
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបជាមួយ លោក Andrew Giles រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌នៃប្រទេសអូស្ត្រាលី នៅប្រទេសអូស្ត្រាលី នាថ្ងៃទី១២ មិថុនា។ ក្រសួងមហាផ្ទៃ
ភ្នំពេញៈ កម្ពុជា និងអូស្ត្រាលី បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ខណៈអូស្ត្រាលីបានឯកភាពផ្ដល់ការបណ្ដុះបណ្ដាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់មន្ត្រីនគរបាលជំនាញកម្ពុជា។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់អូស្ត្រាលី និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាក្នុងឱកាសលោកដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃបំពេញទស្សនកិច្ចនៅអូស្ត្រាលីរយៈពេល១សប្តាហ៍ ដែលបានបញ្ចប់នាថ្ងៃទី១៦ ខែមិថុនា។
ក្នុងជំនួបជាមួយលោក ស សុខា លោកស្រី Michelle Chan អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អូស្ត្រាលី នាពេលកន្លងមក ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកម្ពុជា-អូស្ត្រាលី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃកម្ពុជានាថ្ងៃទី១៦ មិថុនា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ភាគីទាំងពីរ ក៏មានការយល់ឃើញដូចគ្នាអំពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ (Online) ការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស តាមរយៈក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី»។
ក្នុងជំនួបជាមួយលោក Andrew Giles រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌នៃប្រទេសអូស្ត្រាលី ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍លើការគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសបច្ចេកវិទ្យា កំណែទម្រង់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ យុទ្ធសាស្ត្រទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីផ្ដល់ទិដ្ឋាការ ព្រមទាំងបានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ស សុខា និងលោក Andrew Giles ក៏បានមើលឃើញអំពីភាពចាំបាច់ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស និងព័ត៌មានឱ្យបានទាន់ពេលវេលា។ លោក Andrew Giles បានទទួលយកសំណូមពររបស់លោក ស សុខា លើការងារបណ្ដុះបណ្ដាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់មន្ត្រីនគរបាលជំនាញកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «[ក្នុងដំណើរទស្សនកិច្ចនេះ] ភាគីកម្ពុជា និងភាគីអូស្ត្រាលី ក៏បានបង្ហាញឆន្ទៈខ្ពស់ និងឯកភាពក្នុងការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យជំនាញពាក់ព័ន្ធក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃអូស្ត្រាលី ក្រសួងទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ និងនគរបាលសហព័ន្ធអូស្ត្រាលី នាពេលខាងមុខ»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គណៈប្រតិភូកម្ពុជាក៏បានប្រមូលនិងច្បិចយកបទពិសោធន៍ល្អៗនៃការអនុវត្តការងារជំនាញបច្ចេកទេសរបស់អង្គភាព និងមន្ត្រីពាក់ព័ន្ធអូស្ត្រាលី ដើម្បីមកធ្វើជាធាតុចូលសម្រាប់កំណែទម្រង់ និងការធ្វើទំនើបកម្មការងារដែលពាក់ព័ន្ធផងដែរ។
លោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថា ការបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក ស សុខា បញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ដោយអូស្ត្រាលីមានសមត្ថភាពជឿនលឿនក្នុងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ ធនធានមនុស្ស និងបច្ចេកវិទ្យា ដើម្បីដោះស្រាយការគំរាមកំហែងតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងការស៊ើបការណ៍សម្ងាត់។
លោកថ្លែងថា៖ «សន្តិសុខតាមអ៊ីនធឺណិតគឺជាកង្វល់ដ៏ធំមួយសម្រាប់សន្តិសុខជាតិ ដោយសារ វាមានលក្ខណៈសម្ងាត់ និងស្មុគស្មាញ។ អូស្ត្រាលីគឺជាដៃគូដ៏សំខាន់សម្រាប់នគរបាលជាតិរបស់កម្ពុជា តាមរយៈការចែករំលែកជំនាញ និងព័ត៌មានរបស់អ្នកជំនាញ និងមន្ត្រីអូស្ត្រាលីដើម្បីអាចឱ្យអាជ្ញាធរមូលដ្ឋានកម្ពុជាអាចកំណត់ និងការពារកុំឱ្យមានការគំរាមកំហែងកើតឡើង»។
លោក ថុង ម៉េងដាវិត ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៧ ខែមិថុនា ថា៖ «កិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដែលកម្ពុជា និងអូស្ត្រាលីអាចដំណើរការបានគឺតាមរយៈលំហាត់អ៊ីនធឺណិតរួមគ្នាដែលអាចពង្រឹងការត្រៀមខ្លួនរបស់ប្រទេសទាំងពីរក្នុងការឆ្លើយតបនឹងហេតុការណ៍តាមអ៊ីនធឺណិត»។
លោកកត់សម្គាល់ថា ឌីជីថលភាវូបនីយកម្ម និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) គឺមានសារសំខាន់សម្រាប់កំណើន និងសន្តិសុខជាតិ។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវទទួលស្គាល់ថា ការគំរាមកំហែងផ្នែកសន្តិសុខពិភពលោកបានវិវត្តកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ ជាពិសេសតាមរយៈ ICT បញ្ញាសិប្បនិម្មិត (AI) សន្តិសុខតាមអ៊ីនធឺណិត និងសង្គ្រាមដែលប្រើយន្តហោះគ្មានមនុស្សបើក៕