កម្លាំងរួបរួមជាធ្លុងមួយនៃក្រុមហ៊ុនធំៗនៅកម្ពុជាបានរំលេចជាកម្មវិធីសប្បុរសធម៌ ផ្តល់ឈាមសង្គ្រោះជីវិត "Give Blood, Save Lives" នៅអគារ GIA ដើម្បីរួមចំណែកដោះស្រាយតម្រូវការឈាមដ៏ចាំបាច់នៅក្នុងមន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា។
សប្បុរសជន ៤៦៦ រូបបានចុះឈ្មោះស្ម័គ្រចិត្តបរិច្ចាគឈាម ហើយអ្នកដែលមានលទ្ធភាពបរិច្ចាគបានមានចំនួន ៣៨៩ រូប ក្នុងដំណើរការពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤:៣០ រសៀលកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។
យុទ្ធនាការបរិច្ចាគឈាមទ្រង់ទ្រាយធំនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា (NBTC) ក្រុមហ៊ុន DKSH Cambodia, KPMG Cambodia, AIA Cambodia, foodpanda, Unbox Marketing Agency, AEON Specialized Bank Cambodia, SP Building Management, Nestle, SokSiphana & Association, HBS Law, WEduShare, Sabay, SR Digital Media, Phnom Penh Post និង ភ្នំពេញប៉ុស្តិ៍។
តំណាងឲ្យអគារ GIA និងគណៈកម្មាធិការក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាម អ្នកនាង ផាន់ រាសី អ្នកគ្រប់គ្រងទូទៅ SP Building Management បានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ប្រារព្ធកម្មវិធីសប្បុរសធម៌បរិច្ចាគឈាមក្រោមប្រធានបទ«ផ្តល់ឈាម សង្គ្រោះជីវិត»។
អ្នកនាងបានបន្តថា៖ «នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន គណកម្មាធិការរៀបចំកម្មវិធី និងអ្នកឧបត្ថម្ភកម្មវិធីទាំងអស់គ្នា ដែលបានចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ ហើយនេះជាទង្វើដែលពោរពេញទៅដោយមនុស្សធម៌ប្រកបដោយភាពជ្រះថ្លា»។
លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធាន មជ្ឃមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់គឺពីមនុស្សមិនមានរោងចក្រណា ឱសថណាអាចផលិតបានទេ។
បន្ថែមពីលើអត្ថប្រយោជន៍សម្រាប់សង្គមជាតិ និងបរមជាតិតាមសាសនា លោកស្រីបានមានប្រសាសន៍ថា៖ «ការបរិច្ចាគឈាមថែមទាំងមានអត្ថប្រយោជន៍ ៣ សំខាន់គឺអត្ថប្រយោជន៍ផ្ទាល់ខ្លួន កាត់បន្ថយហានិភ័យជំងឺមហារីក កាត់បន្ថយកំហាប់ឈាម ការលើសជាតិដែកដែលប៉ះពាល់ដល់ថ្លើម និងលំពែង ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ និងជំងឺដាច់សរសៃឈាមខួរក្បាល»។
កញ្ញា បូរី សត្ថាវី អាយុ ២៤ឆ្នាំ ទីប្រឹក្សាផ្នែកច្បាប់នៅការិយាមេធាវី HBS Law ធ្លាប់ចង់បរិច្ចាគដែរ តែកត្តាទម្ងន់ និងសុខភាពរាងកាយមិនអំណោយផល។
កញ្ញាបានថ្លែងទាំងរីករាយថា៖ «ដល់ពេលឥឡូវសុខភាពល្អ ហើយគីឡូគ្រប់ក៏សម្រេចថាអាចបរិច្ចាគទៅ។ បរិច្ចាគហើយសប្បាយចិត្តដែលយើងអាច Contribute វិញទៅសង្គម ទោះយើងអត់អាច Contribute ជាលុយកាក់អីក៏ដោយក៏យើងអាច contribute ជាឈាមបានដែរ»។
