
ទុរេនកម្ពុជាដែលកសិករប្រមូលផលបាននាពេលកន្លងមក។ រូបថត សហការី
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានប្រកាសរកឃើញសារធាតុគីមីមិនទាន់ស្គាល់អត្ដសញ្ញាណនៅក្នុងផ្លែទុរេននាំចូលពីប្រទេសជិតខាង។
បន្ទាប់ពីមានរបាយការណ៍នៅលើបណ្តាញសង្គមដែលចោទប្រកាន់ការលក់ទុរេននាំចូលដោយក្លែងក្លាយថាជាផលិតផលក្នុងស្រុក និងថែមទាំងបានប្រើប្រាស់សារធាតុគីមីនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានឱ្យអង្គភាព «ក.ប.ប» ធ្វើការស៊ើបអង្កេតជាបន្ទាន់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចេញនៅថ្ងៃទី ២១ ខែមិថុនា បានឱ្យដឹងថា៖ «នៅពេលទទួលបានរបាយការណ៍ មន្ត្រីជំនាញមកពី CCF ត្រូវបានបញ្ជូនមកត្រួតពិនិត្យទីផ្សារ និងច្រកព្រំដែនឆ្លងកាត់ប្រទេសកម្ពុជា»។
លទ្ធផលបឋមបានបង្ហាញថា ទោះបីជាអ្នកលក់អះអាងថា ផ្លែទុរេនដែលអាជីវករដាក់តាំងលក់គឺជាផលិតផលខ្មែរ មកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែតាមពិតវាជាផ្លែទុរេននាំចូលពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។
សេចក្តីប្រកាសនោះបានឱ្យដឹងថា៖ «មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម្យ៉ាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ»។
ដោយមើលឃើញពីការរកឃើញទាំងនេះ «ក.ប.ប» ជំរុញឱ្យពាណិជ្ជករទុរេនទាំងអស់ ជៀសវាងការប្រើប្រាស់សារធាតុមិនស្គាល់អត្តសញ្ញាណ និងធ្វើអាជីវកម្មប្រកបដោយសុចរិតភាព ដោយមិនក្លែងបន្លំប្រភពនៃផលិតផល។
យោងតាមទិន្នន័យឆ្នាំ ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសកម្ពុជាមានផ្ទៃដីដាំទុរេនចំនួន ៥២៨៩ ហិកតា ដែលផ្ដល់ទិន្នផលផ្លែទុរេនបានប្រមាណ ៣៦៦៥៦ តោនក្នុងមួយឆ្នាំ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៤ ទិន្នផលទុរេនក្នុងស្រុកមានចំនួន ៦២២៨ តោន»។
ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យថា មានអាជីវកម្មក្លែងបន្លំ ដូចជាការប្រើប្រាស់សារធាតុមិនស្គាល់អត្តសញ្ញាណ ឬប្រភពក្លែងបន្លំ ផ្តល់ព័ត៌មានទៅកាន់ Call Center នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខ ១២៦៦ ឬទាក់ទងដោយផ្ទាល់មកកាន់អគ្គនាយកដ្ឋាន «ក.ប.ប» តាមរយៈលេខ ០៩២ ៤៣០ ៥៥៥៕