ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងសាងសង់ផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុឱ្យបាន៧៥ភាគរយនៃភូមិទាំងជាង ១ម៉ឺនភូមិត្រឹមឆ្នាំ ២០៣០ ខណៈពេលបច្ចុប្បន្នស្ទើតែគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់គ្នានៅទាំងប្រទេស។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឆាយ ឫទ្ធិសែនបានពន្យល់ថា ផ្លូវដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុគឺជាប្រភេទផ្លូវដែលចាក់កៅស៊ូ និងផ្លូវចាក់បេតុង ហើយពលរដ្ឋអាចប្រើប្រាស់បាន២រដូវ គឺទាំងរដូវវស្សា និងប្រាំងផងដែរ។ រីឯផ្លូវដែលប្រើប្រាស់បានតែមួយរដូវកាលគឺជាផ្លូវដី ឬក្រាលគ្រួសក្រហម ដែលមានប្រមាណជា ៨០ភាគរយនៅទីជនបទ។
លោកមានប្រសាសន៍ថា៖«ផ្លូវកៅស៊ូ និងបេតុងហៅថាផ្លូវធន់នឹងអាកាសធាតុ ដែលមានប្រហែល១ម៉ឺនគីឡូម៉ែត្រ។ គ្រោងពិសេសឆ្នាំ២០៣០នេះ ធ្វើយ៉ាងណាឱ្យបានគ្រប់ភូមិ ឬភូមិ ៧៥ភាគរយនៃភូមិទាំង ១៤ ៥៧៧ភូមិនេះមានផ្លូវតភ្ជាប់ដោយផ្លូវដែលក្រាលកៅស៊ូ និងបេតុង។ មានន័យថា ជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ ផ្លូវខ្លះ ដែលមិនធន់ទៅនឹងការប្រែប្រួលអាកាសធាតុទេ គឺប្រើបានតែរដូវប្រាំងទេ។ រដូវស្សាមកដល់លិចទឹក ឬដាច់ខូចខាតដោយសារតែគ្រោះធម្មជាតិ»។
លោកបានបន្តថា នាពេលបច្ចុប្បនេះ ពីភូមិមួយទៅភូមិមួយគឺមានប្រព័ន្ធផ្លូវតភ្ជាប់ទាំងអស់រួចហើយ តែបញ្ហានៅត្រង់ថា ផ្លូវខ្លះអាចប្រើប្រាស់បាន២រដូវកាល និងខ្លះទៀតបានតែ១រដូវកាល។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ចឹងទៅថ្ងៃអនាគតនេះ យើងនឹងខិតខំ ធ្វើយ៉ាងណាឱ្យបានយ៉ាងហោច ភូមិប្រមាណ៧៥ភាគរយ នៃភូមិទាំងអស់មានប្រព័ន្ធផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលជាផ្លូវមានកំរាល បេតុងក្តី ក្រាលកៅស៊ូក្តី ពោលគឺធ្វើម៉េចឱ្យមានសមភាពក្នុងការតភ្ជាប់។ នេះជាកិច្ចការបន្តត្រូវធ្វើពីកិច្ចការចាស់»។
បច្ចុប្បននេះ សរុបផ្លូវជនបទដែលបានអភិវឌ្ឍរួច ដែលភ្ជាប់ពីភូមិ ទៅភូមិ ពីភូមិទៅឃុំ និងពីឃុំទៅដល់ស្រុកគឺមានរហូតទៅដល់ប្រមាណជា៥ម៉ឺនគីឡូម៉ែត្រ ដែលស្មើនឹង១៦ ៦០០ខ្សែ។
លោកបានពន្យល់ថា ប្រព័ន្ធផ្លូវជនបទត្រូវបានចែកចេញជាបួនប្រភេទ។ ប្រភេទទី ១ តភ្ជាប់ពីស្រុកទៅស្រុក ដែលមានប្រហែល១ម៉ឺនគីឡូម៉ែត្រ។ វាជាផ្លូវគោល ដែលជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់បំរើសេវាដល់ពលរដ្ឋ។ ប្រភេទទី២ជាផ្លូវភ្ជាប់ពីស្រុកទៅដល់ឃុំ ឱ្យមានទំនាក់ទំនឹងរវាងឃុំនិងស្រុក ប្រហែល១ម៉ឺនគីឡូម៉ែត្រដែរ។ ប្រភេទទី ៣ភ្ជាប់ពីឃុំទៅឃុំ ដែលមានច្រើនជាងគេ គឺជាង១២ ០០០គីឡូម៉ែត្រ ហើយប្រភេទទី ៤ភ្ជាប់ពីភូមិទៅភូមិ មានច្រើនលើសលុបគឺជា២ម៉ឺនគីឡូម៉ែត្រ។
លោកថ្លែងដូច្នេះថា៖«បើយើងស្រម៉ៃមើលទៅតាមអ្វីដែលខ្ញុំជំរាបនេះ មានន័យថាជនបទរបស់យើង គ្រប់ភូមិទាំងអស់៩០ភាគរយ ឬលើសពីហ្នឹងផងតាមពិត គឺត្រូវបានតភ្ជាប់គ្នា មិនមានដាច់ទេ។ រកភូមិណាដែលគ្មានផ្លូវទៅដល់ប្រហែលជាគ្មានទៀតទេរហូតមកដល់ពេលនេះ»។
