
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង សមភាគីរុស្ស៊ី អាឡិក សាលលូកូវ (Oleg Salyukov)។ រូបថត កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិរុស្ស៊ី
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងសមភាគីរុស្ស៊ី គ្រោងនឹងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញសន្ទុះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក។
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែមិថុនារបស់កងទ័ពជើងគោក បានឲ្យដឹងថា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កំពុងបំពេញទស្សនកិច្ចទៅប្រទេសរុស្ស៊ី រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៨-២០ ខែមិថុនា ដោយលោកនឹងជួបជាមួយសមភាគីរុស្ស៊ី អាឡិក សាលលូកូវ (Oleg Salyukov)។
ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរនេះគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ដូច្នេះថា៖ «នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងរុស្ស៊ី នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-រុស្ស៊ី ដើម្បីជំរុញសន្ទុះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក្នុងស្មារតីមិត្តភាពជាប្រពៃណី ជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមក»។
កាលពីខែមីនា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានដឹកនាំប្រតិភូយោធាទៅបំពេញទស្សនកិច្ចនៅប្រទេសចិនផងដែរ ដោយលោកបានជួបជាមួយមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន នាយឧត្តមសេនីយ៍ Li Qiaoming។
យ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក ជាពិសេសការធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះថា «សមយុទ្ធឆ្មាំអង្គរ» នៅមិនទាន់ចាប់ផ្ដើមទេ បន្ទាប់ពីត្រូវបានធ្វើឡើងជាលើកចុងក្រោយនៅឆ្នាំ២០១៦។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ទំនាក់ទំនងក្នុងវិស័យយោធារវាងកម្ពុជានិងរុស្ស៊ី កំពុងរីកចម្រើន ហើយរុស្ស៊ីគឺជាប្រទេសដែលមានទំនាក់ទំនងជាប្រពៃណីជាមួយកម្ពុជាតាំងពីសម័យសង្គ្រាមត្រជាក់មកម្លេះ។
លោកថា ជារួមទំនាក់ទំនងលើវិស័យការពារជាតិរវាងកម្ពុជានិងប្រទេសផ្សេងទៀតមានភាពល្អប្រសើរ ទោះបីជាការផ្អាកសមយុទ្ធជាមួយសហរដ្ឋអាមេរិកនៅមិនទាន់ចាប់ផ្ដើមឡើងវិញក៏ដោយ។
លោកថ្លែងដូច្នេះថា៖ «យ៉ាងណាក៏ដោយ កម្ពុជាមិនបានពង្រីកទំនាក់ទំនង ឬកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងវិស័យការពារជាតិរបស់ខ្លួនជាមួយប្រទេសមួយឬក្រុមប្រទេសមួយដើម្បីទៅប្រយុទ្ធប្រឆាំងជាមួយប្រទេសណាមួយ ឬក្រុមប្រទេសណាមួយទេ»។
លោកបន្តថា៖ «បើយើងមើលលើឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា គឺសុទ្ធតែចង់ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្ដាប្រទេសទាំងអស់ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ឯករាជ្យភាព និងកិច្ចការផ្ទៃក្នុងទៅវិញទៅមក»៕