
សមត្ថកិច្ចក្នុងពេលដុតបំផ្លាញគ្រឿងញៀនដែលបង្ក្រាបបាន នាពេលកន្លងទៅ ។ ភ្នំំពេញ ប៉ុស្តិ៍
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដើម្បីកសាងកម្ពុជាទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គសម្រាប់ប្រទេសកម្ពុជា។
លោកលើកឡើងក្នុងសារលិខិតដែលផ្សព្វផ្សាយនាថ្ងៃទី២១ មិថុនា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ថា៖ «ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញានិងពិធីសារនានា ខ្ញុំសូមធ្វើការប្ដេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏មោះមុតបំផុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គនិងបញ្ហារបស់សង្គមជាតិ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី២១ មិថុនា ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះជារឿងមួយដែលប្រជាពលរដ្ឋរង់ចាំជាយូរមកហើយដែលចង់ឃើញការប្ដេជ្ញាចិត្តនេះក្លាយទៅជាការអនុវត្តពិតប្រាកដ ហើយនេះអាចជាការផ្ដល់ក្ដីសង្ឃឹមមួយដែរចំពោះការធ្វើឱ្យមានការថមថយគ្រឿងញៀននៅក្នុងសង្គមកម្ពុជា។
លោកថ្លែងថា៖ «ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំយល់ថា សម្រាប់ប្រជាពលរដ្ឋគឺលោកកំពុងតែរង់ចាំមើល តាមដានមើលអំពីការអភិវឌ្ឍនេះ។ សម្រាប់ខ្ញុំក៏ជាអ្នកតាមដានកិច្ចការសង្គមមួយដែរ ក៏រង់ចាំមើលអំពីការវិវត្តពីវិធានការជាក់ស្ដែងដែលរាជរដ្ឋាភិបាលនឹងដាក់ចេញធ្វើម៉េចដើម្បីឱ្យគ្រឿងញៀនហ្នឹងអាចសាបសូន្យពីសង្គមកម្ពុជា»។
លោក យង់ គិមអេង បន្ថែមថា៖ «អ៊ីចឹង ខ្ញុំថា ការលើកឡើង ការប្ដេជ្ញាចិត្តរបស់សម្ដេចនាយករដ្ឋមន្ត្រីនេះ ខ្ញុំសង្ឃឹមថានឹងមានវិធានការជាក់ស្ដែង ហើយនិងត្រូវបានអនុវត្តដោយមានប្រសិទ្ធភាព ហើយយើងខ្ញុំក៏រង់ចាំមើលពីប្រសិទ្ធភាពនៃការអនុវត្តនេះផងដែរ»។
លោក ហ៊ុន ម៉ាណែត លើកឡើងបន្តថា កម្ពុជានៅតែទទួលរងឥទ្ធិពលអវិជ្ជមានពីសកម្មភាពពាក់ព័ន្ធគ្រឿងញៀន ដែលបណ្ដាលឱ្យករណីប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍នៅតែបន្តកើតមាន និងរីករាលដាលដល់ជនបទផងដែរ។
លោកណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដោយត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។
លោក យង់ គិមអេង ថ្លែងថា ដើម្បីរំដោះយុវជនកម្ពុជារាប់សិបនាក់ចេញពីអន្ទាក់នៃគ្រឿងញៀន និងការពារកុំឱ្យយុវជនកម្ពុជារាប់សិបនាក់ទៀតធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀននេះ គឺទាមទារចាំបាច់នូវការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋក៏ដូចជាអ្នកពាក់ព័ន្ធ។
លោកបន្ថែមថា ការចូលរួមពីប្រជាពលរដ្ឋគឺគួរតែធ្វើយ៉ាងណាឱ្យពួកគេមានឱកាសនៅក្នុងការរាយការណ៍អំពីគ្រឿងញៀនដែលពួកគេបានជួបប្រទះដើម្បីអាជ្ញាធរបានចាត់វិធានការទាន់ពេលវេលា ហើយក៏ត្រូវតែមានការការពារដល់ពលរដ្ឋដែលហ៊ានរាយការណ៍អំពីបញ្ហាគ្រឿងញៀនផងដែរ។
លោក យង់ គិមអេង ថ្លែងថា៖ «មួយវិញទៀត គឺត្រូវតែមានទំនាក់ទំនងក៏ដូចជារបៀបនៃការធ្វើការហ្នឹងតាំងពីថ្នាក់ឃុំ សង្កាត់រហូតដល់ថ្នាក់លើដើម្បីបង្ការ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជាប្រចាំ។ លើសពីនោះទៅទៀតគឺត្រូវតែមានការអប់រំ ការផ្សព្វផ្សាយឱ្យបានច្រើនបំផុត ជាពិសេសនៅតាមកញ្ចក់ទូរទស្សន៍តាមអីហ្នឹងគឺត្រូវតែបើកយុទ្ធនាការផ្សព្វផ្សាយ តាមបណ្ដាញសង្គមអីឱ្យបានច្រើន»។
នៅក្នុងសារលិខិតដដែលនេះ លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន និងលើកទឹកចិត្តវិស័យឯកជនទាំងអស់ចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាលលើការងារលើកកម្ពស់ការផ្សព្វផ្សាយនិងអប់រំតាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ការចូលរួមវិនិយោគពីគ្រប់វិស័យលើការងារលើកកម្ពស់ការផ្សព្វផ្សាយនិងអប់រំ គឺជាកម្លាំងចលករមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យបញ្ហាគ្រឿងញៀនលែងជាឧបសគ្គរារាំងក្នុងការអភិវឌ្ឍសង្គមជាតិ»។
ក្រៅពីនេះ លោកណែនាំឱ្យបង្កើនការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ ២០២៤ បទល្មើសគ្រឿងញៀនជាច្រើនពាន់ករណីត្រូវបានបង្ក្រាប និងចាប់បាន។ គ្រឿងញៀន និងឧបករណ៍ពាក់ព័ន្ធគ្រប់ប្រភេទ ព្រមទាំងសារធាតុគីមីផ្សំជាច្រើនតោនត្រូវបានចាប់យក។ ជនសង្ស័យជាច្រើនពាន់នាក់ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