
គេហទំព័រក្រុមហ៊ុន CoolApp។
ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រើប្រាស់ CoolApp ដែលជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា ដើម្បីធានាដល់ទំនាក់ទំនងក្នុងប្រទេស ក្នុងករណីបណ្ដាញទំនាក់ទំនងរបស់បរទេសជួបការរអាក់រអួល និងដើម្បីធានាម្ចាស់ការលើការរក្សាការសម្ងាត់ផងដែរ។
លោកបានបង្ហោះសារក្នុងបណ្តាញសង្គមនាយប់ថ្ងៃទី២៣ មិថុនាថា៖ «ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឱ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឱ្យប្រើប្រាស់ផងដែរ។ គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឱ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន»។
លោកក៏បានលើកឡើងពីប្រទេសដទៃដែលមានប្រព័ន្ធទំនាក់ទំនងរបស់ខ្លួនផងដែរ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ចំណែកកម្ពុជាមាន CoolApp ដែលបច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store។
លោក ហ៊ុន សែន ក៏បានលើកឡើងពីចំណុចសំខាន់មួយទៀតរបស់ CoolApp នេះផងដែរ គឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសកម្ពុជា ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេសជួបការរអាក់រអួលដោយប្រការណាមួយ។
លោកសរសេរថា៖ «ដូចនេះ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ គួរបង្កើតឱ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសម្ងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឱ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ»។
លោក ហ៊ុន សែន បញ្ជាក់ថាលោកបាន និងកំពុងប្រើ ៨ប្រព័ន្ធរាប់ទាំង CoolApp ថ្មីផង ហើយលោកបានបញ្ចូលទៅក្នុងទូរសព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច៣។ ទី១ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។ ទី២បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសំឡេងបានលឿន។ ទី៣ហៅនិយាយឆ្លងឆ្លើយ និង ហៅនិយាយឆ្លងឆ្លើយតាមវីដេអូ (Video call) បានយ៉ាងច្បាស់ល្អ។ CoolApp នេះប្រើ Internet តិចជាងបណ្តាញសង្គមផ្សេងទៀត។
លោកសរសេរថា៖«ចំណុចនេះជាការសាកល្បងរបស់ខ្ញុំប៉ុណ្ណោះ។ បើបងប្អូនចង់សាកល្បងក៏សូមសាកល្បងមើល រាប់ទាំងបងប្អូននៅក្រៅប្រទេស ព្រោះបងប្អូនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធនេះជាមួយខ្ញុំរួចហើយ»។
លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានប្រើប្រាស់ CoolApp នេះ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា Appនីមួយៗ ដែលបង្កើតឡើងមានគោលបំណង គោលដៅ និងរបៀបរបបនៃការគ្រប់គ្រង ព្រមទាំងលក្ខណៈពិសេសនៃឯកជនភាពរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រង(Administrator) នីមួយៗ។ លោកថា ចំពោះ CoolApp នេះ មានភាពល្អប្រសើរ និងមានលក្ខណៈពិសេសល្អច្រើន ហើយចំណុចសំខាន់គឺ វាមានលក្ខណៈប្លែកពីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។
លោកថ្លែងថា៖ «យើងឃើញថា មានលក្ខណៈល្អប្រសើរប្លែកពីsocial media [បណ្តាញសង្គម] ផ្សេងៗទៀតដែលកំពុងតែប្រើប្រាស់។ ចំណុចមួយទៀត ក្នុងនោះក៏ឃើញថា សម្រាប់បងប្អូនយើងដែលជាអ្នកប្រើប្រាស់ថ្មីៗ គាត់ពុំសូវ engage [ភ្ជាប់ទំនាក់ទំនង] ជាមួយនឹងsocial media គាត់ថារាងស្មុគស្មាញជាង Telegram ឬក៏WhatsApp បន្តិចដែរ។ ហ្នឹងអ្វីដែលយើងអាចកត់សម្គាល់បាន ក៏ប៉ុន្តែសម្រាប់យើងខ្ញុំ ខ្ញុំគិតថា Appមួយនេះមានលក្ខណៈល្អប្រសើរច្រើនហើយ។ យើងខ្ញុំសូមគាំទ្រចំពោះការបង្កើតឡើង និងលើកទឹកចិត្តចំពោះក្រុមការងារដែលបង្កើតAppនេះឡើងសម្រាប់ការប្រើប្រាស់ដល់កូនខ្មែររបស់យើង»។
