ពោធិ៍សាត់ៈ មេក្លោងឈ្មួញឈើដ៏ធំក្នុងខេត្តពោធិ៍សាត់ឈ្មោះ កោះ សុភី ហៅតាហយ កំពុងតែគេចខ្លួនក្រោយពីតុលាការបានកោះហៅឱ្យចូលបំភ្លឺរឿងបទល្មើសព្រៃឈើដុះស្លែរាប់ឆ្នាំមក ដែលមានជាប់ពាក់ព័ន្ធទៅនឹងមន្រ្តីផ្សេងទៀតជាច្រើន។ នេះបើយោងតាមអភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា។
ចំណាត់ការរបស់តុលាការខេត្តនេះត្រូវបានធ្វើឡើងក្រោយពេលដែលសំបុកបទល្មើសព្រៃឈើដ៏ធំមួយនៅដែនជម្រកសត្វព្រៃឱរ៉ាល់ស្ថិតក្នុងស្រុកភ្នំក្រវាញ និងកន្លែងពាក់ព័ន្ធផ្សេងទៀត ត្រូវបានលោកអភិបាលខេត្តដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបក្រោមការស្នើសុំអន្តរគមន៍ពីសមាគមយុវជនស្រលាញ់ធម្មជាតិ។ ជាលទ្ធផលយ៉ាងហោចណាស់ឈើ ៤០ម៉ែត្រត្រូវបានរកឃើញនិងរឹបអូស។
លោកអភិបាលខេត្តមានប្រសាសន៍ថា៖ «យើងបានរកឃើញឈើដែលបង្កប់លាក់នៅក្នុងឱរ៉ាល់យើង ស្រុកភ្នំក្រវាញហ្នឹង។ យើងនៅកំពុងតែបន្តប្រមូលវត្ថុតាង និងកំពុងតែអនុវត្តច្បាប់ហើយតុលាការបានចេញដីកាហៅឱ្យចូលខ្លួនទៅតាមការចោទប្រកាន់ជំនាញរដ្ឋបាលព្រៃឈើ»។
លោកបានថ្លែងដូច្នេះថា៖ «មុខសញ្ញានេះយើងរកយូរមកហើយ ដែលលួចលាក់ និងមានការឃុបឃិតជាមួយនឹងមន្រ្តីមួយចំនួន។ យើងមិនទាន់ដឹងថា មុខសញ្ញាណាខ្លះដែលពាក់ព័ន្ធនោះទេ។ យើងកំពុងតែហៅទី១ សាម៉ីខ្លួនមកសិន។ សាម៉ីខ្លួនគេចខ្លួនបាត់ហើយ ប្រហែលជាដីកាហ្នឹងមិនទាន់ដល់សាម៉ីខ្លួនទេ។ គេដាក់មេធាវីអីដែរ.. មកដោះស្រាយទៅ អាហ្នឹង ផ្លូវច្បាប់គេអនុវត្តហើយ»។
លោកអភិបាលខេត្ត និងប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិលោក តាន់ គឹសួរ បានអះអាងថា ឈ្មួញឈើរូបនោះ ឈ្មោះកោះ សុភី ហៅតាហយ(ហ៊យ)។
លោក តាន់ គឹមសួរ បានអះអាងថា លោកបានទទួលព័ត៌មានពីការដឹកជញ្ជូនឈើយ៉ាងអណាធិបតេយ្យតាមរថយន្តកែច្នៃប្រមាណជា ៣គ្រឿងនៅតំបន់ដំណាក់ត្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ នៅថ្ងៃទី២៧ ខែឧសភាកន្លងមក។ ក្រោយមកបានធ្វើដំណើរឡើងភ្នំទៅរកមើលដោយមានមន្រ្តីឧទ្យានុរក្សចំនួន ២នាក់ផងដែរ។
