
ជនសង្ស័យជាឧកញ៉ាឈ្មោះស្រី ស៊ីណាអាយុ ៥០ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបាញ់ប្រហារបណ្តាលឱ្យស្លាប់មនុស្ស ២នាក់ជាគូដណ្តឹងគ្នា កាលពីថ្ងៃចន្ទទី១៧ ខែមិថុនាក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ ។ រូបថត ស្នងការរាជធានីភ្នំពេញ
ភ្នំពេញៈ ជនសង្ស័យជាឧកញ៉ាឈ្មោះស្រី ស៊ីណាអាយុ ៥០ឆ្នាំ និងបក្សពួក ២នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការរាជធានីភ្នំពេញនាថ្ងៃពុធ ទី១៩ ខែមិថុនានេះពាក់ព័ន្ធទៅនឹងការបាញ់ប្រហារបណ្តាលឱ្យស្លាប់មនុស្ស ២នាក់ជាគូដណ្តឹងគ្នា កាលពីថ្ងៃចន្ទទី១៧ ខែមិថុនាក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ ។
លោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យជាឧកញ៉ា និងបក្សពួក២នាក់ទៀតត្រូវបានបញ្ជូនទៅសួរនាំនៅតុលាការសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃពុធទី១៩ ខែមិថុនានេះ។ ប៉ុន្តែដោយផុតម៉ោងរដ្ឋបាលក៏ត្រូវបានប្រគល់ជូននគរបាលក្រសួងមហាផ្ទៃវិញ ដើម្បីបន្តការសួរនាំនៅថ្ងៃស្អែកទៀត។
លោកបានបញ្ជាក់ថា៖ «គាត់ត្រូវបានបញ្ជូនមកល្ងាចមិញ ដើម្បីបន្តនីតិវិធី ហើយឥឡូវផុតម៉ោងនេះហើយ យើងនឹងបន្តព្រឹកស្អែក»។
មូលហេតុដែលបណ្តាលឱ្យកើតមានការបាញ់ប្រហារនេះគឺដោយសារតែទំនាស់ដាក់ស្នួលហាលខោអាវរវាងអ្នកជួលផ្ទះរបស់ជនសង្ស័យ និងអ្នកជិតខាងដែលជាជនរងគ្រោះ។
ក្រោយពីបាញ់ប្រហាររួចមក ជនសង្ស័យបានជិះរថយន្តមួយគ្រឿងគេចចេញពីកន្លែងកើតហេតុ។ ប៉ុន្តែត្រូវបាននគរបាលស្រុក អង្គស្នួល ក្នុងខេត្តកណ្តាលធ្វើការឃាត់ខ្លួនបាននៅប៉ុន្មានម៉ោងក្រោយមក។
ជនសង្ស័យបានសារភាពប្រាប់នគរបាលថា ខ្លួនបានខឹងជនរងគ្រោះ ដែលបានជេរ និងដេញខ្លួនចេញពីផ្ទះរបស់ពួកគេ នៅពេលដែលទៅធ្វើអន្តរាគមន៍រឿងទំនាស់នោះ។
ជនសង្ស័យបាននិយាយប្រាប់នគរបាលដូច្នេះថា៖«ជេរខ្ញុំ។ ជេរដេញៗ[ថា] អ្ហែងកុំចូលផ្ទះអញ។ [ខ្ញុំ] ជួលផ្ទះហ្នឹងឱ្យគេមួយ។ រួចទៅអ្នកផ្ទះហ្នឹង [ជនរងគ្រោះ] វាមកឈ្លោះជាមួយ [អ្នកនៅ] ផ្ទះជួលយើង។ ដល់ពេលអញ្ចឹងទៅ គេក៏ប្រាប់យើងថា ខាងផ្ទះហ្នឹងគេមិនឱ្យដាក់ស្នួលខោអញ្ជឹងចឹងទេ។ ស្នួលហាលខោអាវនៅផ្ទះផ្សេងសោះហ្នឹង»។
ជនសង្ស័យបានសារភាពបន្តថា៖«ដូចថាវារករឿងតែម្តង។ ដ៏អញ្ចឹងទៅខ្ញុំទៅអន្តរាគមន៍ថា អាអូន ឱ្យគេដាក់ទៅ កុំអញ្ជឹង វាអត់ចូលផ្ទះអូនឯងទេ។ ស្រាប់តែជេរដេញខ្ញុំ [ថា] អ្ហែងចេញទៅ។ អ្ហែងពាក់ស្បែកជើងចូលផ្ទះអញ ស្អីៗណា។ ខ្ញុំថាអាអូន ល្មមៗបានហើយ អញចាស់អ្ហា។ រួចទៅវាអត់ស្តាប់ ហក់ចូលមក ខ្ញុំបាញ់ទៅ។ កាំភ្លើងខ្ញុំនៅក្នុងខ្លួនរហូត»។
ការបាញ់ប្រហារនេះបានបណ្ដាលឱ្យមនុស្ស ២នាក់ជាគូដណ្ដឹងគ្នាស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស។ គូដណ្ដឹងទាំង២នាក់ ជាអ្នកថតរូបនោះត្រូវបានគេដឹងថា គ្រោងនឹងរៀបការជាមួយគ្នានៅខែតុលាខាងមុខនេះ ដែលកូនប្រុសមានឈ្មោះ ឡុង លីសុង អាយុ ២៧ឆ្នាំ និងកូនស្រីឈ្មោះ ឃីម កញ្ចនា អាយុ ២៦ឆ្នាំ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ក្រុមអ្នកសារព័ត៌មានពេលចុះទៅពិនិត្យ និង ដឹកនាំស្រាវជ្រាវលើករណីនេះថា បើតាមការសន្និដ្ឋានបឋម ករណីអំពើឃាតកម្មនេះគឺកើតឡើងដោយសារតែទំនាស់រវាងអ្នករស់នៅជិតខាងនឹងគ្នា។
