ភ្នំពេញៈ ខេត្តចំនួន ៨ ត្រូវបានផ្លាស់ប្ដូរអភិបាលខេត្ត ដោយក្នុងនោះអភិបាលខេត្តចំនួន៤រូបត្រូវបានផ្ទេរពីខេត្តផ្សេង និង៤រូបទៀតត្រូវបានតែងតាំងជាអភិបាលខេត្តថ្មី ខណៈអភិបាលខេត្ត៤រូបផ្សេងទៀតត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ខេត្តទាំង ៨ នោះរួមមាន ខេត្តស្ទឹងត្រែង ឧត្តរមានជ័យ ព្រះសីហនុ កំពង់ធំ តាកែវ កំពង់ស្ពឺ កណ្តាល និងត្បូងឃ្មុំ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ មិថុនា បានឱ្យដឹងថា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរទៅជំនួសលោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំត្រូវបានផ្ទេរទៅជំនួសលោក វ៉ី សំណាង។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេរជំនួសលោក គង់ សោភ័ណ អភិបាលខេត្តកណ្តាលដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យត្រូវបានផ្ទេរជំនួសលោក ជាម ច័ន្ទសោភ័ណ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ។ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាអភិបាលខេត្តស្ទឹងត្រែង ជំនួសលោក ស្វាយ សំអ៊ាង ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះសីហនុ។ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ធំ ជំនួសលោក ងួន រតនៈ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា រដ្ឋាភិបាលត្រូវតែហ៊ានធ្វើកំណែទម្រង់នូវរដ្ឋបាលដែនដី។ ប្រសិនបើអភិបាលខេត្ត ឬអភិបាលស្រុករូបណាសកម្ម និងបំពេញការងារល្អ គាត់គួរតែត្រូវបានផ្តល់ «ឥស្សរភាព» និងឱកាសក្នុងការកាន់តួនាទីឱ្យកាន់តែប្រសើរ ឬអាចឱ្យគាត់ធ្វើជាគំរូនៃការគ្រប់គ្រងខេត្តរបស់គាត់ ដោយស្ទើរតែមិនចាំបាច់ផ្លាស់ប្ដូរគាត់ទៅកាន់កន្លែងផ្សេង។
លោកថ្លែងថា៖ «ឧទាហរណ៍ថា គាត់គ្រប់គ្រងខេត្តមួយល្អ អ៊ីចឹងឱ្យគាត់ធ្វើឱ្យកាន់តែល្អ ដើម្បីជា Model [គំរូ] ទៅដល់ខេត្តផ្សេងទៅទៀត។ ខ្ញុំគិតថា នីតិកាលទី៧នេះគួរតែហ៊ានធ្វើបែបហ្នឹងហើយ»។
លោក យង់ ពៅ បន្ថែមថា៖ «គ្រាន់តែខ្ញុំសំណូមពរថា បើឃើញការដឹកនាំល្អ គួរតែផ្តល់ឱ្យភាពជាគំរូសម្រាប់អ្នកដឹកនាំផ្សេងទៀត។ បើអ្នកដឹកនាំមិនល្អ មិនមានវឌ្ឍនភាពគួរតែសម្រួលភារកិច្ច។ គួរហ៊ានធ្វើអ៊ីចឹង»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា ការផ្លាស់ប្ដូរអភិបាលខេត្តនេះជាដំណើរការនៃការអនុវត្តបែបបទរដ្ឋបាលដែលបានកំណត់នៅក្នុងការផ្លាស់ប្តូរអ្នកដឹកនាំខេត្ត ឬស្រុក ជាពិសេសអភិបាល និងអភិបាលរងខេត្ត ឬស្រុក៕