ក្រសួងក៏កំពុងតែយកចិត្តទុកដាក់ថែមទៀត ក្នុងការពង្រឹងគុណភាពផ្លូវ ក្នុងនោះគឺការស្វែងរកនូវវត្ថុធាតុដើមថ្មី ឬបច្ចេកទេសថ្មី ដែលអាចមានតម្លៃសាងសង់ថោកជាងមុន។ ក្នុងចំនួនការចំណាយទឹកប្រាក់ដដែល តែបានបរិមាណច្រើនជាងមុន និងប្រកបដោយគុណភាព។
យន្តការនៃការសាងសង់ផ្លូវរបស់ក្រសួងមានការឯកភាពយកថវិការជាតិទៅអនុវត្តហើយ។ ពេលអនុវត្តមានក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យតាមដានគ្រប់ពេលវេលា ហើយបើផ្លូវធ្វើអត់ទាន់ពេលវេលាកំណត់ ក្រុមហ៊ុននោះនឹងត្រូវផាកពិន័យ ដូចជាដាក់ក្នុងបញ្ជីខ្មៅ ហើយឱ្យធ្វើសងឱ្យគ្រប់។
លោករដ្ឋមន្រ្តីបានលើកឡើងថា ចំពោះគម្រោងស្ថាបនាផ្លូវគឺមានការដេញថ្លែ និងត្រួតពិនិត្យត្រឹមត្រូវផងដែរ។
លោកបានថ្លែងដូច្នេះថា៖«កន្លែងប្រើប្រាស់ច្រើន សឹកច្រើន គឺសាងផ្លូវបេតុងតែម្តង ដែលលែងមានហានិភ័យ។ ចំពោះផ្លូវដែលមិនសូវប្រើប្រាស់ ឬឆ្លងកាត់ ធ្វើក្រាលកៅស៊ូ២ជាន់។ ចឹងយើងបានបង្ខិតភាពអវិជ្ជមានឱ្យកាន់តែរួមតូចផងដែរ ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការនៃភាពរឹងមាំរបស់ផ្លូវនេះឯងទៅថ្ងៃអនាគត»។
លោកពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថាគម្រោងសាងសង់ផ្លូវដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនោះគឺមិនមានកំណត់ថានឹងធ្វើនៅក្នុងខេត្តណាមួយនោះទេ គឺអាស្រ័យទៅលើភាពចាំបាច់ និងតំរូវការជាក់ស្តែង។
លោកបានបញ្ជាក់ថា៖«ចំពោះការស្ថាប័នាផ្លូវជាគោលការគឺយើងស្ថាបនាថ្មី៣០ភាគរយ និងពង្រឹងគុណភាពផ្លូវ៧០ភាគរយ។ អ្វីដែលយើងពង្រឹងនេះគឺយើងព្យាយាមលើកកម្ពស់ធ្វើម៉េចផ្លូវយើងដែលអាចធន់នឹងអាកាសធាតុ ដែលជាប្រភេទកៅស៊ូ២ជាន់ និងផ្លូវបេតុង»។
រដ្ឋបាលខេត្តកំពតក៏គ្រោងនឹងផ្លាស់ប្តូរផ្លូវកៅស៊ូក្នុងក្រុង ឱ្យទៅជាផ្លូវបេតុង ដើម្បីប្រើប្រាស់បានយូរអង្វែង ដែលធន់ទៅនឹងអាកាសធាតុផងដែរ។ នេះដោយសារតែខេត្តកំពត គឺជាខេត្តជាប់នឹងតំបន់ឆ្នេរសមុទ្រ ដែលអាកាសធាតុអាចមានភ្លៀងធ្លាក់ច្រើន ហើយបណ្តាលឱ្យផ្លូវក្រាលកៅស៊ូងាយនឹងរងការខូចខាត។
អភិបាលខេត្ត លោក ម៉ៅ ធនិន បានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាថ្ងៃទី២២ ខែឧសភាកន្លងមកថា៖«ដោយសារខេត្តកំពត គឺជាខេត្តដែលជាប់នឹងតំបន់ឆ្នេរ ហើយអាកាសធាតុអាចមានការប្រែប្រួសឆាប់រហ័ស មានភ្លៀងធ្លាក់ច្រើនជាដើម ដែលអាចបណ្តាលឱ្យផ្លូវដែលក្រាលកៅស៊ូឆាប់ទទួលរងការខូចខាត ពិសេសនៅរដូវវស្សា ដូច្នេះដើម្បីឱ្យផ្លូវក្នុងក្រុងទាំងអស់មានគុណភាពប្រើប្រាស់បានយូរ ចំណេញថវិកាជាតិ រដ្ឋបាលខេត្តនឹងផ្លាស់ប្តូរការស្ថាបនាផ្លូវក្រាលកៅស៊ូ ទៅជាផ្លូវបេតុងទាំងអស់ក្នុងក្រុង និងផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗមួយចំនួនទៀត»។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តកំពត៕