គេហទំព័រក្រុមហ៊ុន CoolApp បញ្ជាក់ថា CoolApp ប្រើប្រាស់ប្រព័ន្ធ Encryption ហើយសារ ទិន្នន័យ និងការហៅនិយាយឆ្លងឆ្លើយ (Call) របស់អ្នកប្រើប្រាស់នៅតែមានសុវត្ថិភាព ហើយថា៖ «មានតែអ្នក និងមនុស្សដែលអ្នកកំពុងទំនាក់ទំនងជាមួយប៉ុណ្ណោះដែលអាចអាន ឬស្តាប់សារ និងការហៅនិយាយឆ្លងឆ្លើយទាំងនេះ គឺគ្មានអ្នកណាផ្សេងនោះទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា សម្ដែងការគាំទ្រចំពោះការប្រើប្រាស់ CoolApp ដែលបង្កើតដោយស្នាដៃខ្មែរនេះ ដោយលោកកត់សម្គាល់ថា៖ «កាលណាប្រើរបស់គេគឺគេអាចយកព័ត៌មានយើងហើយ ទោះយ៉ាងណាក៏ដោយចុះ ទាំងបណ្ដាញទំនាក់ទំនងសង្គម និង គ្រឿងអេឡិចត្រូនិក។ ប៉ុន្តែ គ្រឿងអេឡិចត្រូនិក យើងមិនទាន់អាចផលិតខ្លួនឯងបានទេ ទូរសព្ទ កុំព្យូទ័រអីក៏ដោយ។ ទាំងអស់ហ្នឹងក៏គេអាចយកព័ត៌មានពីយើងបានដែរ ប៉ុន្តែយ៉ាងហោចណាស់ក៏យើងអាចធ្វើបណ្ដាញទំនាក់ទំនងសង្គមខ្លួនឯងបាន ដែលជាចំណែកមួយដែលយើងអាចគ្រប់គ្រងទិន្នន័យបាន ជាការពិត»។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី២៤ មិថុនា ថា ដើម្បីដំណើរការនៃការប្រើបណ្ដាញសង្គមនេះទូលំទូលាយគឺផ្ដើមចេញពីថ្នាក់ដឹកនាំ ដោយលោកបន្ថែមថា៖ «ឥឡូវ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកប្រកាសប្រើ។ អ៊ីចឹង រដ្ឋាភិបាលប្រកាសប្រើ ប្រើទៅ ហើយអ្នកណាចង់ទំនាក់ទំនងរដ្ឋាភិបាល ចង់ទំនាក់ទំនងថ្នាក់ដឹកនាំ ត្រូវតែទំនាក់ទំនងតាម CoolApp ហ្នឹងទៅ។ យើងប្រកាសអ៊ីចឹងទៅ។ បើទំនាក់ទំនងតាមប្រព័ន្ធផ្សេង កុំទទួលទៅ»។
លោក យង់ ពៅ បន្ថែមថា៖ «អ៊ីចឹង អ្វីៗគឺអាស្រ័យទៅលើឆន្ទៈអ្នកនយោបាយ ឆន្ទៈអ្នកដឹកនាំ។ ឆន្ទៈអ្នកដឹកនាំថា ប្រើអាហ្នឹងឃើញថាវាមានសុវត្ថិភាពហើយមានដំណើរការល្អហើយ ប្រើទៅ។ បើអ្នកណាមិនប្រើប្រព័ន្ធហ្នឹងទាក់ទង កុំទទួលទៅ។ ហ្នឹងយូរទៅ គេនឹងប្រើតាមហើយ»។
លោក ប៉ា ចន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា នៅក្នុងសម័យឌីជីថល ការប្រាស្រ័យទាក់ទងគ្នា ទាំងក្នុងការរស់នៅប្រចាំថ្ងៃ ទាំងក្នុងការធ្វើការងារសព្វថ្ងៃនេះត្រូវបានធ្វើឡើងតាមរយៈ Mobile app ដូចជា Messenger, Telegram, WhatsApp និងSignal ជាដើមដែលAppទាំងអស់នេះជាថ្នាលកំពុងពេញនិយមជាងគេ។ លោកថា ការបង្កើត CoolApp ដោយអ្នកបច្ចេកទេសខ្មែរនេះ ក៏ជាការល្អដែរដើម្បីឆ្លើយតបតម្រូវការនៃអ្នកប្រើប្រាស់អ៊ីនធឺណិត ឬក៏ប្រព័ន្ធឌីជីថលសព្វថ្ងៃ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី២៤ មិថុនា ថា៖ «ប៉ុន្តែ ការសិក្សាស្រាវជ្រាវមួយចំនួនបានរកឃើញថា ដើម្បីឱ្យ Mobile App មួយក្លាយទៅ App ដែលពេញនិយមសម្រាប់អ្នកប្រើប្រាស់ហ្នឹង វាទាល់តែApp ហ្នឹងជាAppដែលងាយស្រួល សាមញ្ញប្រើប្រាស់។ ហើយការប្រើប្រាស់ទៅ វាមិនរអាក់រអួល។ App ដែលផលិតឡើងហ្នឹងមានការយកចិត្តទុកដាក់ និងគោរពសិទ្ធិសេរីភាព ជាពិសេសគឺឯកជនភាពរបស់អ្នកប្រើប្រាស់។ ចំណុចមួយទៀតគឺ App ហ្នឹងធានានូវសុវត្ថិភាពក៏ដូចជាសន្តិសុខដល់អ្នកប្រើប្រាស់»។
លោក ប៉ា ចន្ទរឿន ជឿថា ប្រសិនបើ CoolApp ដែលជាApp ដែលផលិតដោយអ្នកជំនាញខ្មែរនេះមានលក្ខណសម្បត្តិទាំងអស់នេះគ្រប់គ្រង មិនយូរមិនឆាប់ App នេះក៏អាចទាក់ទាញអ្នកប្រើប្រាស់បានច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក ហ៊ុន សែន លើកឡើងក្នុងបណ្តាញសង្គមនាថ្ងៃទី២១ មិថុនា ថា CoolApp មានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp។ CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនាញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT)។ កម្មវិធីទំនាក់ទំនងផ្ញើសារ ហៅថា ឆាត (Chat) របស់ CoolApp នេះបានចំណាយពេលជាង៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។
លោកសរសេរថា៖ «CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឱ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វីដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។ បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជាកម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ»។