
ផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូងទៅលើប្រមាណ ១០ ខេត្ដទាំងដំណាំស្រែ និងដំណាំឧស្សាហកម្ម។ រូបថត ហ្វេសប៊ុក
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យប្រជាកសិករប្រុងប្រយ័ត្នខ្ពស់ចំពោះសមត្ថភាពបំផ្លិចបំផ្លាញរបស់ពពួកដង្កូវហ្វូងលើដំណាំស្រូវ ដំណាំបន្លែបង្កា និងដំណាំឧស្សាហកម្ម ខណៈប្រភេទដង្កូវនេះកំពុងតែវាយលុយដំណាំប្រជាកសិករក្នុងបណ្ដាខេត្ដជាច្រើន។
ផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូងទៅលើប្រមាណ ១០ ខេត្ដទាំងដំណាំស្រែ និងដំណាំឧស្សាហកម្ម។
យោងតាមទិន្នន័យរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលភ្នំពេញប៉ុស្ដិ៍ ទទួលបានកាលពីថ្ងៃទី ២០ ខែមិថុនា បានបង្ហាញថា ៥ស្រុក នៃខេត្ដតាកែវ និង ៣ស្រុកកំពង់ធំ រងនូវការប៉ះពាល់ខ្លាំងជាងគេ រួមទាំងប្រភេទដង្កូវមូរស្លឹក និងមមាចខ្នងស ដីស្រែច្រើនជាងគេ គឺ ៥៨៥៩ហិកតា និង៣៨៧៣ ហិកតា។
ដីស្រែនៅខេត្ដកំពង់ធំ ត្រូវបានសង្គ្រោះពីការបំផ្លាញរបស់ដង្កូវហ្វូងបានប្រមាណជិត ២ពាន់ហិកតា។
យោងតាមទិន្នន័យ បានឱ្យដឹងថា៖ «ខេត្ដប៉ៃលិន រងផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូងលើប្រភេទដំណាំឧស្សាហកម្ម ២២៤០ ហិកតា ខណៈខេត្ដព្រះវិហារប៉ះពាល់ដំណាំឧស្សាហកម្ម ៥០៥ ហិកតា និងដីស្រែ ៣៨៦ហិកតា»។
ស្រុក ៤ នៃខេត្ដសៀមរាបក៏រងផលប៉ះពាល់ទាំងដំណាំស្រូវ និងឧស្សាហកម្ម ៣៣៣ ហិកតា និង ១៥០ ហិកតា។ នៅខេត្ដស្ទឹងត្រែង ដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវ ១១៤ ហិកតា ដំណាំរួមផ្សំ ៥២ ហិកតា និងដំណាំឧស្សាហកម្ម ៩៥ ហិកតា។

មន្ត្រីជំនាញកសិកម្មចុះពិនិត្យមើលស្រូវប្រជាពលរដ្ឋដែលរងការបំផ្លិចបំផ្លាញដោយហ្វូងដង្កូវ។ រូបថត ហ្វេសប៊ុក
នៅមានបណ្ដាខេត្ដមួយចំនួនទៀត ដូចជា កំពង់ចាម លើផ្ទៃដីដំណាំឧស្សាហកម្ម ១០ ហិកតា នៃស្រុកស្ទឹងត្រង់ កំពង់ឆ្នាំង ប៉ះពាល់ដីស្រែ ២ ហិកតា នៃស្រុកទឹកផុស ខណៈខេត្ដត្បូងឃ្មុំ ប៉ះពាល់ដំណាំស្រូវ ១២០ ហិកតា និងដំណាំឧស្សាហកម្ម ៦៤ហិកតា។
លោក ឃឹម ហ្វីណង់ បានឱ្យដឹងអំពីមូលហេតុដែលនាំឱ្យផ្ទុះការរាតត្បាតដង្កូវហ្វូងនេះថា៖ «អាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ និងអូសបន្លាយពេលយូរ បានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ ស៊ីច្រើន ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន»។
លោកបានបន្ដថា ក្រៅពីការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ ដែលបានធ្វើឱ្យបាត់បង់នូវប្រភេទសត្វដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ ចំនួនដង្កូវហ្វូងក៏ចាប់ផ្តើមផ្ទុះឡើងក្នុងបរិមាណច្រើនមួយរំពេច។
មន្ត្រីជំនាញនៃក្រសួងកសិកម្មក៏កំពុងប្រញាប់ប្រញាល់ចុះតាមដានការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតប និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។