នៅពេលទៅដល់ទីតាំងនោះ មិនឃើញមានជនសង្ស័យនោះទេ។ ប៉ុន្តែវត្ថុតាងជាច្រើនត្រូវបានបន្សល់ទុក ដូចជាឈើឃ្លុំ (ឈើម្រេញ) ៤កំណាត់ធំៗ ឈើក្តារអារច្រៀករួចជាបន្ទះៗរាប់រយបន្ទះ ដើមឈើមូលជាច្រើនដើម ដែលសរុបទៅប្រមាណជា ៣០ម៉ែត្រគូប ដែលគេត្រៀមរៀបចំដឹកជញ្ជូនចេញ។ ក្រៅពីនោះ ក៏ឃើញមានរោងស្នាក់នៅបណ្តោះអាសន្នជាច្រើនរបស់ជនល្មើស ផ្លែរណាអារឈើ ម៉ាស៊ីនអារ៉ៃ ម៉ាស៊ីនអូសម៉ាស៊ីនរ៉ៃ ម៉ាស៊ីនអារច្រៀកឈើផ្សេងទៀត កង់យោង និងគំនរកំទេចអាចម៌រណាយ៉ាងក្រាស់ផងដែរ។
លោកនិយាយថា៖ «ពួកយើងមិនដែលឃើញសោកនាដកម្មព្រៃឈើដ៍ធំសំបើមថ្នាក់នេះទេកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំដែលធ្វើកិច្ចការនេះ...ខ្ញុំមានអារម្មណ៍ថាសោកស្តាយ ស្រណោះព្រៃឈើនៅតំបន់នោះមែនទែន។ ពីភ្នំមួយទៅភ្នំមួយឃើញថាមានការកាប់ទន្រ្ទានខ្លាំង មានគន្លងឡាន [ដឹកឈើ] ដោយឈ្មោះហ៊យ»។
នៅពេលជិតយប់ពួកលោកក៏បានចុះមកវិញ ហើយបានទាក់ទងតាមរយៈទូរស័ព្ទទៅអភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា ដើម្បីសុំអន្តរាគមន៍បន្ថែម។ នៅថ្ងៃទី៣១ ខែឧសភា លោកអភិបាលខេត្តបានដឹកនាំកម្លាំងប្រដាប់អាវុធចម្រុះប្រមាណជា ៣០រូបទៅជួបជុំគ្នាជាមួយនឹងក្រុមល្បាតលោក គឹមសួរ នៅចំណុចជើងភ្នំមួយកន្លែង។
លោកអភិបាលបានធ្វើការណែនាំដល់កងកម្លាំងដែលមានអាវុធស្ទើរគ្រប់ដៃនោះពីរបៀបនៃការដើរក្នុងព្រៃ និងឡើងភ្នំជាដើម។ ក្រុមល្បាត និងកម្លាំងចម្រុះបានដេកនៅក្នុងព្រៃមួយយប់ ដើម្បីបន្តរុករករថយន្តបន្តទៀត ទៅតាមស្នាមរថយន្ត ហើយក៏បានឃើញរថយន្តកែច្នៃមួយគ្រឿងលាក់ទុក។ ដោយខ្វះមធ្យោបាយរឹបអូសយកទៅរក្សាទុក ពួកគេក៏បានសម្រេចប្រមូលមែកឈើ ដើម្បីដុតរថយន្តនោះកំទេចចោលតែម្តង ព្រោះខ្លាចជនល្មើសយកទៅវិញ។
បេសកម្មជាមួយនឹងកម្លាំងចម្រុះបានដេកនៅក្នុងព្រៃលើភ្នំនោះ រហូតដល់បានបញ្ចប់ការរុករកបទល្មើសនៅក្នុងព្រៃឈើភ្នំនោះ។
លោក គឹមសួរ បន្តថា លោកបានចំណាយពេលចំនួន ២ថ្ងៃ ដើម្បីសាកសួរប្រជាជននៅតំបន់នោះពីអ្នកប្រព្រឹត្តបទល្មើសទាំងនេះ និងជិះរកមើលកន្លែងដែលឡានដឹកឈើ យកទៅស្តុកនៅឃ្លាំងឈើ និងការចរាចរឡានដឹកឈើ។ជាលទ្ធផល លោកបានក្ដោបបានទីតាំងបទល្មើស ដែលមានតាហយជាអ្នកប្រព្រឹត្តរាប់សិបឆ្នាំមកហើយ។
