
អង្គការទឹកស្អាត ១០០១ បានប្រកាសកាលពីចុងខែឧសភាពផងដែរថា ក្នុងឆ្នាំ ២០៤នេះ កម្មវិធីទឹកសាលា នឹងពង្រឹងបន្ថែមទៅកាន់ប្រមាណ ១៧ឃុំទៀត នៅតាមទីជនបទក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង។ រូបថត អង្គការទឹកស្អាត១០០១
ភ្នំពេញៈ អង្គការទឹកស្អាត ១០០១ ក្រោមកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ស្ថានីយផលិតទឹកស្អាតបន្ថែមឱ្យបាន ៤០០ស្ថានីយ ដើម្បីផ្គត់ផ្គង់ទឹកតាមស្តង់ដារកម្រិតអន្តរជាតិដល់ពលរដ្ឋខ្វះទឹកស្អាត ១លាននាក់ទៀត បើទោះជា កំពុងផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋ ១លាននាក់ ដែលរួមមានទាំងសិស្ស ៣៧ម៉ឺននាក់ផងដែរ។
ចាប់តាំងពីសហការជាមួយនឹងក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ ២០០៥មក អង្គការទឹកស្អាត ១០០១ (Teuk Saat 1001) បានសាងសង់ស្ថានីយផលិតទឹកស្អាតបានចំនួន ៣៣២ស្ថានីយហើយរួចមកហើយនៅក្នុងខេត្តគោលដៅចំនួន១៨។
ស្ថានីយទាំងនោះបាននឹងកំពុងតែផលិត និងលក់ទឹកស្អាតអូវី (O-we) ដល់ប្រជាពលរដ្ឋ ១លាននាក់ក្នុងតម្លៃសមរម្យ។ ប៉ុន្តែចំពោះសិស្សានុសិស្សប្រមាណជា ៣៧ម៉ឺននាក់វិញ គឺអង្គការផ្តត់ផ្គង់ដោយឥតគិតថ្លៃ។ នេះបើយោងតាមក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមអ្នកសារព័ត៌មាន ធ្វើទស្សនកិច្ចស្វែងយល់ចង្វាក់ផលិតទឹកបរិសុទ្ធរបស់អង្គការក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនោះ លោក ទិត្យ លីស៊រ័ មន្ត្រីបណ្តុះបណ្តាល និងជ្រើសរើសសហគ្រិនរបស់អង្គការទឹកស្អាត ១០០១ថ្លែងថា អង្គការនិងក្រសួងអភិវឌ្ឍន៍ជនបទបានចុះ MoU ជាមួយគ្នា ដើម្បីផលិតទឹកស្អាតនេះ។
បន្ទាប់មក អង្គការសហការជាមួយនឹងមន្ទីរអភិវឌ្ឍន៍ជនបទ និង អាជ្ញាធរមូលដ្ឋាននៅតាមខេត្តគោលដៅ ដើម្បីជ្រើសរើសទីតាំងសម្រាប់ផលិតទឹក។ ពិសេសគឺ ទីតាំងនៅជិតសាលាបឋមសិក្សាតែម្តង។
លោកបានបន្តថា នៅពេលដែលមានទីតាំងរួចហើយ អង្គការត្រូវពិនិត្យមើលស្ថានភាពដី និងប្រភពទឹកទៀត។
លោកបានបញ្ជាក់ថា៖ «សម្រាប់ទឹកពិសារអូវី យើងយក ២ប្រភពមកបន្សុទ្ធទឹក។ ទី១ យកប្រភពទឹកលើដី មានទឹកស្រះ ត្រពាំង និងទឹកអូរជាដើម។ ទី២ ប្រភពទឹកក្រោមដីគឺទឹកអណ្តូង។ មុននឹងយកមកបន្សុទ្ធទឹក គឺយើងមានការត្រួតពិនិត្យមើលសិន ថាតើទឹកហ្នឹងអាចផលិតជាទឹកសុទ្ធបាន ឬមួយក៏មិនបាន»។
ក្រុមការងាររបស់អង្គការគឺជាអ្នកជ្រើសរើសសហគ្រិនក្នុងការផលិតទឹកផ្ទាល់ ត្រួតពិនិត្យមើលបច្ចេកទេស និងគុណភាពទឹក ដើម្បីធានាថា ទឹកដែលផលិតបាននោះមានគុណភាពតាមកម្រិតស្តង់ដារអន្តរជាតិ។