លោកឧត្តមសេនីយ៍ឯកបានសម្តែងការសោកស្តាយចំពោះឃាតកម្មនេះ ដែលជារឿងមិនអាចទប់ស្កាត់បាន។
លោកឧត្តមសេនីយ៍ឯកមានប្រសាសន៍ដូច្នេះថា៖«រឿងនេះមិនអាចទប់ស្កាត់បានទេ ព្រោះជារឿងករណីឃាតកម្ម ហើយបាញ់ប្រហារយើងមិនអាចដឹងមុន ទប់ស្កាត់មុនទេ។ ជនសង្ស័យដែលជាខ្មាន់កាំភ្លើងបាញ់ផ្ទាល់គឺតែម្នាក់ទេ»។ ប៉ុន្តែចំនួនមនុស្សពាក់ព័ន្ធ គឺមិនទាន់ដឹងច្បាស់នោះទេ។
ទាក់ទងទៅនឹងករណីនេះដែរ ក៏មានការប្រឌិតព័ត៌មានថា ជនសង្ស័យជាឧកញ៉ាត្រូវបានដោះលែងផងដែរ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ព័ត៌មានក្លែងក្លាយនោះគឺជា ចរិតមួយដែលប៉ុនប៉ងធ្វើឱ្យមានចលាចល កេងយកចំណេញនយោបាយ ហើយប៉ះពាល់ដល់និតិវិធី និងកេរឈ្មោះរបស់នគរបាលយុត្តិធម៌ដែលកំពុងតែចាត់ការលើករណីនេះ។
លោកបញ្ជាក់ថា៖ «នេះជារឿងបំភ្លៃខុសពីការពិត ដូច្នេះ សូមបងប្អូនកុំជឿលើព័ត៌មានបែបញុះញង់នេះ។ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំពុងតែបន្តសួរតាមនិតីវិធី តាមជំនាញ…ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយមិនឱ្យខុសពីនិតីវិធីដែលកំណត់នៅក្នុងនិតីវិធីព្រហ្មទណ្ឌនោះឡើយ។ សមត្ថកិច្ចមិនបានធ្វើអ្វីដូចការផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានមើលឃើញថា ករណីនេះបណ្តាលពីមូលហេតុចម្បងគឺភាពឆេវឆៅរបស់ឧកញ៉ា ដែលមិនចេះអត់ធ្មត់ មិនចេះអត់ឱនគ្នា ហើយ ឈានទៅដល់ការប្រើប្រាស់អំពើហិង្សា។
លោកបានថ្លែងថា៖ «ភាពមិនចេះគិតពីតម្លៃសីលធម៌នៃការរស់នៅហ្នឹងអាចធ្វើឲ្យមនុស្សហ្នឹងប្រើប្រាស់ហិង្សាបាញ់បោះដែលកើតឡើងដោយឧកញ៉ាហ្នឹងចំពោះយុវជន ២នាក់នោះ។ ជារឿងដែលអាក្រក់បំផុត ហើយឃោរឃៅ ព្រៃផ្សៃបំផុត»។
លោកក៏បានសង្កេតឃើញផងដែរថា ការអាងអំណាចក្នុងពេលដែលមាន កាំភ្លើងកាន់កាប់នោះជាមូលហេតុមួយទៀតផងដែរ។ នេះជាការប្រើប្រាស់ និងបង្ហាញអំណាចផ្ទាល់ខ្លួន ទៅដល់បុគ្គលផ្សេង ដែលជាអ្នកជិតខាង អ្នកនៅជុំវិញខ្លួនក្នុងសង្គមឱ្យឃើញថាជារឿងដ៏អស្ចារ្យមួយរបស់ខ្លួន ដែលមិនមានអ្នកផ្សេងហ៊ានប៉ះពាល់ខ្លួនបាននោះទេ។
លើសពីនោះ លោកក៏បានលើកឡើងផងដែរថា ក្នុងពេលដែលប្រទេសមានសន្តិសុខ និងសន្តិភាព វាមិនចាំបាច់នោះទេ ដែលបុគ្គលមិនមែនជាកងកម្លាំងសមត្ថកិច្ចទៅប្រើប្រាស់អាវុធបែបនោះ។
លោក យង់ គិមអេង បានគូសបញ្ជាក់ផងដែរថា ការបាញ់ប្រហារនេះ ក៏បង្ហាញឱ្យឃើញពីបញ្ហានៃការ គ្រប់គ្រងអាវុធជាតិផ្ទុះផងដែរ។ លោកបានសម្តែងជាចម្ងល់ទៅលើមូលហេតុ ដែលបុគ្គលឯកជន មិនមែនជាសមត្ថកិច្ចមានអាវុធកាន់កាប់បែបនោះ។
លោកបានសំណូមពរឱ្យមានការដាក់ទោសជនប្រព្រឹត្តឱ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ និងពិចារណាលើការគ្រប់គ្រង និងត្រួតពិនិត្យអាវុធឡើងវិញ។ លើសពីនោះ អ្នកមានសិទ្ធិកាន់កាប់អាវុធត្រូវបានមានចិត្តធ្ងន់ និងកុំឆេវឆៅឱ្យសោះ៕