ភ្នំពេញៈ កម្មករ​ក្នុង​វិស័យ​សំណង់​ប្រមាណ​ជា ៩៧​ភាគរយ​ខ្វះ​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​របប​សន្តិសុខ​សង្គម និង ការធានា​រ៉ាប់រង​សុខភាព ទោះបីជា​ពួកគេ​ភាគច្រើន​បាន​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​យ៉ាងណា​ក៏ដោយ។ នេះ​បើ​យោង​តាម​ស្ថិតិ​ថ្នាក់​ជាតិ​មួយ ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការ​លើក​កម្ពស់​ការងារ​សមរម្យ និង​ការ​ចុះ​បញ្ជី​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​នា​ថ្ងៃទី​៥ ខែ​មិថុនា​នេះ។ 

សិក្ខា​សាលា​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ដោយ​អង្គការ ILO ដើម្បី​ប្រមូល​ផ្តុំ​ត្រីភាគី ដូចជា​តំណាង​ពី​រាជរដ្ឋាភិបាល និយោជក អង្គការ វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ ដើម្បី​ផ្តល់​មតិ និង យោបល់​បន្ថែម​លើ​របាយការណ៍ ស្តីពី​ការ​វិនិច្ឆ័យ​លក្ខណៈ​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា។

ការ​ខ្វះ​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​របប​សន្តិសុខ​សង្គម និង​ការ​ធានា​រ៉ាប់រង​សុខភាព​នេះ​បាន​នឹង​កំពុង​តែ​បណ្តាល​ឱ្យ​កម្មករ​រាប់សែន​នាក់​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការ​បាត់បង់​ប្រាក់​ចំណូល ក្នុង​ករណី​ដែល​ពួកគេ​មាន​គ្រោះថ្នាក់​ការងារ ឬ​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ជាដើម។ 

សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការ​លើក​កម្ពស់​ការងារ​សមរម្យ និង ការ​ការពារ​សន្តិសុខ​សង្គម​ក្នុង​ចំណោម​កម្មករ​ក្នុង​វិស័យ​សំណង់​បាន​ពិភាក្សា​លើ​ការ​រក​ឃើញ​នៃ​ការ​សិក្សា​របស់​អង្កការ ILO ស្តីពី​ការ​វិនិច្ឆ័យ​លក្ខណៈ​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា។

អង្គការ ILO បាន​លើក​ឡើង​ថា ក្រុម​អ្នក​ចូលរួម​បាន​ផ្តល់​ជា​មតិយោបល់ និង អនុសាសន៍​ល្អៗ​ជាច្រើន ក្នុង​គោល​បំណង​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​សមរម្យ​សម្រាប់​កម្មករ​ក្នុង​វិស័យ​សំណង់។

ការ​លើក​កម្ពស់​ការ​ចុះ​បញ្ជី​ផ្លូវការ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា គឺ​នឹង​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ផងដែរ។ 

យោងតាម​លទ្ធផល នៃ​ការ​អង្កេត​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​ឆ្នាំ ២០១៩ បាន​ឱ្យ​ដឹង​ថា កម្មករ​ប្រមាណ ៤៧៩ ៧៨៣​នាក់ ជា​កម្មករ​នៅ​ក្នុង​អនុវិស័យ​សំណង់​អគារ។ ក្នុង​នោះ​មាន ១៩ ភាគរយ ជា​ស្ត្រី ហើយ​ពួកគេ​ប្រមាណ​ជា ៩៤​ភាគរយ​កំពុង​តែ​ធ្វើការ​នៅ​ក្នុង​លក្ខណៈ​ក្រៅ​ប្រព័ន្ធ។

ក្នុង​សិក្ខា​សាលា​នោះ​ក៏​មាន​ការ​លើក​ឡើង​ផងដែរ​ថា មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ក្នុង​វិស័យ​សំណង់ ដែលបញ្ហា​ធំ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ការ​ទទួល​បាន​ការ​គាំពារ​សង្គម។ ការ​ចូលរួម​ចំណែក​ក្នុង​ការងារ​នេះ​មិនមែន​សម្រាប់​តែកម្ពុជា​នោះ​ទេ តែ​សម្រាប់​ពិភពលោក​ផងដែរ ពិសេស​គឺ​ត្រូវ​ធ្វើ​កិច្ចការ​ជាច្រើន​បន្ថែម​ទៀត​ជូន​ដល់​កម្មការ​ឱ្យ​ទទួល​បាន​កិច្ច​គាំពារ​សង្គម ការ​អភិវឌ្ឍន៍​សមត្ថភាព​បច្ចេស ហើយ​នឹង​លើក​កម្ពស់​ជីវភាព​សម្រាប់​ពួកគាត់។ 

លោក នាក់ ហេង ប្រធាន​សមាគម​ដឹក​ជញ្ជូន និង​ការងារ​ក្រៅ​ប្រព័ន្ធ​បាន​កត់​សម្គាល់​ឃើញ​ថា កម្មរ​សំណង់​បរទេស​ដែល​ធ្វើការ​ស្ថាបនា​គម្រោង​ជាច្រើន​នៅ​កម្ពុជា​មាន​ការ​ធានា​រ៉ាប់រង​សុខភាព តែ​កម្មករ​ខ្មែរ​វិញ​អត់​មាន​នោះ​ទេ សូម្បី​តែ​ប័ណ្ណ ប ស ស។

