថា៖ «នេះជាវិធានការបង្រួមទីផ្សារ នៃការចែកចាយគ្រឿងញៀន។ ហើយក៏កាត់បន្ថយការប្រើប្រាស់ និង ការចែកចាយនៅតាមរង្គសាលតាមអីនេះ ហើយការងារនេះយើងនៅតែបន្តយ៉ាងសកម្មតទៅទៀត»