
សមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យឈ្មោះ ស.ក.ឡ ភេទស្រី ជនជាតិខ្មែរ ជាអ្នកទទួលប្រាក់នៃបទល្មើសឱ្យឧក្រិដ្ឋជន។ អគ្គនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ភ្នំពេញ៖ នាយកដ្ឋានបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នក្នុងការលួងលោមពីជនមិនស្គាល់មុខឲ្យទៅបើកគណនីធនាគារ ឬសេវាផ្ទេរប្រាក់នានាដើម្បីទទួលផលកម្រៃពីជនល្មើសឆបោកតាមអនឡាញ។
នាយកដ្ឋាននេះបានបង្ហោះករណីឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ៣នាក់ ជាជនជាតិខ្មែរ ដែលក្នុងនោះមានស្ត្រីម្នាក់ផងដែរ ដែលបានទទួលផលនៃបទល្មើសឆបោកតាមអនឡាញ។ បើតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផ្សព្វផ្សាយនៅថ្ងៃនេះ ការឃាត់ខ្លួនធ្វើឡើងតាំងពីថ្ងៃទី១២ ខែមិថុនា ហើយជនសង្ស័យទាំងបីនាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
ករណីមួយក្នុងចំណោមករណីទាំងពីរនេះ មានជនសង្ស័យឈ្មោះ ស.ក.ឡ ភេទស្រី គឺជាអ្នកទទួលប្រាក់នៃបទល្មើសឱ្យឧក្រិដ្ឋជន ដែលបានប្រព្រឹត្តការឆបោកតាមរយៈការលួងលោមស្នេហា ឬឆបោកបែបមនោសញ្ចេតនា ដែលជាករណីស្នើសុំកិច្ចសហប្រតិបត្តិការពីសមត្ថកិច្ចសិង្ហបុរី។
ចំណែកករណីមួយទៀតមានជនសង្ស័យជនជាតិខ្មែរពីរនាក់ភេទប្រុស មានឈ្មោះហៅកាត់ថា រ.ត.ន និងម.ម ដែលពាក់ព័ន្ធនឹងការទទួលផលនៃបទល្មើសជំនួសឲ្យឧក្រិដ្ឋជន ហើយត្រូវបានបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។
នាយកដ្ឋានដដែលបញ្ជាក់ថា៖ «នាយកដ្ឋានសូមក្រើនរំឭកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមក្រោមការអូសទាញគ្រប់រូបភាព និងគ្រប់ទម្រង់ ដើម្បីឱ្យមានភាពជឿជាក់ រហូតឈានដល់ការខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន»។
នាយកដ្ឋានដដែលបន្តថា៖ «ជាងនេះទៅទៀតការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួនដើម្បីទទួលប្រាក់ពីបរទេស ដែលមានប្រព័ន្ធ Western Union, Ria …ជាដើម ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានី បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរគិតត្រឹមរសៀលថ្ងៃទី២១ ខែមិថុនានេះ។
លោក ង៉ែត មូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល ពន្យល់ថាការឆបោកមនោសញ្ចេតនា (Romantic scam ឬ Internet Love Scam) កើតឡើងតាមរយៈឧក្រិដ្ឋជនបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយមួយ ដោយប្រើប្រាស់រូបភាពដែលពួកយកពីអ៊ីនធឺណិត ដូចជារូបថតមនុស្សដែលមានគេស្គាល់ច្រើន ឬមនុស្សណាម្នាក់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ជនរងគ្រោះ។ បន្ទាប់មកពួកគេកសាងទំនាក់ទំនងបែបមនោសញ្ចេតនា ជាមួយជនរងគ្រោះបន្ដិចម្តងៗរហូតដល់ជនរងគ្រោះជឿទុកចិត្ត។