លោក​បាន​ថ្លែង​ថា៖«នៅពេល​ដែល​អ្នក​វិនិយោគ​ដែល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ ទោះធ្វើ​តាម​គម្រោង​ក្តី ​ក៏​គួរ​កាត់​ផលចំណេញ​ណា​មួយ ដើម្បី​ជួយ​ដល់​ផ្នែក​សុខភាព​របស់​កម្មករ។ កម្មករ​សំណង់​ខ្លះធ្លាក់​ខ្លួន​ពិការ តែ​អត់​បាន​ទទួល​អី​ពី ប ស ស»។

អគ្គនាយករង​បេឡាជាតិ​សន្តិសុខ​សង្គម (ប.ស.ស) លោក ហេង សុផាន់ណារិទ្ធ មិន​អាច​ទាក់ទង​សុំអត្ថាធិប្បាយ​បានទេ​ទាក់ទង​នឹង​បញ្ហា​នេះ។ ទោះយ៉ាងណា តំណាង​មក​ពី​ក្រសួង​ការងារ​ម្នាក់​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​កម្មករ​ទទួល​បាន​ការ​ចុះ​បញ្ជី​មាន​បណ្ណ​ ប.ស.ស ហើយ​នោះ ពួកគេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ចំនួន​បីគឺ ការ​ធានា​លើ​គ្រោះថ្នាក់​ការងារ ការ​ថែទាំ​សុខភាព និង​ប្រាក់​សោធន។ 

នាពេល​បច្ចុប្បន​នេះ ក្រសួង​ការងារ​បាន​ចាប់​ផ្តើម​សម្រួល​នីតិវិធី​នៃ​ការ​ចុះបញ្ជី​តាម​អនឡាញ ដោយ​គ្រាន់តែ​ភ្ជាប់​អត្តសញ្ញាណ​ប័ណ្ណ លិខិត​ឆ្លងដែន ឬ​បញ្ជី​ពាណិជ្ជកម្ម របស់​ថៅកែ គឺ​អាច​ចុះ​បញ្ជី​បាន​ហើយ។ ចំពោះ​កម្មករ​និយោជិក​មិនចាំបាច់ មក​កាន់​ការិយាល័យ​ ប.ស.ស ដោយ​ផ្ទាល់​នោះ​ទេ ដោយ​គ្រាន់​តែ ថត​កាត​ការងារ និង​មុខ​របស់​គាត់​រួច​ផ្ញើ​ទៅ​ការិយាល័យ ប.ស.ស។ ប៉ុន្តែ​នៅ​ពេល​ទៅ​ទទួល​ប័ណ្ណ ប.ស.ស គឺ​ត្រូវ​ឱ្យ​ពួកគាត់​ស្កេន​ក្រយ៉ៅ​ដៃ។ ចំពោះ​ការ​បង់វិភាគ​ទាន​វិញ គឺ​អាច​ធ្វើ​តាម​ធនាគារ និង តាមអែប (APP) ទូរស័ព្ទ​ដៃ​ក៏​បានដែរ។ 

លោក​ថ្លែង​ថា៖ «អញ្ជឹងអ្វីៗ​ស្ទើតែ ១០០​ភាគរយ​តាម​អនឡាញ។ លើកលែង​តែ​កម្មករ​សំណង់ ជួន​កាល​សាម៉ី​ខ្លួន​គាត់ផ្ទាល់​អត់​មាន​អត្តសញ្ញាណ​ប័ណ្ណ ដែល​ជា​ប្រភព​នៃ​ការ​លំបាក។ ប្រសិនបើ​គាត់​មិនមាន​អត្តសញ្ញាណ​ប័ណ្ណ​ទេ យើង​អត់​អាច​ធ្វើ​ប័ណ្ណ ប.ស.ស ជូន​គាត់ទេ។ យើង​អត់​អាច​កំណត់​អត្តសញ្ញាណ​គាត់​បាន​ទេ។ ជួន​កាល​គាត់​មាន​ដែរ ​តែ​មិនប្រាប់ ដោយសារ​តែ​គាត់​អាច​មាន​បញ្ហា​នៅ​តំបន់​ផ្សេង»។

លោក ជី ផល្លា តំណាង​មក​ពី​ក្រុមហ៊ុន​សំណង់​អន្តរជាតិ (LBL) និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនាញ​កម្ពុជា​វិស័យ​សំណង់​បាន​លើក​ឡើង​ថា ដើម្បី​បង្កើន​ការ​ចុះ​ឈ្មោះ ប ស ស របស់​កម្មករ​សំណង់ គឺ​ទាមទា​ឱ្យ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត ការពង្រឹង​ការ​ចុះធ្វើ​អធិការរ​កិច្ច​នៅ​តាម​ក្រុមហ៊ុន និង ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​ក្រសួង​ពាក់ព័ន្ធ​ជាដើម។

ក្រៅពីនោះ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​កែលម្អ​នៅ​ការដ្ឋាន​សំណង់​តាម​រយៈការ​បណ្តុះ​បណ្តាល​បន្ថែម ការ​លើកកម្ពស់​សុវត្ថិភាព លើកទឹកចិត្ត​ឱ្យ​ក្រុម​ម៉ៅការ​សំណង់​ទិញ​សម្ភារៈ​សុវត្ថិភាព​សម្រាប់​កម្មករ​ជាដើម៕