លោកបានសង្កេតឃើញថា៖ «គ្រប់ភ្នំតែម្តងគឺបន្សល់នូវស្លាកស្នាមនៃគល់ឈើ និងបទល្មើស។ នេះយើងជាស្នាដៃរបស់តាហយ ដោយមិនមានការខ្វាយខ្វល់ពីមន្រ្តីពាក់ព័ន្ធនោះទេ។ ខ្ញុំជឿជាក់ថា តាហយតែម្នាក់ឯងគឺមិនអាចធ្វើរឿងដ៏ធំបែបនេះបាននោះទេ លុះត្រាតែមានឃុបឃិតពីមន្រ្តីមូលដ្ឋានមួយចំនួនធំតែម្តង»។
បេសកកម្ម ៦យប់ ៧ថ្ងៃរបស់ក្រុមល្បាតជាមួយលោកអភិបាលខេត្តពោធិ៍សាត់ ត្រូវបានចងក្រងជាសង្ខេបខ្លីក្នុងវីដេអូមួយដែលមានរយៈជិតកន្លះម៉ោងផងដែរ។
លោក គឹមសួរ បាននិយាយថា៖ «ពួកយើងបានប្រឹងប្រែងណាស់ហើយក្នុងការចូលរួមកំទេចខ្មូតស៊ីឈើ ដែលមានអាយុកាលរាប់សិបឆ្នាំ។ មន្ត្រីដែលពាក់ព័ន្ធឃុបឃិតបើកដៃឱ្យមានការចរាចរណ៍បទល្មើសព្រៃឈើនេះត្រូវតែមានការទទួលខុសត្រូវនៅមុខច្បាប់។ សង្ឃឹមយុត្តិធម៌សម្រាប់ព្រៃឈើនៅតំបន់នេះនឹងមាន»។
លោកអភិបាលខេត្តបានបន្តថា លោកបានដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសនេះ ជាញឹកញាប់ហើយថែមទាំងបានដាក់កម្លាំងបង្កប់ចាប់បានច្រើនផងដែរ។ ប៉ុន្តែ ជនល្មើស និងអ្នកពាក់ព័ន្ធនៅតែព្រហើនបន្តប្រព្រឹត្តបទល្មើសដដែល។ ឈើដែលរកឃើញហើយរឹបអូសជាបឋម មានចន្លោះពី ៣០ ទៅ ៥០ម៉ែត្រគូប ដែលរួមទាំងឈើសន្លឹក និងឈើហ៊ុបជាដើម។ លើសពីនោះនៅមានឈើជាបន្តបន្ទាប់ទៀត ហើយនៅមួយរយៈមុននោះ ឈើខ្លះក៏ត្រូវបានគេលួចរំដោះចេញនៅពេលយប់ផងដែរ។
លោកបន្តថា បទល្មើសនេះបានបង្កប់លាក់ខ្លួននៅក្នុងភ្នំឱរ៉ាល់ និងមានខ្សែរយៈរបស់ពួកគេជាហូរហែរហូតមក។
លោកថា បទល្មើសខ្លះមានរូបភាពដឹកតាមម៉ូតូ និង គោយន្តដែលអាចថាជាលក្ខណៈគ្រួសារ តែតាមពិតការដឹកបែបនេះគឺដូចជាកណ្តៀរពូនដីដូចនោះដែរ គឺយូរទៅវាប្រមូលផ្តុំឈើបានច្រើនហើយ។
លោកបន្ថែមថា៖«អញ្ចឹងជននេះគឺរៀបចំគ្រប់រូបភាពទាំងអស់ដើម្បីដឹកឈើហ្នឹង។ ឈើធំៗដឹកឡាន ហើយវាច្បាស់លាស់ណាស់បានចេញមក។ យើងរុញកម្លាំងទៅដល់គោលដៅហ្នឹង កន្លែងដែលយើងយកមកមិនបានកំទេចចោលទៅ..តាហ្នឹងមេក្លោងហើយ តាហ្នឹងប្រព្រឹត្តបានចឹងមានសមត្ថកិច្ចជំនាញខ្លះពាក់ព័ន្ធនៅហ្នឹងហើយ មិនអត់ទេ។ ចាំមើលតុលាការហៅបុគ្គលហ្នឹងមកស្រាវជ្រាវជាបន្តបន្ទាប់»។
លោកអភិបាលបានលើកឡើងថា កិច្ចការងារបង្រ្កាបទាំងនោះ គឺត្រូវបានធ្វើឡើយយ៉ាងប្រុងប្រយ័ត្ន ដើម្បីពង្រឹងច្បាប់ព្រោះថា ប្រសិនបើមានការបណ្តោយឱ្យក្រុមនេះធ្វើកម្មភាពតទៅទៀត នោះ វាធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងយន្តការនៃការដឹកនាំរបស់អាជ្ញាធរ។
