ផែនការ​សកម្មភាព​ សៀមរាប-អង្គរ និង​សេចក្តីថ្លែង​ការណ៍​នយោបាយ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ នឹង​ក្លាយ​ជា​ប្លង់​មេ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នា​ពេល​អនាគត​ក្នុង​ការ​បង្កើត​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​មហិច្ឆតា និង​អាច​សម្រេច​បាន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក លី ធុជ ប្រធាន​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ២០២៤ ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ កាល​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា។

លោក លី ធុជ កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ស្វ៊ីស​រហូត​ដល់​ថ្ងៃទី២០ ខែមិថុនា  ក្នុងកិច្ច​​ប្រជុំ​ពាក់​កណ្តាល​អាណត្តិ​ និង​ដើម្បី​ត្រៀម​រៀប​ចំ​​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី៥ ឬ​កិច្ច​ប្រជុំ​កំពូល​សៀម​រាប-អង្គរ​ស្តីពី​ពិភព​លោក​មួយ​ដែល​គ្មាន​មីន​ នៃ​អនុសញ្ញា​អូតាវ៉ា។ 

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី១៨ លោក លី ធុជ និយាយ​ថា​ អនុសញ្ញា​ហាម​ការ​ប្រើ​ប្រាស់​មីន​ប្រឆាំង​មនុស្ស ឬ អនុ​សញ្ញា​អូតាវ៉ា​ គឺ​លើស​ពី​ឯកសារ​ច្បាប់​ទៅទៀត ពោល​គឺ​វា​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​លោក​ តំណាង​ឱ្យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ ក្នុង​ការ​កម្ចាត់​ពិភព​ឃាតករ​លាក់​មុខ​ដែល​​នាំ​មក​នូវ​ការ​ឈឺ​​ចាប់​មិន​អាច​នឹក​ស្មាន​ដល់​ជីវិត​រាប់​មិន​អស់។ 

លោក​ថ្លែង​ថា​៖ «អនុសញ្ញា​អូតាវ៉ា បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​មនុស្ស​ជាតិ​តែ​មួយ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​រួម​ក្នុង​ការ​បង្កើត​ពិភព​លោក​មួយ​ដែល​មាន​សុវត្ថិភាព ​និង​ប្រកប​ដោយ​ក្តី​មេត្តា។ គ្រប់​ជំហាន​នីមួយៗ​ដែល​យើង​ធ្វើ ​គ្រាប់​មីន​ដែល​យើង​បោស​សម្អាត​ អ្នក​រស់​រាន​មាន​ជីវិត​ដែល​យើង​ជួយ គឺ​ជា​សក្ខីភាព​មួយ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​យើង»។

និយាយ​ដល់​កិច្ច​ប្រជុំ​កំពូលសៀមរាប-អង្គរ លោក លី ធុជ បញ្ជាក់​ថា កិច្ច​ប្រជុំកំពូល​នេះ មិន​គ្រាន់​តែ​ជា​ការ​ប្រមូល​ផ្តុំ​តាម​នីតិ​វិធី​ប៉ុណ្ណោះ​ទេ វា​ជា​ឱកាស​ក្នុង​ការ​ចែក​រំលែក​ប្រាជ្ញា បង្កើត​ដំណោះ​ស្រាយ និង​ពង្រឹង​ការប្តេជ្ញា​ចិត្ត​ក្នុង​ការ​ទប់ស្កាត់ និង​បោស​សម្អាត​មី​ន​ប្រឆាំង​មនុស្ស។

លោក​ថា៖ «ផែនការ​សកម្មភាព​សៀមរាប-អង្គរ និង​សេចក្តី​ថ្លែងការណ៍ន​យោបាយ នឹង​ក្លាយ​ជា​ប្លង់​មេ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នាពេល​អនាគត ​តាម​រយៈ​ការ​រួប​រួម និង​ការ​សហការ​គ្នា ក្នុង​ការ​បង្កើត​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​មហិច្ឆតា និង​អាច​សម្រេច​បាន»។

លោក​ថា ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូលនៅ​ទីក្រុង​សៀមរាបដែល​ជា​កន្លែង​ប្រកាស​គ្មាន​មីន គឺ​ជា​សក្ខីភាព​នៃ​ជ័យជម្នះ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​តស៊ូ​រួម​គ្នា​ក្នុង​ការ​លប់​បំបាត់​ចោល​គ្រាប់​មីន៕