លោក ហ្វីណង់ បានរំឭកថា ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងរួចមកហើយនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ដែលពពួកដង្កូវហ្វូងនេះបានបំផ្លាញដំណាំរបស់ប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម។
លោកបានឱ្យដឹងថា៖ «ហេតុដូច្នេះ សូមបងប្អូនប្រជាកសិករបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំ»។

ផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូងទៅលើប្រមាណ ១០ ខេត្ដទាំងដំណាំស្រែ និងដំណាំឧស្សាហកម្ម។ រូបថត ហ្វេសប៊ុក
លោកបានណែនាំវិធានការមួយចំនួន វិធានការការពារ ដែលប្រជាពលរដ្ឋត្រូវធ្វើការសម្អាតស្មៅនៅតាមភ្លឺស្រែ ឬគម្ពោធព្រៃនៅជុំវិញស្រែដែលជាជម្រករបស់ដង្កូវហ្វូង ឬសមាសភាពចង្រៃផ្សេងៗ ក៏ដូចជាជីកចង្អូរមាត់លើដែលមានមុខកាត់ ៣០សង់ទីម៉ែត្រ និងជម្រៅ ២០សង់ទីម៉ែត្រ រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវហ្វូង។
ចំពោះវិធានការកម្ចាត់ លោក ហ្វីណង់ បានឱ្យដឹងថា ព្រលែងសត្វទាចូលទៅក្នុងស្រែដើម្បីឱ្យហ្វូងទាទាំងនោះស៊ីដង្កូវដែលនៅក្នុងស្រែ ហើយបើមានប្រភពទឹក គួរបង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាបរួចបង្ហូរទឹកចេញវិញហើយយកស្បៃមុង ឬថ្នងដងត្រីត្រង យកដង្កូវហ្វូងកំទេចចោល។
លោក ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងសារវីដេអូទៅកាន់ប្រជាពលរដ្ឋដែលជួបបញ្ហាដង្កូវហ្វូងបំផ្លាញដំណាំ។
លោកបាននិយាយថា ដង្កូវហ្វូង ឬដង្កូវទ័ព ឬដង្កូវរយទាំងនេះកើតចេញពីមេអំបៅរបស់វា ដែលពងនៅលើស្លឹក ហើយរយៈពេល ២-៣ថ្ងៃក្រោយ ពងអាចញាស់ជាដង្កូវដ៏ច្រើនអនេក។ វត្ដជីវិតរបស់ដង្កូវមានអាយុចន្លោះពី ៣៥ ទៅ ៥៥ ថ្ងៃ។ ដូច្នេះ ពួកវាបានស៊ីសន្លឹកដំណាំគ្រប់ប្រភេទ ទាំងស្រូវ និងបន្លែ សណ្ដែក ដំឡូងមី។
ដោយមានវាយប្រហារខ្លាំងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក សំអាន បានបង្ហាញអំពីវិធីទប់ស្កាត់សត្វល្អិតចង្រៃនេះ ដោយចាប់ផ្ដើមពីការដាក់អន្ទាក់ជូរផ្អែមក្នុងការទាក់មេអំបៅដែលមានសមត្ថភាពពងបានចន្លោះពី ៧០០ ទៅ ៣៦០០គ្រាប់ចំពោះមេមួយក្បាល។
លោកបាននិយាយថា៖ «ប្រជាកសិករគួរលាយអន្ទាក់ជូរអែម ដោយលាយល្បាយទឹក ស្រាស ទឹកខ្មេះ និងស្កល្ងូរ រួចច្របល់ចូលគ្នា ដោយរក្សាទុករយៈពេល ៣-៤ម៉ោង មុនពេលបន្ថែមថ្នាំ Fipronil មួយសង់ទីលីត្រក្នុងល្បាញទឹកនោះមួយលីត្រ ដើម្បីកម្ចាត់មេអំបៅពេញវ័យ»។
ក្នុងករណីបណ្ដាវិធានការមេកានិកខាងលើពុំអាចទប់ទល់បាន លោក សំអាន ណែនាំឱ្យប្រើថ្នាំសម្លាប់សត្វល្អិតមួយចំនួន ដូចជា ថ្នាំ Thuricide ឬ Dipel ក្នុងកម្រិតប្រើ ១ គីឡូក្រាម លើផ្ទៃដី ១ ហិកតា ថ្នាំសម្លាប់សត្វល្អិតក្នុងក្រុម Pyrethroid ដូចជា Cypermethrin ឬ Deltamethrin ក្នុងកម្រិតប្រើ ១លីត្រ លើផ្ទៃដី ១ ហិកតា និងថ្នាំសម្លាប់សត្វល្អិតក្នុងក្រុម Carbomate ដូចជា Carbaryl ក្នុងកម្រិតប្រើដូចខាងលើ៕