លោកមានប្រសាសន៍ថា ការរកឃើញមុខសញ្ញានេះធ្វើឱ្យលោកសប្បាយចិត្តជាខ្លាំង ដោយសារតែមនុស្សមួយក្រុមនេះ បង្កបញ្ហាច្រើនមិនឱ្យអ្នកផ្សេងបានសុខនោះទេ ខណៈពេលដែលអាជ្ញាធរខេត្តរវល់គ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋជាង ៥០ម៉ឺននាក់នៅក្នុងខេត្ត។ លើសពីនោះ ខាងតុលាការក៏បានពិនិត្យឃើញផងដែរថា ទ្រព្យសម្បត្តិដែលបុគ្គលនោះមានគឺក៏ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើផងដែរ។
លោកបានថ្លែងដូច្នេះថា៖ «មុខសញ្ញាហ្នឹងមួយធំជាងគេហើយក្នុងខេត្ត ហើយបើតាមឮព័ត៌មានមិនមែនតែខេត្តពោធិ៍សាត់ទេ គឺធ្វើច្រើនខេត្តមកហើយបុគ្គលម្នាក់នេះ។ ខាងតុលាការពិនិត្យមើលទៅឃើញថា ទ្រពសម្បត្តិរបស់គាត់ហ្នឹងគឺបានពីការបំផ្លិចបំផ្លាញព្រៃឈើ លាងលុយ។ ចាំមើលគេពិនិត្យមើលទៀត មិនឱ្យបំផ្លាញជាតិទៀតទេ...ហ្នឹងជាឧក្រិដ្ឋកម្មព្រៃឈើ»។
លោក ឃៀង សុមុនី ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃតុលាការខេត្តពោធិ៍សាត់ បានអះអាងថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ដោយសារតែលោកជាប់រវល់ចូលរួមសិក្ខាសាលានៅភ្នំពេញ។
អ្នកស្រី ផាន់ សុគន្ធថង អ្នកនាំពាក្យអយ្យការនៃសាលាដំបូងក៏មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចស្វែងរកទំនាក់ទំនងរបស់តាហយដើម្បីសុំការបំភ្លឺបានទេ។ ទោះយ៉ាងណាស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចេញការបំភ្លឺមួយកាលពីថ្ងៃទី៥ ខែមិថុនានេះ។
យោងតាមលិខិតបំភ្លឺបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរួចមក ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចុះស្រាវជ្រាវ និងបានជួបជាមួយឈ្មោះ តាហយ និងឈ្មោះ ម៉ៅ។
លិខិតបានបញ្ជាក់ថា៖ «តាមចម្លើយអ្នកទាំងពីរបានធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មានហើយក៏សំណូមពរឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យពួកគាត់ផងដែរ»។
ក្រុមការងារប្រតិកម្មរហ័សក៏បានចុះស្រាវជ្រាវ ដល់ទីតាំងដីចំការរបស់ តាហយ នៅបំណក់ ប៉ុន្តែក៏គ្មានការស្តុកឈើសម្រាប់នាំចេញដូចសារព័ត៌មានបានចុះផ្សាយនោះដែរ៕