ជាចុងក្រោយ ពួកគេបង្កើតរឿងរ៉ាវបន្ទាន់ណាមួយ ហើយសុំឲ្យជនរងគ្រោះផ្ញើប្រាក់ឲ្យពួកគេ ជាញឹកញាប់ ហើយទម្រង់នៃការផ្ញើលុយនោះគឺតាមរយៈការផ្ញើតាមធនាគារ និងតាមសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក។
ការឆបោកបែបនេះមាននៅលើប្រទេសនានាក្នុងពិភពលោក រួមទាំងនៅកម្ពុជាផងដែរ ដោយភាគច្រើនជនរងគ្រោះគឺជាស្ត្រី ហើយជនល្មើសមានទាំងខ្មែរ និងបរទេស។
នៅឆ្នាំ ២០២០ អាជ្ញាធរបានចាប់ជនជាតិខែ្មរ១នាក់ និងជនជាតិនីហ្សេរីយ៉ា ៣នាក់ពាក់ព័ន្ធនឹងការឆបោកប្រាក់តាមបណ្តាញសង្គម ដោយលួងលោមបោកបញ្ចោតមនោសញ្ចេតនា។ លោកថា ករណីនោះ ជនជាតិខ្មែរគឺជាអ្នកដើរបញ្ចុះបញ្ចូលឲ្យអ្នកភូមិយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនទៅបង្កើតធនាគារ ហើយលក់គណនីធនាគារនោះឲ្យមកខ្លួន។
ក្រៅពីនេះក៏មានការឆបោកមនោសញ្ចេតនា ដោយជនល្មើសសន្យាផ្ញើររបស់របរមានតម្លៃដូចជា កាបូប ប្រាក់ និងមាសជាដើម។
លោកបន្តថា៖ «ឧក្រិដ្ឋជនមានដៃជើងរបស់ខ្លួននៅក្នុងស្រុកដើម្បីធ្វើប្រតិបត្តិការនេះ។ ករណីខ្លះ ជនជាតិខ្មែរដែលជាដៃជើងរបស់ឧក្រិដ្ឋជន បានក្លែងបន្លំជាមន្ត្រីពន្ធគយ ផ្ញើសារទៅជនរងគ្រោះតាមបណ្តាញសង្គមហ្វេសប៊ុក ឬតេឡេក្រាម ដោយប្រាប់ថាមានគេផ្ញើអីវ៉ាន់មកឲ្យ តែត្រូវបង់ពន្ធជាមុនសិន»។
ចំពោះករណីទាំងពីរខាងចុងក្រោយនេះ លោកថា ស្រដៀងទៅនឹងករណីដែលធ្លាប់កើតឡើងពីមុន នោះគឺជនល្មើសលួងលោមឲ្យប្រជាពលរដ្ឋដែលខ្វះខាតថរិកាយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនទៅបើកគណនីធនាគារ រួចហើយគេទិញយកគណនីនោះដើម្បីធ្វើការផ្ញើលុយចេញ។
លោកថា៖ «ប៉ុន្តែក្នុងករណីថ្មីនេះ គឺឧក្រិដ្ឋជន និងដៃជើងរបស់ពួកដែលនៅក្នុងស្រុក បានផ្លាស់ប្តូររបៀបក្នុងការផ្ញើលុយក្រោយពេលទទួលលុយពីជនរងគ្រោះនៅក្នុងស្រុក រួចហើយផ្ញើចេញទៅខាងក្រៅប្រទេស ដោយប្រើប្រាស់សេវាកម្មផ្ទេរប្រាក់អន្តរជាតិ ដូចជា Western Union និង Ria ជាដើម»។
លោកបន្តថា ការធ្វើការផ្ទេរប្រាក់បែបនេះ ធ្ធើឲ្យអជ្ញាធរពិបាកស្វែងរក។ ចំណែកឯជនរងគ្រោះ ឬអ្នកលក់គណនីធនាគារ និងអ្នកទិញគណនី ហើយផ្ញើលុយទៅឲ្យឧក្រិដ្ឋជន គឺជាជនជាតិខ្មែរទាំងអស់។ នៅមានករណីដែលស្មុគស្មា្ញញជាងនេះទៀត នោះគឺការផ្ទេរប្រាក់របស់ឧក្រិដ្ឋជនតាមហិរញ្ញវត្ថុ Crypto ដែលរឹតតែធ្វើឲ្យអជ្ញាធរមានសមត្ថកិច្ចពិបាកចាប់ខ្លួនក្រុមឧក្រិដ្ឋជនពិតប្រាកដ។
ចំពោះការប្រើប្រាស់សេវាកម្ម Western Union និង Ria ជនរងគ្រោះអាចធ្វើការរាយការណ៍និងដាក់ពាក្យបណ្ដឹងទៅក្រុមហ៊ុនទាំងពីរនេះ៕