
ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចឱ្យក្រសួងយុត្តិធម៌ ធ្វើការសិក្សាធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដោយបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពបទល្មើសនៃការបាញ់ប្រហារដ៏សាហាវ ដូចជាករណី ដែលប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា នាពេលថ្មីៗនេះ។
ការសម្រេចនេះធ្វើឡើងក្រោយពេលដែលប្រមុខរដ្ឋាភិបាលបានឃើញការបញ្ចេញមតិរបស់ពលរដ្ឋមួយរូប ដែលឆ្លើយតបទៅនឹងការបង្ហោះសារក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីនាថ្ងៃទី២៥ មិថុនា ដែលអំពាវនាវ ឱ្យតុលាការអនុវត្តច្បាប់លើអតីតឧកញ៉ាស្រី ស៊ីណា ឱ្យបានតឹងរ៉ឹងតាមច្បាប់។
លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា មានការបញ្ចេញយោបល់យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់លោកនោះ។ ក្នុងនោះលោកបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ។ យោបល់នោះគឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។
លោកនាយករដ្ឋមន្រ្តីបានសរសេរថា៖ «ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែលក្រសួងយុត្តិធម៌ បាននិងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ»។
លោកបានបន្ថែមដូច្នេះថា៖ «យើងមិនអាចផ្ដន្ទាទោស ជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ»។
គណនីហ្វេសប៊ុក Vongchan Reaksmeidara បានបញ្ចេញមតិថា ក្រមព្រហ្មទណ្ឌបច្ចុប្បន្នមានចន្លោះប្រហោងដ៏ធំមួយ ដែលចាំបាច់ត្រូវកែប្រែ និងធ្វើបច្ចុប្បន្នភាព ពិសេសគឺចាប់ពីមាត្រា១៩៩ ដល់២០៥។
គណនីហ្វេសប៊ុកបានសរសេរថា៖«ខ្ញុំយល់ថា ចន្លោះប្រហោងនោះគឺជាឧបសគ្គនៅក្នុងការផ្តល់យុត្តិធម៌ជូនរាស្ត្រ និងជាឧបសគ្គនៅក្នុងការអនុវត្តច្បាប់ ជាពិសេស ក្នុងសំណុំរឿងព្រហ្មទណ្ឌ»។
អតីតឧកញ៉ា ស្រី ស៊ីណា បានដកកាំភ្លើងបាញ់មនុស្សដូចបាញ់សត្វ ដែលបាញ់មនុស្សម្នាក់ហើយ បាញ់មនុស្សម្នាក់ទៀត។ ទោះឃើញជនរងគ្រោះបានដួលហូរឈាមនៅនឹងមុខហើយក៏ដោយ ក៏ជនល្មើសអត់តក់ស្លុតនោះទេ ហើយក៏មិនបានបញ្ឈប់សកម្មភាពបាញ់នោះដែរ។ ផ្ទុយទៅវិញ ជនល្មើស នៅរកមើលអ្នក ដែលត្រូវបានបាញ់ដួលទៅហើយនោះ ដើម្បីបាញ់បន្ថែមទៀត ដោយពុំមានចិត្តស្តាយស្រណោះចំពោះជីវិតមនុស្ស និងហាក់ពុំមានអារម្មណ៍ស្តាយក្រោយចំពោះទង្វើរបស់ខ្លួនសោះ។ ឥរិយាបថនេះបង្ហាញថាគាត់គ្មានមនុស្សធម៌ទេ។
គណនីហ្វេសប៊ុកដដែលបានលើកឡើងថា ដោយហេតុថា គ្មានច្បាប់ចែងឱ្យ មានស្ថានទម្ងន់ទោស ចន្លោះប្រហោងនៅក្នុងច្បាប់ព្រហ្មទណ្ឌនៅក្នុងករណីនេះ បាននិងកំពុងតែអនុញ្ញាតឱ្យបុគ្គល ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្ម នៅក្នុងបទល្មើសជាក់ស្តែងនាពេលថ្មីៗនេះ អាចគេចចេញពីទំហំទណ្ឌកម្មដែលគាត់គួរទទួល។ ព្រោះថា បើផ្អែកលើឥរិយាបថទណ្ឌកម្មព្រហ្មទណ្ឌដូចជាមិនសមទៅនឹងកំហុស និងឥរិយាបថជនល្មើសទេ និងបានផ្តល់ឱកាសឱ្យបុគ្គលនោះកេងប្រវ័ញ្ចពីចន្លោះប្រហោងនៅក្នុងច្បាប់។
ក្រសួងយុត្តិធម៌ នាថ្ងៃពុធទី ២៦ ខែមិថុនា ស្អែកនេះ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយទាក់ទងទៅនឹងឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណានេះផងដែរ។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបំបែកសំណុំរឿងឃាតកម្មនេះជា ២ផ្នែក។ សំណុំរឿងទី១ បានចោទប្រកាន់ជនល្មើសពីបទឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ សំណុំរឿងទី២ បានចោទប្រកាន់ពីបទ ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
បទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ អាចជាប់ទោសដាក់ពន្ធនាគារពី១០ ឆ្នាំទៅ១៥ ឆ្នាំ, បទប៉ុនប៉ងឃាតកម្មតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ អាចជាប់ទោសដាក់ពន្ធនាគារពី១០ ឆ្នាំទៅ១៥ឆ្នាំ និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ៕