ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានចំនួនអាសនៈក្រុមប្រឹក្សារាជធានី ខេត្តច្រើនលើសលប់ចំនួន៥០៤ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ៤៧អាសនៈក្នុងចំណោមអាសនៈសរុបចំនួន៥៥៩ នៅក្នុងការឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានប្រព្រឹត្តទៅកាលពីប្រមាណជាង១សប្តាហ៍មុន។ នេះបើយោងតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គ.ជ.ប បានប្រកាសនាថ្ងៃទី៤ មិថុនា ថា ចំនួនអ្នកបោះឆ្នោតជាង ៩៩,៧ ភាគរយដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឬស្មើនឹងចំនួន ១១ ៥៩៨ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ១១ ៦២២ នាក់ បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើកទី៤ កាលពីថ្ងៃទី២៦ ឧសភា ដែលមាន២០៩ការិយាល័យបោះឆ្នោត និងមានគណបក្សចំនួន៥បានចូលរួមប្រកួតប្រជែង។
លទ្ធផលផ្លូវការបង្ហាញថា CPP ទទួលបានអាសនៈក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌចំនួន៣ ២៥៧ ក្នុងចំណោមអាសនៈសរុប៣ ៦៤១។ គណបក្សឆន្ទៈខ្មែរទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្តចំនួន៤៧ ដែលក្នុងនោះរាជធានីភ្នំពេញមាន២អាសនៈ និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌចំនួន៣១២។ គណបក្សកម្លាំងជាតិទទួលបាន៨អាសនៈសម្រាប់ក្រុមប្រឹក្សាខេត្ត និង៦៩អាសនៈសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុកក្នុងខេត្តចំនួន៩។
គណបក្សហ៊្វុនស៊ិនប៉ិចមិនទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត នោះទេ តែទទួលបាន២អាសនៈក្រុមប្រឹក្សាក្រុង ស្រុក ក្នុងខេត្តកំពង់ធំ។ គណបក្សខ្មែររួបរួមជាតិក៏មិនទទួលបានអាសនៈក្រុមប្រឹក្សាខេត្តដែរ តែទទួលបាន១អាសនៈក្រុមប្រឹក្សាស្រុកក្នុងខេត្តបន្ទាយមានជ័យ។
អាសនៈក្រុមប្រឹក្សារាជធានីមានចំនួន២៧ ខណៈខេត្តមានចន្លោះពី១៥អាសនៈដល់២៧អាសនៈ។
ខេត្តដែលមានអាសនៈច្រើនជាងគេមាន៧ខេត្តគឺខេត្តបាត់ដំបង កំពង់ចាម កណ្ដាល ភ្នំពេញ ព្រៃវែង សៀមរាប តាកែវ ដែលខេត្តនីមួយៗមាន២៧អាសនៈ។ ខេត្តដែលមានអាសនៈតិចជាងគេមាន៣ខេត្ត គឺខេត្តមណ្ឌលគិរី កែប និងប៉ៃលិន ដែលខេត្តនីមួយៗមាន១៥អាសនៈ។
CPP បានចេញសេចក្ដីថ្លែងការណ៍នាថ្ងៃទី៤ មិថុនា ទទួលយកលទ្ធផលបោះឆ្នោតផ្លូវការនេះ ដោយបញ្ជាក់ថា៖ «លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជា តាមរយៈសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងរបស់ខ្លួននៅគ្រប់មូលដ្ឋានក្នុងការបន្តជំរុញឱ្យបានកាន់តែខ្លាំងក្លាឡើងនូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន»៕