ភ្នំពេញៈ អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណកម្ម​បាន​ចាប់​ផ្តើម​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាក​ល្បង​នូវ​សេវា​ផ្តល់​លិខិត​ឆ្លង​ដែន​តាម​ប្រព័ន្ធ​អនឡាញ​ កាលពី​ថ្ងៃទី​១៧ ​ខែ​មិថុនា​នេះ​ ហើយ​ក៏​គ្រោង​នឹង​ ពង្រីក​ការផ្ដល់សេវា​លិខិតឆ្ល​ង​ដែន​នេះ​ទៅ​កាន់​ខេត្ត​ត្បូង​ឃ្មុំ ​និង​សៀមរាប​ទៀត​យ៉ាង​យូរ​នៅ​ក្នុង​ត្រី​មាស​ទី៣​ ឬ​ ទី​៤ ​ឆ្នាំ​នេះ។ 

អគ្គនាយក​ដ្ឋាន ​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ក្នុង​ការ​សាកល្បនូវ​ការ​សេវា​ផ្តល់​លិខិត​ឆ្លង​ដែន​តាម​ប្រព័ន្ធ​អនឡាញ ​ប្រជាពលរដ្ឋ​អាច​ចូល​ទៅកាន់​គេហទំព័រ​ សេវាអត្ត​សញ្ញាណកម្ម ឬ​ស្កេន​​ ​QR។ ក្រោយ​បំពេញ​បែបបទ​តាម​ប្រព័ន្ធ​អនឡាញ​រួច​មក សាមី​ខ្លួន​ត្រូវ​អញ្ជើញ​ទៅ​កាន់​ទី​ស្នាក់​ការ ឬ​ សាខា​លិខិត​ឆ្លង​ដែន​ណាមួយ​តាមការ​កំណត់​ ដើម្បី​សម្ភាស ​ថតរូប​ ផ្តិតម្រាមដៃ ​និង​បង់​សេវារដ្ឋ​បាល ​ដោយ​ភ្ជាប់​ជាមួយ​នូវ​ពាក្យ​ស្នើសុំ និង​ឯកសារ​យោង។

សេចក្តី​ជូនដំណឹង​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នាថ្ងៃ​ទី១៩ ​ខែមិថុ​នានេះ​បាន​បញ្ជាក់​ថា ​ការអនុវត្ត​នេះ​«គឺ​ជាគោល​ដៅមួយ​ក្នុង​ការ​បង្ខិត​សេវាសាធារណៈ ​ឱ្យ​នៅ​ជិតប្រ​ជា​ពល​រដ្ឋ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្តល់​សេវាឱ្យ​កាន់​តែល្អជូន​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ពេល​វេលា​រង់ចាំ​នៅទីតាំង​ផ្តល់​លិខិត​ឆ្លងដែន»។  

អគ្គនាយក​ដ្ឋាន អត្ត​សញ្ញាណកម្ម​បាន​ឱ្យ​ដឹង​ថា ចំពោះ​ប្រជាពលរដ្ឋ​មាន​ជំងឺ​ធ្ងន់ ​ឬ​ចាស់ជរា ឬ​ពិការ​ភាព ដែល​ពុំ​អាច​ធ្វើដំណើរ​ទៅកាន់​ទីតាំង​ផ្តល់សេវា​ដោយ​ផ្ទាល់​បាន​ សមាជិក​គ្រួសារ ​ឬ​តំណាង​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់ អគ្គនាយក​ដ្ឋាន ​អត្តសញ្ញាណកម្ម ​ដោយ​ភ្ជាប់ជាមួយ​នូវ​សំបុត្រ​បញ្ជាក់​ពីពេទ្យ ​ឬ​រូប​ថត​អំពី​ស្ថានភាព​នៃ​អ្នក​ជំងឺ ឬ ស្ថាន​ភាព​អ្នក​ស្នើ​សុំ។ 

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ​នឹង​ពិនិត្យ​ចាត់​ក្រុម​ការងារ​ ចុះ​ផ្តល់​សេវាដល់ទីតាំង ​របស់សាមី​ខ្លួន​ដោយ ពុំ​គិត​កម្រៃ​សេវា​បន្ថែម ​សម្រាប់​ទីតាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ លើស​ពីនោះ ​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ការងារ​មមាញឹក​ខ្លាំង​នៅ​ថ្ងៃ​ធ្វើការ​ អាច​អញ្ជើញ​ទៅ​កាន់​ ទីស្នាក់ការ​ផ្តល់​លិខិតឆ្លង​ដែន​នៅ ​ផ្សារ​ទំនើប​អ៊ីអន២ ​សែន​សុខ ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ​ដើម្បី​ទទួល​សេវា។

លោក​ឧត្តមសេនីយ៍ឯក ​តុប នេត​ អគ្គនាយក​ នៃអគ្គនាយក​ដ្ឋាន​អត្តសញ្ញាណកម្មបានឱ្យដឹងថា ​បន្ទាប់ពី​អនុ​វត្តសាកល្បង​មួយរយៈ​ពេល​មក ​អគ្គនាយកដ្ឋាន​នឹង​ជំរុញ​ការងារ​នេះឱ្យ​អនុវ​ត្តពេ​ញលេ​ញនៅ​គ្រ​ប់ក​ន្លែង​តែ​ម្តង។ 