អ្នកស្រី សយ សារ៉េត អាយុ ៣៦ឆ្នាំ ត្រូវបានជ្រើសរើសជាសហគ្រិនផលិតទឹកបរិសុទ្ធអូវីម្នាក់ក្នុងគម្រោងអង្គការទឹកស្អាត ១០០១ ក្នុងឃុំ ត្រពាំងធំ អស់រយៈពេល ២ឆ្នាំមកហើយ។
លោកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងមួយថ្ងៃលោកស្រីអាចផលិតទឹកបរិសុទ្ធបានប្រមាណជា ១០០ធុង ដែលក្នុង១ធុងមានចំណុះ ២០លីត្រ ដើម្បីផ្គត់ផ្គង់ក្នុងភូមិចំនួន ១០ក្នុងឃុំនេះ។
លោកស្រីបន្តថា ក្នុង១ថ្ងៃៗជួនកាលលោកស្រីផ្គត់ផ្គង់ ទឹកអស់រហូតដល់ទៅ ១០០ធុងក៏មានដែរ។ ទឹកក្នុង១ធុងលក់ក្នុងតម្លៃ ១ ៨០០រៀល គិតទាំងថ្លៃដឹកជញ្ជូនដល់ផ្ទះ តែបើអតិថិជនមកដឹកខ្លួនឯងគឺមានតម្លៃតែ ១ ៥០០រៀលប៉ុណ្ណោះ។
លោកស្រីបាននិយាយថា៖ «តែចំពោះសិស្សវិញគឺដឹកឱ្យបរិភោគដោយឥតគិតថ្លៃដល់សាលាតែម្តង។ បើប្រៀបធៀបជាមួយនឹងទឹកធម្មតា គឺខុសគ្នាឆ្ងាយណាស់។ ទឹកនេះល្អជាង មានរស់ជាតិឆ្ញាញ់ហើយ មិនបង្កជំងឺដូចទឹកត្រពាំង»។
កិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និង អង្គការទឹកស្អាត១០០១ ឆ្លើយតបទៅនឹងទស្សនវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា ទិសដៅប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលបានកំណត់ថា នៅឆ្នាំ ២០២៣ នេះ ពលរដ្ឋនៅជនបទទទួលបានសេវាទឹកស្អាតឱ្យបាន ៩០ភាគរយ និងនៅឆ្នាំ ២០២៥ ពលរដ្ឋនៅក្នុងសហគមន៍ជនបទមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។
ក្រសួងអភិវឌ្ឍន៍ជនបទកំពុងតែអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និង អនាម័យជនបទនៅទូទាំងប្រទេស។ ក្រសួងបានកំណត់ថា នៅឆ្នាំ២០៣០ នឹងត្រូវសម្រេចអត្រាគ្របដណ្តប់ ទឹកស្អាត និងអនាម័យឱ្យបាន ១០០ភាគរយនៅទូទាំងប្រទេស ខណៈបច្ចុប្បន្នសម្រេចបានរហូតទៅដល់៨៦,៦ភាគរយហើយ។
អង្គការទឹកស្អាត ១០០១ បានប្រកាសកាលពីចុងខែឧសភាពផងដែរថា ក្នុងឆ្នាំ ២០៤នេះ កម្មវិធីទឹកសាលា នឹងពង្រឹងបន្ថែមទៅកាន់ប្រមាណ ១៧ឃុំទៀត នៅតាមទីជនបទក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង។
អង្គការបញ្ជាក់ថា៖ «ការទទួលបានទឹកពិសាដែលប្រកបដោយសុវត្ថិភាពគឺពិតចាំបាច់ណាស់សម្រាប់សុខភាព និងសុខុមាលភាពរបស់កុមារដែលកំពុងរៀនសូត្រ ហើយកម្មវិធីនេះមានគោលបំណងធានាថាសិស្សគ្រប់រូបអាចយកចិត្តទុកដាក់ មានស្មារតីល្អ និងផ្តោតអារម្មណ៍លើការសិក្សាអប់រំរបស់ពួកគេ»។
អង្គការបានអំពាវនាវឱ្យមានការគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះបន្តទៀត ដើម្បីលើកកម្ពស់ជីវភាព និងការអប់រំរបស់កុមារនៅក្នុងសហគមន៍ជនបទនៅកម្ពុជា៕