កញ្ញាចង់លើកទឹកចិត្តឱ្យអ្នកមានសុខភាពល្អទៅបរិច្ចាគឈាមក្នុងបំណងសប្បុរសធម៌ និងមនុស្សធម៌ ក៏ដូចជាផ្ដល់អត្ថប្រយោជន៍សុខភាពដល់អ្នកផ្ដល់ឈាម។
កញ្ញាបានលើកឡើងថា៖ «បើតាមខ្ញុំចាំបានយើងមានសិក្ខាសាលាដែលវេជ្ជបណ្ឌិតបាននិយាយពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម វាល្អសម្រាប់សុខភាពអ្នកបរិច្ចាគផងដែរ ដូចជាអាចឱ្យយើងផលិតឈាមថ្មីៗ»។
ទីប្រឹក្សាផ្នែកច្បាប់នៅការិយាមេធាវី HBS Law រូបនេះបន្តថា៖ «ប្រសិនបើយើងមានឱកាស និងមានសុខភាពគ្រប់លក្ខខណ្ឌ យើងគួរតែបរិច្ចាគឈាម ដោយសារតែយើងមើលអត់ឃើញទេថាចំណែកតូចមួយពីការចូលរួមបរិច្ចាគឈាមហ្នឹងវាអាចជួយសង្គ្រោះជីវិតអ្នកដទៃក៏ថាបាន អ៊ីចឹងយើងគួរតែគិតគូរ បើយើងមានលទ្ធភាព យើងគួរតែបរិច្ចាគឈាម»។
លោក ផល វិននើរ តំណាងពី foodpanda បានសម្ដែងក្ដីរំភើបចំពោះភាពជោគជ័យរបស់កម្មវិធីនេះ។
លោកបាននិយាយថា៖ «ខ្ញុំមានមោទកភាពណាស់នៅពេលដែលឃើញមនុស្សកាន់តែច្រើនឱ្យតម្លៃលើកិច្ចការងារសង្គម។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ និងក៏ដូចជាបុគ្គលិករបស់ foodpanda ជាពិសេស អ្នកដឹកជញ្ជូនរបស់យើងដែលបានចូលរួមកម្មវិធីនេះ ទោះបីជាមានការមមាញឹកខ្លាំងក្នុងការដឹកជញ្ជូនរបស់ពួកគេយ៉ាងណាក៏ដោយ»។
រីឯលោក ឡោ គឹមស្រឿន មកពីក្រុមហ៊ុន DKSH ធ្លាប់បរិច្ចាគឈាមច្រើនជាង ១០ដងមកហើយ និងតែងតែមានអារម្មណ៍រីករាយជានិច្ច។
លោកលើកឡើងថា៖ «ដំបូងរាងខ្លាចដែរ តែយូរទៅរាងស៊ាំ។ ពេលបរិច្ចាគហើយមានអារម្មណ៍សប្បាយ ដោយសារតែទី១ យើងអាចចូលរួមការងារសង្គមបាន ហើយទី២ វាជួយដល់សុខភាពយើងដែរ ហើយខ្ញុំចង់លើកទឹកចិត្តឱ្យគ្រប់គ្នាចូលរួមទាំងអស់គ្នា»។
រីឯលោក គឹម ពឺទី អាយុ៣៨ឆ្នាំ មកពីក្រុមហ៊ុនដូចគ្នានេះដែរ បានសម្ដែងចំណាប់អារម្មណ៍ថា៖ «ជាក់ស្ដែងទៅ ខ្ញុំផ្ដល់ឈាមញឹកញាប់ដែរ។ ខ្ញុំស្ដាប់តាមការណែនាំរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដុកទ័រគាត់ណែនាំថាបុរសអាចផ្ដល់ឈាមបាន មានន័យថា ៣ខែអាចផ្ដល់ឈាមបានហើយ អាស្រ័យទៅតាមសុខភាពរបស់យើង។ អ៊ីចឹងមានន័យថា ការផ្ដល់ឈាមក្នុង ១ឆ្នាំយើងអាចផ្ដល់បាន៤ដងសម្រាប់បុរស។ សម្រាប់ស្ត្រី ៣ដងក្នុងមួយឆ្នាំ មានន័យថា ៤ខែម្ដង។ សម្រាប់ខ្ញុំជាទម្លាប់ យ៉ាងហោចណាស់ក៏ ២ ទៅ៣ដងដែរក្នុង១ឆ្នាំ»។
លោកបានបញ្ជាក់ថា៖ «ធម្មតាទេបើយើងអត់ធ្លាប់ យើងភ័យ យើងខ្លាចម្ជុល។ ពេលដែលយើងអត់ធ្លាប់ផ្ដល់ឈាម យើងអាចមានអារម្មណ៍ថា ពេលផ្ដល់ទៅខ្សោយជាមុន មានអាការៈប្លែកទ្រុឌទ្រោម។ តែមែនទែនគឺអត់ទេ យើងញ៉ាំចំណីអាហារទៅវាជួយបំពេញកម្លាំងថាមពលមកវិញ ហើយឈាមរបស់យើងក៏អត់មានខ្វះខាតប្រឈមអីទេ។ តែបើយើងគិតត្រឡប់មកវិញគឺវាដើម្បីសុខភាពយើងផង ដើម្បីសង្គមជាតិផង យើងគួរតែលះបង់ខ្លះ ដើម្បីប្រជាជនដែលគាត់ត្រូវបានឈាម»៕