ក្នុងការ​សាកល្បង​តាម​ប្រព័ន្ធអនឡាញ ពល​រដ្ឋ​តម្រូវ​ឱ្យ​ដាក់​ពាក្យបំពេញ​បែបបទ​តាម​អនឡាញ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​ ពួក​គាត់​ត្រូវ​ទៅផ្តិត​មេដៃ និង​ថតរូប​ដោយ​ផ្ទាល់​បន្ត​ទៀត។

លោកបាន​ថ្លែងថា៖ «ការងារ​នេះសំខាន់​នៅ​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ ​ព្រោះ​បើ​មិន​អញ្ជឹង​ទេអាច​មាន​ការ​ក្លែង ឯកសារ។ មិន​មែន​អនឡាញ ​១០០ភាគរយ​ទេ ​តែ​យើង​បាន​កាត់​បន្ថយ​ដំណើរការ​ច្រើន កាត់​បន្ថយ​ការ​រង់​ចាំ​ពលរដ្ឋ​ច្រើន​។ សង្ឃឹម​ថា​ក្នុង​ រយៈពេល​ ២ ទៅ ៣​ខែ​នេះ  យើង​ដក​ស្រង់​បទពិសោធ ​ហើយ​ជំរុញ​កិច្ច​ការ​នេះ​ឱ្យ​អនុវត្ត​បាន​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត»។

ក្រៅ​ពី​នោះ ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ​ក៏គ្រោង​ពង្រីក​ការ​ផ្ដល់​សេវា​លិខិត​ឆ្លង​ដែន​ចំនួន​២​ខេត្ត​ទៀត នៅ​ខេត្ត​ត្បូង​ឃ្មុំ និង​សៀមរាប ​ដែល​នេះ ​គឺជា​គោល​ដៅមួយក្នុង​ការ​បង្ខិត​សេវា​សាធារណៈ ឱ្យ​នៅ​ជិត​ប្រជា​ពលរដ្ឋ។

នា​ពេលបច្ចុប្បន្ន​នេះ កម្ពុជា​មាន​កន្លែង​ផ្តល់​សេវា​ធ្វើលិ​ខិត​ឆ្លង​ដែនចំនួន ​៥ កន្លែង​រួច​ហើយ ដូច​ជា​នៅ​អគ្គនាយ​កដ្ឋាន​លិខិត​ឆ្លង​ដែន​ក្នុង​ខណ្ឌច្បារ​អំពៅ ផ្សារ​ទំនើប​អ៊ីអន២ ​ខណ្ឌ​សែន​សុខ ​ខេត្តកោះកុង ​បាត់ដំបង ​និង​ ខេត្ត​បន្ទាយមានជ័យ ។ 

លោក​ឧត្តមសេនីយ៍ឯក​ តុប នេត​ បាន​បញ្ជាក់​ថា៖«សព្វថ្ងៃយើង​មាន​ ៥ទី​តាំង​ហ្នឹង​ ហើយ​យើង​គ្រោង​ពង្រីក​២​កន្លែងទៀត​គឺ​នៅ ​ត្បូងឃ្មុំ ​និង ​សៀមរាប។ យើង​កំពុង​តែ​រៀបចំ​ឧបករណ៍ ​សម្ភារៈ​​បច្ចេកទេស​ និង​គោលការណ៍​មួយចំនួន​ដើម្បី​អនុវត្ត​នេះ គឺអាច​ថា​នៅ​ក្នុង​ត្រីមាស​ទី៣ ​ឬទី៤​យ៉ាង​យូរ​ យើង​នឹង​ចាប់​ផ្តើម​ផ្តល់​សេវា​ផ្តល់​លិខិត​ឆ្លងដែន ​២​កន្លែង​ហ្នឹង​ទៀត​ហើយ»។ 

លោក​បាន​គូស​បញ្ជាក់​ថា៖«អញ្ជឹង​នេះ​គឺ​ជា​គោលដៅ​សកម្មភាព​មួយ​បង្ខិត​​​សេវា​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​ស្រប​តាម​ប្រសាសន៍​ណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ធិបតី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។ ​ពេល​នេះ​យើង​មាន​នៅ​គ្រប់តំបន់​ហើយ ពលរដ្ឋ​នៅ​ខេត្ត​ឆ្ងាយៗ​មិន​ចាំ​បាច់​ធ្វើដំ​ណើរ​មក​ធ្វើ​នៅ​ភ្នំពេញ​ទេ…សេវាលិ​ខិតឆ្លង​ដែន​យើង​មាន​តាម​តំបន់​មួយៗ​អស់​ហើយ។ នេះ​ជាទិស​ដៅ​លើ​ការងារ​ផ្តល់​សេវា​នេះ»៕